បណ្តាញសង្គម

ក្រសួងមហាផ្ទៃ ប្រកាស​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ឆ្លើយតប ទៅនឹង​ការណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល

ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានប្រកាស គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ របស់ក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតប ទៅនឹងការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីពង្រីកវិសាលភាព នូវការទទួលខុសត្រូវ ការឆ្លើយតប ទៅនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពហុវិស័យ នៅក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃ។

ការប្រកាសនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក កៅ ខុនដារ៉ា ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ ការប្រកាស គណៈកម្មាធិការទាំងពីរនេះ គឺជាការចាប់ផ្តើមថ្មីមួយ នៃការពង្រីកវិសាលភាពការងារ និងពង្រឹងប្រសិទ្ធភាពការងារ ដែលពីមុន មានតែមន្ត្រីអនុវត្តច្បាប់

កងកម្លាំងនគរបាលជាតិ ជាអ្នកទទួលបន្ទុកសំខាន់ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពេលនេះ បន្ថែមឱ្យគ្រប់ អគ្គនាយកដ្ឋានអង្គភាពចំណុះក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់កម្រិត ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមដោះស្រាយបញ្ហាគ្រឿងញៀន ជាពហុវិស័យ និងពហុជំនាញ ស្របតាមផែនការជាតិ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល។

ចំណែកលោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ គោលបំណងសំខាន់ នៃការប្រកាស គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ គឺមានគោលបំណងសំខាន់ពីរ

គឺៈទី១.ឆ្លើយតប ទៅនឹងការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានឲ្យគ្រប់ក្រសួង ស្ថាប័ន ដែលជាសមាជិក របស់រាជរដ្ឋាភិបាលទាំងអស់ ត្រូវមានអង្គភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួងស្ថាប័ន។

ទី២.ឆ្លើយតប ទៅនឹងស្ថានភាព គ្រឿងញៀន ក៏ដូចជា ស្ថានភាពជាក់ស្តែង គឺចង់ពង្រីកវិសាលភាព នូវការទទួលខុសត្រូវ ការឆ្លើយតប ទៅនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពហុវិស័យ នៅក្នុងក្របខណ្ឌ ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថាៈ កន្លងមកនេះ ក្រសួងមហាផ្ទៃ ក៏ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបន្ទុក យ៉ាងធ្ងន់ ក្នុងការងារអនុវត្តច្បាប់ បង្ក្រាបគ្រឿងញៀន ប៉ុន្តែក្រសួងមហាផ្ទៃ ដែលមានរចនាសម្ព័ន្ធដ៏ធំ រដ្ឋបាលរាជធានី ខេត្ត ពុំទាន់បានពង្រីកឲ្យអស់ សក្តានុពលនៅឡើយ នូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសផ្តោតលើការងារស៊ីវិល ការអប់រំបង្ការ ការចូលរួមព្យាបាល ជាដើម ។ល។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថាៈ ការប្រកាស គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ និងកាមរោគ របស់ក្រសួងមហាផ្ទៃ គឺមានទិសដៅរួមគ្នា និងដាក់បញ្ចូលសកម្មភាពតែមួយ ពាក់ព័ន្ធសកម្មភាពផ្សព្វផ្សាយ

អប់រំការងារ ស្តារនីតិសម្បទា ព្រោះបញ្ហាគ្រឿងញៀន និងផលប៉ះពាល់ជំងឺអេដស៍ គឺមានភាពដូចគ្នា លើកលែងតែការអនុវត្ត វិធានការច្បាប់ចេញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា