បណ្តាញសង្គម

កម្ពុជា​ជំរុញ​លើកកម្ពស់​ផលិតផល​សក្ដានុពល​ជាង ១០​មុខ​​ជំរុញ​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ

រាជធានីភ្នំពេញ ៖ ដើម្បីជំរុញដល់ការនាំចេញ និងទីផ្សារក្នុងស្រុកនៃផលិតផលសំខាន់ៗ កម្ពុជាបានត្រៀមនូវមុខទំនិញមួយចំនួន ដើម្បីលើកកម្ពស់ទំនិញទាំងនោះឱ្យកាន់តែមានកេរ្តិ៍ ឈ្មោះបន្ថែមទាំងក្នុង និងក្រៅប្រទេស ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៥ខែមករា ឆ្នាំ ២០២១ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម «MALYS ANGKOR» ម៉ាកសម្គាល់ភូមិសាស្ត្រ

««ម្រេចកំពត» បានចូលជាសមាជិកនៃច្បាប់ទីក្រុង ហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងបានសម្រប សម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី»,

«អំបិល និងផ្កាអំបិលកំពត» និង «ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់» ។ ក្រៅពីនេះ ក្រសួងក៏បានជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ម្រេចកំពត», «ស្ករត្នោតកំពង់ស្ពឺ»,

«ក្រូចថ្លុងកោះទ្រង់» និងម៉ាកសមូហភាព «គុយទាវភ្នំពេញ» ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព «អំបុកកំពង់ធំ», «ពងទាកូនខេត្តតាកែវ», «នំបញ្ចុកខេត្តសៀមរាប», «ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល» និង «ស្មូនឆ្នាំងដី» កំពង់ឆ្នាំង ។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នក ប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ២៥ មករា ២០២១នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ

រដ្ឋមន្ត្រីពាណិជ្ជកម្មបានឱ្យដឹងថា ក្រោមការដឹកនាំ ដ៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧% ជារៀងរាល់ឆ្នាំ ក្នុងនោះវិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចនេះ ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរ ទាំង ការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ ។

ជាក់ស្ដែង ការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជា អេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ

(គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះ បញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម (CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនា យកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែ ក្នុងរយៈពេល ០៣ថ្ងៃប៉ុណ្ណោះ ។

ឯកឧត្តមបន្ថែមថា ពេលនេះក្រសួងបានស្វែងរកទីផ្សារក្រៅប្រទេសជាច្រើនទៀត ដើម្បីជំរុញដល់ការនាំចេញទំនិញ សក្ដានុពល និងទំនិញយុទ្ធសាស្ត្រ បន្ថែមទៀត សំដៅដល់ ការជំរុញទំហំពាណិជ្ជកម្មកម្ពុជាជាមួយបរទេស ។

ជាការកត់សម្គាល់ កម្ពុជាបានចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរួចហើយជាមួយ ប្រទេសចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសេដ្ឋ កិច្ចភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់

(RCEP ) រង់ក្រៅពី នេះ កម្ពុជាក៏បាននិងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េផងដែរ និងមានបំណង ក្នុងការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើនទៀត ទាំងទ្វេភាគី និងពហុភាគី ៕ ចាំតែពេលវេលាចូលជាធរមាន ។

ដកស្រង់ពី៖ កោះសន្តិភាព