បណ្តាញសង្គម

កម្ពុជាចំណាយថវិកាជិត ១០លានដុល្លារ សម្រាប់ធ្វើជំរឿនប្រជាជនទូទៅ ឆ្នាំ២០១៩

(ភ្នំពេញ)៖ កាលពីឆ្នាំ២០១៩ កន្លងទៅកម្ពុជា បានធ្វើជំរឿនទូទៅប្រជាជននៅទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងរយៈពេល១០ឆ្នាំម្តង ដោយជំរឿនប្រជាជនទូទៅឆ្នាំ២០១៩ កម្ពុជាបានប្រើប្រាស់ថវិកាប្រមាណ ៩លាន ៩សែនដុល្លារ។

នេះជាការបញ្ជាក់របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ។ បើតាមលទ្ធផលជំរឿន ឆ្នាំ២០១៩ ដែលត្រូវបានប្រកាសផ្សព្វផ្សាយ ក្រោមអធិបតីភាព របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជំរឿនលើកទី ៤នេះ ត្រូវបានលើកពេលមកធ្វើនៅឆ្នាំ២០១៩ វិញ ដោយប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុង ដែលបានប្រើប្រាស់ថវិកាសរុបប្រមាណ ៩លាន ៩សែនដុល្លារសហរដ្ឋអាមេរិក»។

រដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា ជំរឿនប្រជាជនលើកទី២ ត្រូវបានធ្វើឡើងវិញក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីអាក់ខានអស់៣ទសវត្ស ដែលបានទទួលការឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ពីអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA។

ជំរឿនលើកទី២នេះ បានធ្វើឱ្យប្រទេសកម្ពុជាបានចូលក្នុងផែនទីជំរឿនពិភពលោកឡើងវិញ និងឆ្នាំ២០០៨ ជាការធ្វើជំរឿនប្រជាជនលើកទី៣ ដែលគាំទ្រដោយអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA, ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA, រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសាធារណរដ្ឋអាល្លឺម៉ង់។ ក្នុងឆ្នាំ២០១៨ គឺជាឆ្នាំដែលត្រូវអនុវត្តការធ្វើជំរឿនក្នុងរយៈពេល ១០ឆ្នាំម្តង បន្តពីឆ្នាំ២០០៨ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារនៅឆ្នាំ២០១៨ កម្ពុជា ក៏មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយផងដែរ គឺការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា។

ឆ្លៀតឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងអំណរគុណដល់អង្គការមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) ដែលបានជួយគៀងគរថវិកា និងជំនួយបច្ចេកទេស រួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យដំណើរការអនុវត្តការធ្វើជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ប្រព្រឹត្តទៅមានដំណើរការល្អ តាមការគ្រោងទុក។

ជាមួយគ្នានេះ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សូមថ្លែងអំណរគុណដល់បណ្តាដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលរួមមាន៖ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវសម្ភារៈ មានដូចជា៖ រថយន្ត, ម៉ូតូ, កុំព្យូទ័រ, ម៉ាស៊ីនថតចម្លង, ម៉ាស៊ីនបោះពុម្ព Sever និង Tablets ជាដើម។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ បានកោតសរសើរចំពោះគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅក្រកម្ពុជា គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី-ខេត្ត

គណៈកម្មការបច្ចេកទេសជំរឿនទូទៅប្រជាជននៅកម្ពុជា គណៈកម្មការឃោសនា ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្ត្រីជំរឿនរាប់ ម៉ឺននាក់ និងប្រជាជនកម្ពុជាដែលបានបំពេញកិច្ចការនេះប្រកបដោយជោគជ័យ។

បន្ថែមពីនេះសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាជាតិ និងជួយសម្រួលផ្តល់ថវិកាបានទាន់ពេលវេលាសម្រាប់រាល់កិច្ចការជំរឿន។

សម្តេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន (UNFPA) និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ អាល្លឺម៉ង់ (GIZ) ព្រមទាំងអង្គការ Sida ដែលបានផ្តល់ជំនួយថវិកា និងបច្ចេកទេសគាំទ្រដល់ការងារជំរឿន ឆ្នាំ២០១៩ ដែលជាការងារសំខាន់ជាប្រវត្តិសាស្ត្រ របស់កម្ពុជារហូតទទួលបានជោគជ័យ ដើម្បីអភិវឌ្ឍកម្ពុជា។

ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងអនេកផងដែរ ចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ឧបករណ៍សម្រាប់ការងារជំរឿនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា រថយន្ត ម៉ូតូ និងឧបករណ៍អេឡិចត្រូនិចដូចជា ម៉ាស៊ីនសឺវ៉ើ កុំព្យួទ័រ ព្រីនធ័រ និង Tablets និងម៉ាស៊ីន បញ្ចាំងស្លាយ (LCD Projector) ជាដើម។

បើតាមលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជននៅក្រកម្ពុជា ឆ្នាំ២០១៩ បង្ហាញថា ប្រជាជនសរុបតាមវិធីសាស្ត្រឃើញរាប់ តាមពេលវេលាយ៉ាងម៉ោងសូន្យ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានចំនួន ១៥,៥៥២,២១១ នាក់ បានកើនឡើងពី ១៣,៣៩៥,៦៨២នាក់ នៅនៅឆ្នាំ២០០៨។

ចំនួនប្រជាជនសរុបកើនឡើង ២,១៥៦,៥២៩នាក់ ត្រូវជា ១៦,១ ភាគរយ ក្នុងរយៈពេល ១១ឆ្នាំ គឺពីឆ្នាំ២០០៨ ទៅឆ្នាំ២០១៩។ ដោយឡែកចំនួនប្រុសមាន ៧.៥៧១.៨៣៧នាក់ ស្មើនឹង ៤៨,៧ ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប ខណៈពេលដែលចំនួនស្ត្រីមាន ៧,៩៨០,៣៧៤នាក់ ស្មើនឹង៥១,៣ ភាគរយនៃចំនួនប្រជាជនសរុប។

អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី ១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ ១.០ភាគរយ។

រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន ២,១២៩,៣៧១នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ ប៉ុណ្ណោះ។

ដង់ស៊ីតេប្រជាជនស្មើនឹង ៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។ អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស ៩៤នាក់ ក្នុងចំណោមស្ត្រី ១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨៕

ដកស្រង់ពី៖ Fresh News