បណ្តាញសង្គម

កម្មករនិយោជិត​ ២៣២៨ នាក់ទទួល​​ប្រាក់​ឧបត្ថម្ភសម្រាប់ការត្រូវបានព្យួរកិច្ចសន្យាការងារ

រាជធានីភ្នំពេញ ៖ ជាផ្នែកមួយនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជួយដល់បងប្អូនកម្មករ-កម្មការិនី ដែលត្រូវបានព្យួរការងារកន្លងមកដោយសារតែវិបត្តិកូវីដ ១៩ បណ្តាលឲ្យមានការបិទទ្វាររោងចក្រកាត់ដេរមួយចំនួន ពេលនះបងប្អូនកម្មករនិយោជិតសរុបចំនួន ២៣២៨ នាក់ នៅរោងចក្រ សហគ្រាសចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទី ៤៦ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ១២ មករា ឆ្នាំ២០២១។ ប្រភពដដែលបានបញ្ជាក់ថា បងប្អូនកម្មករទាំងអស់គឺខ្លះទទួលបានពី ១៥ ដុល្លារ ដល់ ៤០ ដុល្លារ តាមរយៈពេលនៃការព្យួរការងារ និងត្រូវទៅបើកពីធនាគារឯកទេសវីង ។

ក្រសួងការងារបានបញ្ជាក់ផងដែរថា «ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង ២៧ នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន» ។

សូមបញ្ជាក់ថា កម្មករនិយោជិត ២៣២៨ នាក់ នៃរោងចក្រ សហគ្រាសទាំង ២៧ នេះ ដែលនឹងទទួលប្រាក់ឧបត្ថម្ភសម្រាប់ការត្រូវបានព្យួរកិច្ចសន្យាការងារ គឺបងប្អូនបម្រើការងារក្នុងវិស័យកាត់ដេរ និងទេសចរណ៍ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ៕

ដកស្រង់ពី៖ កោះសន្តិភាព