បណ្តាញសង្គម

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ អំពីស្ថានភាពនៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ១៩ ក៏ដូចជាសញ្ញាណវិជ្ជមាន នៃភាពល្អប្រសើរឡើងវិញ ដោយសារការកើនឡើងនៃចំនួនអ្នកទេសចរក្នុងស្រុក ជាពិសេសអំឡុងពេលឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំកន្លងមកនេះ។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីតំណាងក្រសួងទេសចរណ៍ ដឹកនាំដោយលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ៕

ដកស្រង់ពី៖ Fresh News