បណ្តាញសង្គម

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតប្រចាំកម្ពុជា ពីវិធានការសុខាភិបាល និងការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដឹកនាំរៀបចំកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតប្រចាំកម្ពុជា ដើម្បីស្វែងយល់ច្បាស់ ពីវិធានកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសមកកាន់កម្ពុជា ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល ដែលមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកផងដែរ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការរបស់ក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា «នេះជាកិច្ចប្រជុំមួយដ៏មានសារៈសំខាន់ ដើម្បីពន្យល់ប្រាប់ដល់បណ្ដាស្ថានទូតប្រចាំកម្ពុជា ឲ្យបានជ្រាបច្បាស់លាស់ទៅលើវិធានការសុខាភិបាល ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ក្នុងការសម្រួលដល់មន្ដ្រីការទូត ជាពិសេសក្នុងការសហការរួមគ្នា ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ កុំឱ្យរីករាលដាលដល់សហគមន៍»។

លោកស្រី ឱ វណ្ណឌីន ថ្លែងបន្ដថា ការដាក់ចេញនូវការកែសម្រួលលើវិធានការសុខាភិបាល ដែលអនុវត្តចំពោះមន្ត្រីការទូត និងអង្គការដៃគូ ស្ថិតនៅក្នុងចង្កោមរបស់អង្គការសហប្រជាជាតិ កាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B នេះ ដើម្បីសម្របសម្រួលបន្ថែមទៀតឱ្យមានភាពកាន់តែល្អប្រសើរឡើង ក្នុងការធ្វើដំណើរចូលមកកម្ពុជា។

ប៉ុន្ដែចំពោះវិធានការសុខាភិបាលមួយចំនួនទៀត នៅតែបន្ដអនុវត្ដ គឺមកដល់កម្ពុជាភ្លាម ទោះមានលិខិតបញ្ជាក់គ្មានវិជ្ជមានកូវីដ១៩ ចំនួន៧២ម៉ោងក៏ដោយ ក៏តម្រូវតែធ្វើតេស្ដទាំងអស់ ដោយមិនលើកលែងនរណាម្នាក់ឡើយ ដោយគ្រាន់តែសម្រាប់មន្រ្ដីការទូត និងអង្គការដៃគូ ត្រូវបានរៀបចំកន្លែងយ៉ាងពិសេស ទាំងការធ្វើតេស្ដ និងការស្នាក់នៅរងចាំលទ្ធផលតេស្ដប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News