ការជួញដូរផ្សារហ៊ុនម្សិលមិញមានទំហំប្រាក់១៨៤០៧ លានរៀលខណៈសន្ទស្សន៍ធ្លាក់ចុះ៤%
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុននៅកម្ពុជា សរុបថ្ងៃទី១១ មករា ឆ្នាំ២០២១ មានចំនួន១៨៤,០៧ លានរៀល ។
ផ្សារមូលបត្រកម្ពុជាថា សន្ទស្សន៍ផ្សារហ៊ុន បានធ្លាក់ចុះ៤%ធៀបនឹងដើមត្រីមាសទី៤ ឆ្នាំ២០២០ ។
ចាប់ពីដើមត្រីមាសទី៤ ឆ្នាំ២០២០មក សន្ទស្សន៍ផ្សារហ៊ុនកម្ពុជា បានបង្ហាញនូវទំនោរធ្លាក់ចុះ ដែលគិតជា ភាគរយស្មើនឹង៤% ពោល គឺមានការធ្លាក់ចុះពី ៦៦១,៨៥ពិន្ទុ មកត្រឹម៦៣៣,៨៣ពិន្ទុតែប៉ុណ្ណោះត្រឹមពេលផ្សារបិទថ្ងៃទី១១ មករា ។
ភាគហ៊ុនដែលធ្វើឱ្យសន្ទស្សន៍ផ្សារហ៊ុន មានការធ្លាក់់ចុះបន្ថែមទៀត ក្នុងថ្ងៃនេះ គឺភាគហ៊ុនABC (ធនាគារអេស៊ីលីដា) PAS (កំពង់ផែស្វយ័តខេត្តព្រះសីហនុ) និងPWSA (រដ្ឋករទឹកភ្នំពេញ)ដែលមានថ្លៃថយចុះមកត្រឹម១៦.៧០០រៀល ១៣.៩០០រៀល និង៥.៩៨០រៀល ។
ដោយឡែក ភាគហ៊ុន PEPC (Pestech Cambodia Plc.)ជាថ្មីម្តងទៀត បានបិទនៅថ្លៃពិសេស គឺ២.៧៨០រៀលដែលមានកំណើនខ្ពស់ជាងថ្លៃមូលដ្ឋាន ១០រៀល ។
ក្រៅពីនេះ ភាគហ៊ុន GTI PPAP (កំពង់ផែស្វយ័តភ្នំពេញ) និងPPSP (Phnom Penh SEZ Plc.)បានរក្សាថ្លៃថេរដដែលត្រឹម៣.២៩០រៀល ១១.៧៨០រៀល និង១.១៦០រៀល រៀងគ្នា ។
ដកស្រង់ពី៖ កោះសន្តិភាព