បណ្តាញសង្គម

​លោក​​វេ​ង សា​ខុន សន្យា​ជួយ​បង្រៀន​​​របៀប​​ចិញ្ចឹម​កង្កែប ដើម្បី​បង្កើន​ជីវភាព​ពលរដ្ឋ​ក្នុង​ដំណាក់កាល​កូ​វី​ដ

ខេត្តកំពង់ចាម ៖ស្នាក់ការគណបក្សប្រជាជនកម្ពុជានឹងត្រូវបង្កើតឡើងក្នុងពេលខាងមុខឲ្យបានគ្រប់ទាំង១៥ឃុំ នៅក្នុងស្រុកកំពង់សៀម នេះជាប្រសាសន៍របស់លោកវេង សាខុន សមាជិកគណៈកម្មាធិការកណ្ដាលអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ស្រុកកំពង់សៀមខេត្តកំពង់ចាមនិងស្រុកតំបែរខេត្តត្បូងឃ្មុំ ថ្លែងកាលពីព្រឹកថ្ងៃទី៥ កញ្ញា ឆ្នាំ២០២០ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយបានចំណាយថវិកាប្រមាណជាង៤ម៉ឺនដុល្លារ ។

ជាមួយនោះដែរ លោកក៏បានសន្យាឲ្យក្រុមការងារចុះបង្រៀនពីរបៀបចិញ្ចឹមកង្កែបនិងបច្ចេកទេសផ្សេងទៀត ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ជនបទ។ លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមានប្រសាសន៍ឲ្យដឹងថា អគារសាងសង់អំពីបេតុងប្រក់ក្បឿងជាសមិទ្ធិផលថ្មីមួយរបស់គណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលកន្លងមក ដោយបានដឹកនាំកសាងដោយលោកវេង សាខុន ដែលបានចំណាយថវិកាផ្ទាល់ខ្លួននិងមួយផ្នែកទៀត គៀងគរពីសប្បុរសជនមកកសាង។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ កញ្ញា អគារសាងសង់ពីបេតុងប្រក់ក្បឿងរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរស្វាយ ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលបានដឹកនាំកសាងដោយលោកអ៊ុក សាវុធ និងមានការបរិច្ចាគដីពីលោកឧត្តមសេនីយ៍ត្រីសោ សាវឿនផងដែរ។

លោកអ៊ុន ចាន់ដា មានប្រសាសន៍បន្តថានៅពេលដែលទទួលបានសមិទ្ធផលថ្មីស្រឡាងនេះហើយប្រធានគណបក្សឃុំនៅមូលដ្ឋាននិងសហការីត្រូវតែនាំគ្នាខិតខំថែរក្សា ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែងទៅថ្ងៃអនាគត។

គួររំលឹកថាក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ កន្លងទៅ ប្រជាជនបាននាំគ្នាបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជោគជ័យនិងមិនមានការបង្ខិតបង្ខំណាមួយនោះទេ។

និយាយដោយឡែកយុវជន ដែលមានអាយុគ្រប់បោះឆ្នោតសូមឱ្យកម្លាំងនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យពួកគាត់ មានការជឿទុកចិត្តមកលើគណបក្សប្រជាជន ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅក្នុងឆ្នាំ២០២២និង ២០២៣ខាងមុខ ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោសែន ជានាយករដ្ឋមន្ត្រីបន្តទៅទៀត។

លោកវេង សាខុន មានប្រសាសន៍ឱ្យដឹងដែលថា នៅក្នុងអំឡុងឆ្នាំ ១៩៩៨ គ្រាដែលប្រទេសកម្ពុជាមានសុខសន្តិភាពពាសពេញផ្ទៃប្រទេស រូបលោកត្រូវបានថ្នាក់លើចាប់ឲ្យបម្រើការងារជូនគណបក្សប្រជាជនកម្ពុជានៅស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រៅពីការងារពង្រឹងនៅមូលដ្ឋានកត្រៀមអំណោយសម្រាប់ចែកជូនដល់ចាស់ជរាគ្មានទីពឹង នៅស្រុកទាំងបីក្នុងអំឡុងពេល ដែលកំពុងតែកើតឡើងនៃជម្ងឺ covid-19នៅកម្ពុជា។ លោកវេង សាខុន មានប្រសាសន៍បន្តថារហូតដល់ដំណាច់ឆ្នាំ ២០២១ខាងមុខនេះស្នាក់ការគណបក្សប្រជាជនកម្ពុជានឹងត្រូវបង្កើតឡើងឲ្យបានទាំង១៥ឃុំនៅក្នុងស្រុកកំពង់សៀម ដើម្បីឲ្យមន្ត្រីនៅមូលដ្ឋានងាយស្រួលបំពេញការងារ។

ដោយសារតែជំងឺ covidបានធ្វើឱ្យប្រទេសកម្ពុជាផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ នេះបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចមានការធ្លាក់ចុះប្រមាណ 1% ជាមួយនោះសម្ដេចតេជោសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក៏បានត្រៀមនូវលក្ខណៈសម្បត្តិសព្វបែបយ៉ាង ដើម្បីធ្វើការដោះស្រាយមិនឲ្យមានបញ្ហាចោទឡើងនោះទេ។

លោកបានបន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សៀម នឹងចាត់ឲ្យមន្ត្រីជំនាញកសិកម្មជួយបង្រៀនដល់កសិករពីលក្ខណៈបច្ចេកទេសនៃការចិញ្ចឹមកង្កែប និងជំនាញផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕

ដកស្រង់ពី៖ កោះសន្តិភាព