បណ្តាញសង្គម

សម្តេច​តេ​ជោ ប្រកាស​កាត់​ប្រាក់ខែ​៧​ខែ​ទៀតចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសកាត់ប្រាក់ខែ ឬប្រាក់បៀវត្សរបស់ខ្លួនចំនួន៧ខែបន្តទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ។

យោងតាមបណ្តាញសង្គម ហ្វេស ប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមក ខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល ។

សម្តេចបញ្ជាក់ថា ៖« បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែ ត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០០.០០០រៀល/ខែ សរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល ។

អាស្រ័យដោយកូវីដ១៩ បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១» ។

សម្តេចក៏បាន ឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង ។

សូមជម្រាបថា កាលពេលឆ្នាំ២០២០ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសកាត់ប្រាក់បៀវត្សខ្លួន ដើម្បីផ្តល់ជូនក្រសួងសុខាភិបាលចូលរួមប្រយុទ្ធប្រឆាំងនេះជំងឺកូវីដ១៩ ។

បន្ទាប់ពីប្រកាសរួចគេសង្កេតឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាល ក៏ដូចជា នៅតាមក្រសួងស្ថាប័នផ្សេងៗទៀត ក៏បានប្រកាសស្ម័គ្រចិត្តក្នុងការកាត់ប្រាក់ខែខ្លួន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦០នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៤១២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៨នាក់ (គ្មានអ្នកស្លាប់) ៕

ដកស្រង់ពី៖ កោះសន្តិភាព