Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ​បាន​ប្រទះ​ឃើញ​នៅ​ខាងត្បូង​នៃ​ប្រាសាទ​បា​យ័ន្ត

  • បោះពុម្ព

ខេត្តសៀមរាប ៖ ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់បានប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន្ត ។

ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេ ដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ ។

តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃ និងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ ។

ទម្រង់កាយវិការនោះព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី ។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ ។

ការសន្និដ្ឋានជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផលដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គ ដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន្ត រួមមានព្រះអង្គឥន្ទ្រទេព និងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ ហើយស្ថិតនៅក្នុងកាយវិការភូមិស្បស៌មុទ្រាដូចគ្នា ។

រីឯនៅបរិវេណដែលរកឃើញចម្លាក់នោះ គឺទំនងជាសំណង់ខឿនព្រះពុទ្ធសាសនា ត្បិតយើងឃើញមានថ្មសីមាមួយចំនួនផងដែរ ។

យ៉ាងណាមិញ តាមការស្រាវជ្រាវ និងរូបថតពីលើអាកាសដែលថតដោយបច្ចេកវិទ្យា LiDAR ក៏បានរកឃើញស្លាកស្នាមទីតាំងមនុស្សរស់នៅជាច្រើននៅក្នុងបរិវេណក្រុងអង្គរធំ ហើយសំណង់ទាំងនោះក៏រួមមាន ខឿនពុទ្ធសានាជាច្រើនកន្លែង ដែលសង់ពីថ្មភក់ និងថ្មបាយក្រៀមនៅបរិវេណនោះ ។

បច្ចុប្បន្នចម្លាក់ប្រអប់ព្រះហស្ថនេះ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ

បានសហការណ៍ជាមួយស្ថាបន័មានសមត្ថកិច្ចនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ព្រមទាំងមន្ត្រីអភិរក្សប្រាសាទ បានធ្វើកំណត់ហេតុប្រគល់ទទួល និងដឹកយកទៅរក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីចុះបញ្ជី និងរក្សាទុករង់ចាំការជួសជុលនៅថ្ងៃអនាគត៕

ដកស្រង់ពី៖ កោះសន្តិភាព