Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាគាំទ្រសំណើកូរ៉េក្នុងការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

  • បោះពុម្ព

ភ្នំពេញៈ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការស្វាគមន៍ និងការគាំទ្រយ៉ាងពេញទំហឹង របស់កម្ពុជា ចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការតម្លើង កម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះស្របទៅ នឹងគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំមុន ក្នុងការតម្លើង កម្រិតយន្តការនៃកិច្ចប្រជុំនេះ ទៅដល់កម្រិតកិច្ចប្រជុំកំពូល។

ការបង្ហាញជំហរនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០ តាម ប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូស បញ្ជាក់អំពីការបញ្ចប់ដោយជោគជ័យនៃគម្រោង «ការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក នៅលើដងទន្លេមេគង្គភ្ជាប់ទៅនឹងបឹងទន្លេសាប»។

បន្ថែមពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌របស់ សាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ ៣០០.០០០ ដុល្លារអាមេរិក ក្នុងនោះ រួមមានបរិក្ខារវេជ្ជសាស្ត្រសម្រាប់ កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងនៅក្នុងអង្គប្រជុំថា «ផ្អែកលើលក្ខណៈសម្បត្តិយ៉ាងជាក់ស្តែង យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរួមចំណែក និងការយកចិត្តទុកដាក់ជាចម្បងលើការអភិវឌ្ឍនៅក្នុងតំបន់មេគង្គ និងការសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ដែលជា វិសាលភាពដ៏ធំធេងនៅក្នុងក្របខ័ណ្ឌនេះ។

ដោយ ផ្តោតលើនិរន្តរភាពដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការរបស់យើង ខ្ញុំមានទស្សនៈថា ជំនួយអភិវឌ្ឍន៍ គ្រាន់តែជាផ្នែកមួយនៃរឿងប៉ុណ្ណោះ។

ក្នុងអំឡុងពេលនៃការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយការយកឈ្នះ ជំងឺរាតត្បាតកូវីដ-១៩ ភាពធន់នៃប្រជាជាតិរបស់យើង គឺពឹងផ្អែកលើសមត្ថភាព របស់រដ្ឋាភិបាល រៀងៗខ្លួន ដើម្បីជំរុញសេដ្ឋ កិច្ចរបស់យើងតាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

នេះជាអ្វី ដែលខ្ញុំរំពឹងថា ការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន នឹងជំរុញកាលានុវត្តភាពអាជីវកម្ម និងវិនិយោគថ្មីៗ ក្នុងការបង្កើតសក្ដានុពលការងារថ្មីៗ សមស្របទៅតាមបរិបទក្រោយការ យកឈ្នះ ជំងឺ រាតត្បាត កូវីដ-១៩»។

រដ្ឋមន្រ្តីនៃបណ្តាប្រទេសមេគង្គ បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតពីការគាំទ្រយ៉ាងមុតមាំចំពោះ «គោល នយោបាយភាគខាងត្បូងថ្មី» របស់សាធារណរដ្ឋកូរ៉េ ដោយផ្អែកលើ សសរស្តម្ភបី គឺ ប្រជាជន វិបុលភាព និងសន្តិភាព ដូចមានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន។

រដ្ឋមន្ត្រី ការបរទេសទាំងអស់ បានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងវិស័យ ឯកជន និងវិស័យ សាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាពនៅក្នុងតំបន់ និងបាន ចែក រំលែក នូវទស្សនៈថា វេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាធុរកិច្ចមេគង្គ-សាធាណរដ្ឋកូរ៉េ បានពង្រឹងនូវចំណងទំនាក់ទំនងសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសមេគង្គ។

លើសពីនេះ លោកជំទាវ កាង ក្យុងវ៉ា បានប្រកាសនៅក្នុងកិច្ចប្រជុំ អំពីសំណើរបស់សាធារណរដ្ឋកូរ៉េក្នុងការតម្លើង កម្រិតនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

កិច្ចប្រជុំបានគូសបញ្ជាក់សារជាថ្មីពីតួនាទីសំខាន់នៃភាពជាដៃគូមេគង្គ-សាធារណរដ្ឋកូរ៉េ ក្នុងការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេសអាស៊ាន និងក្នុងការសម្រេចបាននូវ «ចក្ខុវិស័យ សហគមន៍ អាស៊ានឆ្នាំ២០២៥»។

កិច្ចប្រជុំនេះ បានអនុម័តលើឯកសារគោលចំនួន០២គឺ (១) «សេចក្ដីប្រកាសសហប្រធាននៃ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១០» និង (២) «ផែនការសកម្មភាពឆ្នាំ ២០២១- ២០២៥ ស្ដីពីកិច្ច សហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ការអនុវត្តនូវសេចក្ដី ថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន» ៕

ដកស្រង់ពី៖ រស្មីកម្ពុជា