Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរមូលដ្ឋានកម្ពុជា-ឡាវ ប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការល្អ ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋរស់នៅតាមព្រំដែន

  • បោះពុម្ព

(ព្រះវិហារ)៖ អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហាររបស់កម្ពុជា និងអាជ្ញាធរស្រុកខូង ខេត្តចំប៉ាសាក់ របស់ប្រទេសឡាវ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការរឹតចំណងទំនាក់ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន។

ការប្តេជ្ញាចិត្តរួមគ្នាបែបនេះ របស់អាជ្ញាធរស្រុកជាប់ព្រំដែនទាំងពីរ កម្ពុជា-ឡាវ បានធ្វើឡើង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នាឱកាសដែលភាគីកម្ពុជាដឹកនាំដោយ លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប

ខេត្តព្រះវិហារ បានជួបពិភាក្សាការងារជាមួយលោកស្រី ឌិត ធីសាក់ខាំភូ អភិបាលស្រុកខូង ខេត្តចំប៉ាសាក់ របស់ប្រទេសឡាវ ស្ថិតក្នុងសាលប្រជុំអនុវិទ្យាលយ័កំពង់ស្រឡៅ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានថ្លែងថា ស្រុកឆែបនិងស្រុកខូង បានអាក់ខានការជួបប្រជុំពិភាក្សាគ្នាអស់រយៈពេល២ ឬ៣ខែមកហើយ។

ដោយឡែកកិច្ចប្រជុំនៅពេលនេះ គឺផ្តោតសំខាន់ទៅលើការរឹតបណ្តឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកខូង ខេត្តចំប៉ាសាក់ របស់ឡាវ ក៏ដូចជាពិភាក្សាដោះស្រាយបញ្ហាប្រឈម ដែលបានកើតឡើងនៅតាមបណ្តោយព្រំដែននៃស្រុកទាំងពីរ។

លោក សុខ សាន្តតារ៉ា បានលើកឡើងថា ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែននៃស្រុកទាំងពី រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ដែលតែងតែរាប់អានគ្នាជាបងប្អូនតាំពីយូរណាស់មកហើយនោះ លោកក៏ស្នើឱ្យភាគីស្រុកខូង ត្រូវពិភាក្សារកដំណោះស្រាយមួយចំនួនដែលកើតកន្លងមកដើម្បីធ្វើយ៉ាងណាកុំឱ្យបញ្ហានោះក្លាយជាដំបៅអូសបន្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរបស់ស្រុកជាប់ព្រំដែនកម្ពុជា-ឡាវ។

ទន្ទឹមនឹងនេះដែរ លោកអភិបាលស្រុកឆែប បានឱ្យដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនស្រុកទាំង២ មិនទាន់អនុវត្តច្បាប់បាន១០០ភាគរយ នៅឡើយទេ ពាក់ព័ន្ធនឹងការឆ្លងដែនពីកម្ពុជាទៅឡាវ ក៏ដូចជាពីឡាវមកកម្ពុជា ដែលកត្តានេះក៏ដោយសារតែភាគីទាំងពីរ មិនទាន់បើកច្រកអន្តរជាតិរួមគ្នានៅឡើយ។

លោក លោក សុខ សាន្តតារ៉ា បានគូសបញ្ជាក់ថា នៅពេលភាគីទាំងពីរ បើកដំណើរការច្រកអន្តរជាតិ យើងនឹងផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឱ្យមានការផ្លាស់ប្តូរទម្លាប់ដោយងាកមករកច្បាប់ ដែលនាំឱ្យមានភាពងាយស្រួលឆ្លងទៅឆ្លងមករបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការឆ្លងដែនដោយស្របច្បាប់។

ប៉ុន្តែទោះជាយ៉ាងណា លោកអភិបាលស្រុកឆែប ក៏បានសំណូមពរឱ្យប្រជាជាជននៃប្រទេសទាំងពីរ រក្សាសាមគ្គីភាពល្អរហូតតទៅ ព្រោះជាគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកអភិបាលស្រុកឆែប ក៏បានលើកឡើងថា កម្ពុជាមានការិយាល័យទំនាក់ទំនងច្រកព្រំដែន BLO ហើយភាគីឡាវ ក៏មាននគរបាលត្រួតពិនិត្យព្រំដែនដែរ ដូច្នេះករណីមានបញ្ហាកើតឡើងនៅតាមព្រំដែនត្រូវប្រជុំដោះស្រាយភ្លាមៗ ដើម្បីកុំឱ្យមានបញ្ហាណាមួយក្លាយជាដំបៅ។

បន្ថែមពីនេះ លោក លោក សុខ សាន្តតារ៉ា ក៏បានដាក់ចេញនូវគោលការណ៍ចំនួន២ចំណុច សម្រាប់អាជ្ញាធរស្រុកទាំង២ អនុវត្ត

រួមមានទី១៖ រៀបចំកិច្ចប្រជុំរបស់ការិយាល័យ BLO កម្ពុជា និងការិយាល័យ BLO របស់ឡាវ រៀងរាល់មួយខែម្តង

និងទី២៖ ទំនាក់ទំនង រវាងស្រុកឆែប និងស្រុកខូង ត្រូវឈរលើកត្តាដោះស្រាយបញ្ចប់បញ្ហាផ្សេងៗ ដោយរដ្ឋបាលស្រុកទាំង២ ជាអ្នកដោះស្រាយ ហើយប្តេជ្ញាបង្រ្កាបរាល់បទល្មើសឆ្លងដែនរួមគ្នាឱ្យមានប្រសិទ្ធភាព និងរួមគ្នាថែរក្សាអនាម័យ ដើម្បីការពារពីជំងឺកូវីដ-១៩។

ជាការឆ្លើយតប លោកស្រី ឌីត ធីសាក់ខាំភូ បានថ្លែងដោយរីករាយ ដែលបានចូលរួមជួបប្រជុំពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាកើតមានកន្លងមកផងដែរ។

លោកស្រីបានបន្តថាទោះបីមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែល្មើសច្បាប់ក៏ដោយ ក៏លោកស្រីក្នុងនាមអាជ្ញាធរស្រុកខូង នឹងបន្តធ្វើការណែនាំបន្តទៀតដល់ពួកគាត់ឱ្យគោរពច្បាប់របស់ប្រទេសនីមួយៗ ដើម្បីរក្សាបាននូវសន្តិភាព និងការរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងមានភាពថ្លៃថ្នូរ របស់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនស្រុកទាំងពីរ៕

ដកស្រង់ពី៖ Fresh news