Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សត្វ​រមាំង​ចំនួន​៤​ក្បាល ដែល​គេ​ថត​បានជា​លើក​ដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ

  • បោះពុម្ព

ខេត្តក្រចេះ ៖ ក្រសួងបរិស្ថានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាងចំពោះការរកឃើញវត្តមានសត្វរមាំង (Rucervus eldii) ចំនួន៤ក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។

វត្តមាននៃសត្វរមាំងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បានបញ្ជាក់ថា ពីប្រសិទ្ធភាពនៃការ ការពារ និងអភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិជាពិសេសការបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។

លោកថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិសត្វព្រៃឱ្យបានគង់វង្ស។

ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វរមាំងទាំងនេះដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការពារ និងអភិរក្សតំបន់ការពារធម្មជាតិដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវ និងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិដែលបានកើតឡើង។

នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ ករណី។

ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមានដែល សមត្ដិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាប និងទប់ស្កាត់បន្តទៀត។

ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ សន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុអាចបានខ្ពស់ជាងនេះ អាស្រ័យទៅលើការសិក្សាស្រាវជ្រាវ។

ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។

នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនិកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ។

លោក សេង ទៀក នាយក អង្គការ WWF-កម្ពុជា បានមានប្រ សាសន៍ថា៖ ‌រូបភាពដ៏កម្រនៃសត្វរមាំងទាំង នេះជាភស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សរបស់យើង ហើយដែលនាំមកនូវក្តីសង្ឃឹមក្នុងការការ ពារ ប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់‍‍» ។

ក្រៅពីសត្វ រមាំង ម៉ាស៊ីនថតស្វ័យប្រវិត្ត ក៏ ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។

របាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថាចំនួនសត្វរមាំងមាននៅរាយប៉ាយក្នុងសកលលោក ហើយគេបាន ប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង ៧០០ ក្បាល ហើយក្នុងនោះ ចំនួនសត្វរមាំងមាននៅសេសសល់តិចតួចប៉ុណ្ណោះ កំពុងរស់នៅក្នុងតំបន់ព្រៃការពារនានាក្នុងប្រទេសកម្ពុជា។

អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ដើម្បីគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ ដែលនៅទីនោះការបាត់បង់ទី ជម្រក និងការបរបាញ់សត្វព្រៃសម្រាប់យកសាច់ និងសម្រាប់ការជួញដូរសុទ្ធសឹងជាកត្តាគំរាមកំហែងចំបងៗ ទៅលើធនធានធម្មជាតិ និងការរស់រានរបស់សត្វព្រៃ៕

ដកស្រង់ពី៖ Fresh News