បណ្តាញសង្គម

កំណើន​សេដ្ឋកិច្ច ​របស់​កម្ពុជា ​នៅតែ​រក្សា​បាន​នូវ ​ភាព​រឹងមាំ ​ក្នុងកម្រិត​ ៧,២ ភាគរយ​

យោងតាមរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ច អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលបានចេញផ្សាយ នៅថ្ងៃទី០៦ ខែតុលា ដោយធនាគារ ពិភពលោក បានឲ្យដឹងថាបណ្តាប្រទេស កំពុងអភិវឌ្ឍ ជាច្រើននៅ ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមានកំណើនសេដ្ឋកិច្ច ទាបជាងមុន បន្តិចនៅក្នុងឆ្នាំនេះ ប៉ុន្តែបណ្តាប្រទេសកំពុង អភិវឌ្ឍនៅ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែជាតំបន់ ដែលកំពុងមាន ការរីកលូតលាស់ លឿនជាងគេ បំផុតនៅក្នុង ពិភពលោក។

របាយការណ៍នេះ បានសរសេរថា សេដ្ឋកិច្ចរបស់បណ្តា ប្រទេសកំពុងអភិវឌ្ឍ នៅក្នុងតំបន់ អាស៊ីបូព៌ា នឹងកើនឡើងត្រឹម ៦,៩ ភាគរយ នៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយបានថយចុះពី ៧,២ ភាគរយ ធៀបនឹងឆ្នាំ ២០១៣។ កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេស ចិន នឹងថយចុះបន្តិចមក នៅត្រឹម ៧,៤ភាគរយ នៅឆ្នាំនេះ និង ៧,២ ភាគរយ នៅឆ្នាំ ២០១៥ ស្របពេលដែល រដ្ឋាភិបាល ចិនព្យាយាមរក្សា សេដ្ឋកិច្ច របស់ខ្លួនឲ្យមាន និរន្តរភាព ជាងមុន តាមរយៈ ការអនុវត្ត នូវគោលនយោបាយ ឆ្លើយតប ទៅនឹងភាព ងាយរងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច និងការកំហិត នៃរចនាសម្ព័ន្ធ។

ដោយមិនរាប់ បញ្ចូលប្រទេសចិន កំណើនសេដ្ឋកិច្ច នៅក្នុងបណ្តាប្រទេស កំពុងអភិវឌ្ឍ នៅក្នុងតំបន់នេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅ ៤,៨ ភាគរយ នៅឆ្នាំនេះ មុននឹងកើន ឡើងវិញមកនៅ ៥,៣ ភាគរយនៅឆ្នាំ ២០១៥ ស្របពេលដែល ការនាំចេញមានការកើនឡើង និងកំណែទម្រង់ សេដ្ឋកិច្ច ក្នុងស្រុកមាន ភាពប្រសើរឡើង នៅក្នុងបណ្តា ប្រទេសនៅ តំបន់អាស៊ីអាគ្នេយ៍ ។

ដោយឡែក ប្រទេសកម្ពុជា របាយការណ៍នេះ បានបង្ហាញថា កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មានលំនឹងល្អ ទោះបីជាមានភាពមិនប្រាកដ ប្រជាជននៅក្នុងស្រុក និងអស្ថិរភាព នៅក្នុងបណ្តា ប្រទេសជិតខាងខ្លួនក្តី ។ កំណើនសេដ្ឋកិច្ច របស់កម្ពុជា ត្រូវបានគេព្យាករណ៍ ថានឹងកើនឡើង ដល់ ៧,២ ភាគរយ នៅក្នុងឆ្នាំ២០១៤ និង៧,៥ ភាគរយនៅក្នុង ឆ្នាំ២០១៥ ។

វិស័យកាត់ដេរ នៅតែជាក្បាលម៉ាស៊ីន ដ៏សំខាន់មួយ សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ច និងបន្ទាប់មក គឺមានវិស័យសំណង់ ។ អត្រានៃភាពក្រីក្រ បានបន្តធ្លាក់ ចុះដល់ ១៨,៦ ភាគរយ នៅក្នុងឆ្នាំ ២០១២ ក៏ប៉ុន្តែ ល្បឿននៃការកាត់ បន្ថយភាពក្រីក្រ បានថយចុះ ក្នុងចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១ នៅពេលដែលតម្លៃ អង្ករដែលបានកើនឡើង កាន់តែខ្ពស់ បានធ្វើឲ្យប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច ។

វិស័យធនាគារ មានស្ថិរភាព ដោយសារ វិនិយោគទុន ផ្ទាល់ពីបរទេស និងប្រាក់បញ្ញើ របស់វិស័យឯកជន មានការកើនឡើងខ្ពស់ ។ ក៏ប៉ុន្តែកំណើននេះ អាចនឹងជួបហានិភ័យ ប្រសិនបើកម្ពុជា ជួបនូវវិបត្តិការងារ ទឹកជំនន់ ការបន្តធ្លាក់ចុះ នៃតម្លៃស្រូវ និងអសន្តិសុខខាងនយោបាយ នៅក្នុងតំបន់ ដែលអាច នឹងកើតមានឡើង ។

លោក អាឡាសាន សូ ប្រធានគ្រប់គ្រង ធនាគារពិភពលោក បានមានប្រសាសន៍ថា “កម្ពុជាកំពុងតែ រីករាយក្នុងការ ទទួលបាននូវកំណើនសេដ្ឋកិច្ចល្អ សម្រាប់រយៈ ពេលមួយឆ្នាំទៀត ដោយសារស្ថានភាព សេដ្ឋកិច្ចសាកល លោកដែលបាន វិលត្រឡប់មកភាពល្អប្រសើរវិញ ។ កំណើនដ៏រឹងមាំនេះ នឹងជួយកម្ពុជា ឲ្យសម្រេចបាន គោលដៅ របស់ខ្លួនក្នុងការ បន្តកាន់បន្ថយ ភាពក្រីក្រ និងលើកកម្ពស់វិបុលភាព ” ។

លោក អេនរិច អាល់ដាហ្ស ការ៉ូល សេដ្ឋកិច្ចវិទូ ជាន់ខ្ពស់ ប្រចាំប្រទេស បានមានប្រសាសន៍ថា “ កម្ពុជាបានចូលរួមក្នុង ក្រុមបណ្តាប្រទេស ដែលមានកំណើនខ្ពស់ ។ ជាមួយនឹងការ ទទួលបាននូវ កំណើនជាមធ្យម ប្រចាំឆ្នាំ ៧,៧ ភាគរយ សម្រាប់រយៈពេល ពីរទសវត្ស ក្នុងពេលនេះ បច្ចុប្បន្នកម្ពុជា គឺជាប្រទេសទី៦ ដែលមានកំណើន លឿនជាងគេបំផុត នៅក្នុងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៣ដល់ ២០១៣ ។

អត្រាកំណើន ដែលកាន់តែ ទាបជាងមុន ចាប់តាំងពី មានវិបត្តិហិរញ្ញវត្ថុ សាកលលោកមក បានប្រប៉ាន់ ថា កម្ពុជាកំពុងសម្លឹងរកមើល វិធីផ្សេងៗ ដើម្បីបន្តគាំទ្រដល់ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដើម្បីជួយសម្រេច គោលបំណងរបស់ខ្លួន”។

របាយការណ៍ នេះ បានឲ្យដឹងដែរថា បញ្ហាប្រឈម ដែលសំខាន់ គឺត្រូវធ្វើយ៉ាងណា ដើម្បីជំរុញវិស័យ កសិកម្ម ទេសចរណ៍ និងផលិតកម្ម ។ វិធានការនានាដូចជា ការបង្កើនវិនិយោគ ទុនសាធារណៈ លើសេវាកម្មផ្តល់ យោបល់ផ្នែក កសិកម្ម ការបណ្តុះគ្រាប់ពូជ និងហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ អាចបង្កើនផលិតភាព នៃវិស័យកសិកម្មបាន។ ក្រុមហ៊ុននានា អាចទទួលបាន អត្ថប្រយោជន៍ ពីការលុបបំបាត់ចោល នូវកត្តារារាំងសំខាន់ៗ នានា ដូចជា តម្លៃអគ្គិសនីខ្ពស់ និងប្រព័ន្ធដែលគ្មានលក្ខណៈ ប្រកួតប្រជែង ៕

M06-10-14-y-full

ដកស្រង់ពី៖ កម្ពុជាថ្មី