បណ្តាញសង្គម

ឯកឧត្តម ​កឹម សុខា​ បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​ នឹង​មនុស្ស​បីនាក់​ ដែល​ប៉ូលីស​អន្តរជាតិ​ កំពុង​តាម​ចាប់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ បានច្រានចោល ចំពោះការជាប់ពាក់ព័ន្ធនឹង មនុស្សបីនាក់ ដែលប៉ូលីសអន្តរជាតិ កំពុងតាមចាប់ខ្លួន។ ការច្រានចោល បានធ្វើឡើង ក្រោយពីសារព័ត៌មាន ក្នុងស្រុកជាច្រើនបានផ្សព្វផ្សាយពី ដំណឹងនៃការចាប់ខ្លួន ពលរដ្ឋខ្មែរ សញ្ជាតិអាមេរិក ទាំងបីរូប ដោយភ្ជាប់នឹងរូបថត របស់ឯកឧត្តម កឹម សុខា ផងដែរ។

មិនមែនមានតែ ឯកឧត្តម កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភានោះទេ ដែលបានច្រានចោល ចំពោះទំនាក់ទំនងរបស់ ឯកឧត្តម កឹម សុខា ជាមួយនឹងមនុស្សបីនាក់ ដែលប៉ូលីសអន្តរជាតិ កំពុងតាមរកចាប់ខ្លួននោះ សូម្បីតែ ឯកឧត្តម ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៍បានបញ្ជាក់ដែរថា ឯកឧត្តម កឹម សុខា នឹងមិនជាប់ពាក់ព័ន្ធ នោះទេ។ ប៉ុន្តែសំណួរ បានចោទឡើងថា តើការចុះផ្សាយ របស់សារព័ត៌មាន ដោយភ្ជាប់រូបភាព របស់ ឯកឧត្តម កឹម សុខា ទៅនឹងជនទាំងបីនាក់ថា បានធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តម កឹម សុខា ដែររឺយ៉ាងណា? ឯកឧត្តម ខៀវ សុភ័ក្រ បានបញ្ជាក់ថា មិនមែនជាបញ្ហានោះទេ បើគ្រាន់តែថតរូបភាពជាមួយគ្នានោះ។

គួររំលឹកជូនថា នៅព្រឹកថ្ងៃទី៣តុលានេះ កាសែតក្នុងស្រុកមួយ បានផ្សាយពីប៉ូលីស អាំងទែប៉ូល កំពុងតាមរក ចាប់ខ្លួនជនសង្ស័យ៣នាក់ដែលរស់នៅ សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការគំរាម សម្លាប់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និងការប្រមាថ ព្រះមហាក្សត្រ។ កាសែតនេះ បានផ្សាយថា ជនសង្ស័យទាំង៣នាក់ ដែលប៉ូលិសអាំងទែប៉ូល ស្វែងរកចាប់ខ្លួន គឺមានទំនាក់ទំនងជាមួយ ឯកឧត្តម កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា ពីព្រោះរាល់ពេលដែល ឯកឧត្តម កឹម សុខា ចេញទៅសហរដ្ឋអាមេរិក គឺជនសង្ស័យទាំង៣នាក់ តែងតែ មានការជួបជាមួយគ្នា។ ប៉ុន្តែឯកឧត្តម កឹម សុខា ដែលកំពុងជួប សំណេះសំណាល់ ជាមួយប្រជាពលរដ្ឋ នៅឯខេត្តពោធិ៍សាត់ នៅថ្ងៃ សុក្រនេះ បានប្រាប់វិទ្យុបារាំអន្តរជាតិ RFI ថា ឯកឧត្តម គ្មានទំនាក់ទំនង អ្វីជាមួយជនសង្ស័យ ទាំងបីនាក់នេះទេ។

ជាធម្មតានៅពេលឯកឧត្តម បំពេញទស្សនកិច្ចមិនថា នៅក្នុងស្រុក រឺក្រៅស្រុកនោះទេ តែងតែមានមនុស្ស ជាច្រើន បានសុំថតរូបជាមួយឯកឧត្តម។ ដូច្នេះ ការព្យាយាមយករូប ឯកឧត្តម ទៅភ្ជាប់ជាមួយ នឹងជនសង្ស័យទាំងបី គឺជារឿង ដ៍ខុសឆ្គងមួយ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ដែលប៉ូលីសអាំងទែប៉ូល កំពុងស្វែងរក ចាប់ខ្លួននោះ រួមមាន ទី១ ឈ្មោះ ម៉ៅ ឃឿន នៅរដ្ឋផេនស៊ីលវ៉ានៀ សហរដ្ឋអាមេរិក ទី២- ឈ្មោះ បូណា ប៊ុនផាត់ នៅរដ្ឋវ៉ាស៊ីនតោន និងទី៣-ឈ្មោះ យឿន សំរិទ្ធី នៅរដ្ឋចចជៀ (Georgia) សហរដ្ឋអាមេរិក៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ