Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូត​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បុណ្យ​ជាតិ​សាធារណរដ្ឋ​កូរ៉េ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះបានប្រារព្ធទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េ នៅក្នុងស្ថានទូតកូរ៉េនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ Park Heung-kyeong មន្ត្រីស្ថានទូត និងវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ថ្លែងក្នុងឱកាសពិធីអបអរសាទរទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េ Park Heung-kyeong បានមានប្រសាសន៍ថា «ខ្ញុំសូមស្វាគមន៍ ភ្ញៀវកតិ្តយស ដែលបានចូលរួមការអបអរសាទរ នៃទិវាបុណ្យជាតិនៃប្រទេសកូរ៉េ។

នៅខែកុម្ភៈឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ និងបានជួបពិភាក្សាប្រកប ដោយផ្លែផ្កាជាមួយឯកឧត្តម Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

មេដឹកនាំទាំងពីរបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងឆាប់រហ័សនិងសមិទ្ធិផលគួរឱ្យកត់សម្គាល់ដែលបានធ្វើនៅលើវិស័យសហប្រតិបត្តិការផ្សេងៗ»។

ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនក៏មានភាពរស់រវើកផងដែរ។ ប្រជាជនកម្ពុជាចូលចិត្តនិងរីករាយនឹងវប្បធម៌ប្រជាប្រិយ «Hallyu» ឬ ហៅថាវប្បធម៌ Korean Wave pop ដូចជា K-pop, K-drama, K-food ។

ប្រជាជនកម្ពុជាកាន់តែច្រើនចូលចិត្តរៀនក្បាច់គុណតេក្វាន់ដូនិងភាសាកូរ៉េ។ ជនជាតិកូរ៉េកោតសរសើរចំពោះសម្រស់ធម្មជាតិនិងមរតកវប្បធម៌ចំរុះដ៏សំបូរបែបនៃប្រទេសកម្ពុជាដោយមានជនជាតិកូរ៉េជាង ៣០០.០០០នាក់មកទស្សនាប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ។

លោកឯកអគ្គរដ្ឋទូត Park Heung-kyeong បានបន្ថែមថា ប្រទេសកូរ៉េ ក្នុងនាមជាមិត្តពិតប្រាកដមួយ បានប្តេជ្ញាចិត្តជួយប្រទេសកម្ពុជាឱ្យជៀសផុតពីវិបត្តិជំងឺកូវីដ១៩ និងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនបានមានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសក្នុងការចូលរួមក្នុងទិវាបុណ្យជាតិនៃប្រទេសកូរ៉េ នៅស្ថានទូតកូរ៉េ ។

នាឱកាសនេះ ជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមអបអរសាទរ និងរីករាយ សម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសកូរ៉េទាំងអស់ សូមជូនពរអ្នកទាំងអស់គ្នាជួបប្រទះនូវភាពរុងរឿង និងឱកាសដ៏រីករាយបំផុត»។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានបន្តថា «នៅក្នុងឱកាសនេះផងដែរ ខ្ញុំមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកូរ៉េ នឹងជំនះនូវវិបត្តិដ៏អាក្រក់នៃកូវីដ-១៩នេះ ហើយកសាងឡើងវិញ ឱ្យកាន់តែប្រសើរឡើងនិងរឹងមាំ ។

ខ្ញុំកត់សម្គាល់ឃើញថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព សន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងតំបន់និងទៅអនាគត។

ប្រទេសកម្ពុជាសង្ឃឹមថាសាធារណរដ្ឋកូរ៉េ នឹងបន្តជឿនលឿនលើគ្រប់វិស័យ និងទទួលបានសន្តិភាពជារៀងរហូត នៅឧបទ្វីបកូរ៉េ ដូចដែលប្រជាជនកូរ៉េបានប្រាថ្នា»។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំបានបន្ថែមថា ប្រទេសកូរ៉េ តែងតែផ្តល់ជំនួយ ដែលមិនអាចកាត់ថ្លៃបាន និងបន្តផ្តល់ដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យផងដែរ ដែលនេះជាការរួមចំណែកដល់ការរីកចំរើនសេដ្ឋកិច្ច សង្គម និងជីវភាពរបស់ប្រជាជកម្ពុជាយើង។

ដោយមើលឃើញថា ប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដូចនេះហើយប្រទេសកូរ៉េបានឧបត្តម៣០០.០០០ដុល្លារអាមេរិក ព្រមទាំងឧបករណ៍សាកល្បង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះមកជូន ប្រទេសកម្ពុជា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថា «ខ្ញុំក៏បានសង្កេតឃើញថា ការផ្លាស់ប្តូរនៃកម្មករ កម្មការី ទៅធ្វើការនៅក្នុងប្រទេសទាំងពីរ មានការកើនឡើង រហូតដល់ទៅ៦៨០០០នាក់ បើគិតត្រឹមខែមិថុនា ឆ្នាំ២០២០ ។

ហើយខ្ញុំក៏បានសង្កេតឃើញថា វិនិយោគនៃកិច្ចសហប្រតិបត្តិការនៃប្រទសទាំងពីរ កំពុងកើនឡើងជាលំដាប់ រហូតឈានដល់ជិត៣៥០លានដុល្លារអាមេរិកនៅឆមាសទី១ នៃឆ្នាំ២០២០ ហើយការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កំពុងឈានទៅរកភាពវិវឌ្ឍន៍យ៉ាងល្អផងដែររវាងប្រទេសទាំងពីរ»។

នៅក្នុងពិធីអបអរសាទរទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េនោះផងដែរ ក្រោយពីការបញ្ចប់សន្ទរកថារបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េ Park Heung-kyeong និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រួចរាល់ហើយនោះ កម្មវិធីបន្ទាប់ក៏មានការបង្ហាញក្បាច់គុណតេក្វាន់ដូរបស់អ្នកកីឡាករក្មេងៗ ។

ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ និងឯកឧត្តម ហង់ ជួនណារ៉ុន បានចូលរួមសម្តែងក្បាច់គុណតេក្វាន់ដូរ ដោយការវាយឈើបំបែន ដែលដុំឈើនោះគឺជារូបតំណាងនៃជំងឺកូវីដ-១៩ ផងដែរ ត្រង់នេះមានន័យថាកម្ពុជានិងកូរ៉េរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕

 ដកស្រង់ពី៖ កោះសន្តិភាព