ជំទាវជា សិរី បញ្ជាក់ហេតុផលច្បាស់ជុំវិញរឿងមិនប្រើប្រាស់ប្រាក់កាសនៅខ្មែរ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់ធនាគារជាតិនៃកម្ពុជាបានថ្លែងឲ្យដឹងថា កន្លងមកមានមតិមួយចំនួនបានលើកឡើងអំពីបញ្ហាថា ហេតុអ្វីស្រុកខ្មែរមិនប្រើកាស ហើយខ្លះក៏ស្នើដល់ធនាគារជាតិនៃកម្ពុជាពិចារណាដាក់ចរាចរណ៍កាសនេះឡើងវិញទៅព្រោះវាចំនេញច្រើនជាដើម ។
យ៉ាងណាមិញ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រាកដណាស់កន្លងមក គឺពិតជាធ្លាប់មានអ្នកសួរថា ស្រុកខ្មែរហេតុអ្វីមិនប្រើកាស ។
តែការពិតនោះកន្លងមកប្រទេសកម្ពុជាក៏មានប្រើប្រាស់កាសផងដែរ ។
លោកជំទាវ ជា សិរី បានបញ្ជាក់ថា «ធ្លាប់មានអ្នកសួរថា ស្រុកខ្មែរហេតុអ្វីមិនប្រើកាស (កាស : coin និងកាក់ : cent) ។
ខ្ញុំប្រាប់ថា មិនមែនអត់មានទេ គឺមានតែគេមិនប្រើ ។ តាមពិតទៅប្រើកាសចំណេញច្រើនព្រោះបោះពុម្ភតែម្តងប្រើបានរាប់សិបឆ្នាំ ។
ប៉ុន្តែនៅស្រុកខ្មែរ មិនមានម៉ាស៊ីនចតឡានយកកាស ឬទូរលក់ទំនិញដោយស្វ័យប្រវត្តិដែលទទួលយកកាសដូចស្រុកគេទេ» ។ លោកជំទាវ អគ្គនាយកបច្ចេកទេសបានបន្តថា «ដូច្នេះប្រើកាសបានតែធ្ងន់កាបូបទេ ។
ម្យ៉ាងវិញទៀត សម័យឥឡូវការទូទាត់កាន់តែទំនើប ដោយប្រើកាតផ្លាស្ទិក ទូរស័ព្ទជាដើម ដូចនេះហើយមិនមានតម្រូវការកាសទេ ។ បើមានក៏ទុកជាអនុស្សាវរីយ៌ទៅ» ។
លោកជំទាវជា សិរី ក៏បានបន្ថែមថា សម្រាប់បងប្អូនដែលចង់ដឹងប្រវត្តិប្រាក់រៀលបន្ថែម សូមអញ្ចើញទស្សនាសារៈមន្ទី ស ស រ ៕
ដកស្រង់ពី៖ កោះសន្តិភាព