បណ្តាញសង្គម

សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកា និងសម្ភារៈជាច្រើន ព្រមទាំងផ្តល់ងារ ជាវីរនារីកម្ពុជា ដល់ម្ចាស់មេដាយមាស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចប់ ការជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡាកម្ពុជា និងកញ្ញា ស៊ន សៀវម៉ី នៅវិមានសន្តិភាពហើយ ។

ចំណែកក្បួនរថយន្ត របស់សម្តេចតេជោ បានចាកចេញពី វិមានសន្តិភាពហើយដែរ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យ កីឡាការិនី ស៊ន សៀវម៉ី ជាប់សញ្ញាបត្របាក់ឌុប ដោយស្វ័យប្រវត្តិ និងផ្តល់អាហាររូបករណ៍, ម៉ូតូមួយគ្រឿង កុំព្យូទ័រ Apple មួយគ្រឿង និង iPad មួយគ្រឿង ព្រមទាំងផ្តល់ថវិកាប្រចាំឆ្នាំ ចំនួន១៥០០ដុល្លារ, ទឹកប្រាក់៥លានរៀល សម្រាប់ម្តាយ ស៊ន សៀវម៉ី, និងពិសេសនោះ សម្តេចបានបំពាក់ គ្រឿងឥស្សរយយស ថ្នាក់មហាសិរិវឌ្ឍន៍ នឹងចាត់ទុកថា ជាវីរនារីកម្ពុជា ស៊ន សៀវម៉ី។

សូមបញ្ជាក់ថា ជាការលើកទឹកចិត្ត ដល់កីឡាការិនី ដំបូងគេសម្រាប់ ប្រទេសកម្ពុជា ក្នុងអំឡុង ជាង៤០ឆ្នាំ នៃការចូលរួមប្រកួត កីឡាអាស៊ីហ្គេម នៅប្រទេសកូរ៉េខាងត្បូង ហើយទទួលបាន មេដាយមាស សម្រាប់កីឡា តៃក្វាន់ដូរនោះ កញ្ញា ស៊ន សៀវម៊ី ត្រូវបាន សម្តេចនាយករដ្ឋមន្រ្តី ឧបត្ថម្ភថវិកាផ្ទាល់ពីហៅប៉ៅ ចំនួន១ម៉ឺនដុល្លារ និង២ម៉ឺនដុល្លារ ទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ។