បណ្តាញសង្គម

ខួប​១​ឆ្នាំ​នៃ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូ​វី​ដ​១៩ នៅ​លើ​ទឹកដី​ខ្លួន​ចេញពី​អ្នកដំណើរ​មក​លេង​ខេត្ត​ព្រះ​សីហ​នុ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ គឺជាខួបមួយឆ្នាំ ដែលប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ជាលើកដំបូង លើជនជាតិបរទេសនៅក្នុងទឹកដីខេត្តព្រះសីហនុ ដែលមកទស្សនានៅកម្ពុជា ។

នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល ។\ លោកជំទាវវេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះជាខួប១ឆ្នាំ ដែលកម្ពុជារកឃើញនូវអ្នកផ្ទុកជំងឺកូវីដ១៩ ដំបូងគេនៅខេត្តព្រះសីហនុ ។

លោកជំទាវបានបញ្ជាក់ថា ៖«អីញ្ចឹងពីថ្ងៃទី២៧ មករា មកដល់ថ្ងៃនេះ គឺមួយឆ្នាំគត់ដែលវីរុសកូវីដ១៩ បានញាំញីវាយលុកនៅលើស៊េរីរាង្គ បុគ្គលនៅក្នុងប្រទេសកម្ពុជាផង ហើយក៏មានការរកឃើញអ្នកដំណើរដែលចូលមកកម្ពុជា ដែលមកដល់ពេលនេះ គឺការឆ្លងវីរុសកូវីដ១៩ ពីចំនួន១នាក់ ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២១ មានសរុប៤៦០នាក់ ក្នុងនោះស្រីចំនួន១៥៧នាក់ បុរស៣០៣នាក់ » ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា ចំនួនដែលមកដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២១នេះ គឺជាចំនួនច្រើនសម្រាប់កម្ពុជារបស់យើង ដែលចំនួននេះក៏មានការព្យាបាលជាសះស្បើយចំនួន៤២៣នាក់ ។

លោកជំទាវបានបន្តថា ជំងឺកូវីដ១៩ បានរាតត្បាតខ្លាំងនៅលើសកលលោកក៏ដូចជា នៅតាមបណ្តាប្រទេសនានា ហើយកម្ពុជាក៏មានការរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ជាបណ្តើរៗ ហើយបច្ចុប្បន្ននេះចំនួនអ្នករកឃើញជាហូរហែរមួយចំនួនច្រើនគួរសម គឺបងប្អូនខ្មែរពលករមកពីថៃ៥៦នាក់ ។

ដូច្នេះអ្វីដែលយើងកំពុងខិតខំទាំងអស់គ្នានេះ គឺជាកិច្ចការសំខាន់ និងចាប់បាច់ណាស់ ។

ជាមួយគ្នានោះដែរលោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការ ប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩នេះ ដោយកុំមានការធ្វេសប្រហែសឲ្យសោះ ដោយត្រូវគិតថា វីរុសកូវីដ១៩ នេះអាចវាយលុកលើសេរីរាង្គគ្រប់ពេលវេលាទាំងអស់ ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកជំទាវបញ្ជាក់ថា៖«ការក្រើនរំលឹក ការទទូចសុំឲ្យបងប្អូនបន្តអនុវត្តវិធានការការពារ គឺដើម្បីសុខភាពរបស់បងប្អូន សុខភាពក្រុមគ្រួសារ ហើយក៏ដូចជាសុខភាពរបស់សហគមន៍របស់យើងដែលអាចកាពារទប់ស្កាត់បាននូវវីរុសកូវីដ១៩នេះ ។

បច្ចុប្បន្ននេះមានការកឃើញជាបណ្តើរៗលើអ្នកដំណើរ មកកម្ពុជាតាមផ្លូវអាកាស និងផ្លូវគោក ដូច្នេះសូមបងប្អូនបន្តអនុវត្តនូវការធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ហើយកុំព្យាយាមរត់គេចពីការធ្វើចត្តាឡីស័ក ពីព្រោះវាសំខាន់ណាស់ ដោយាសារធ្វើយ៉ាងណាឲ្យខ្លួនមានសុខភាពល្អ ជួយទប់ស្កាត់កុំឲ្យមានការចម្លងពីបុគ្គល ទៅក្រុមគ្រួសារ ក៏ដូចជា ទប់ស្កាត់ការឆ្លងចូលសហគមន៍ផងដែរ» ។

លោកជំទាវបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតដល់ប្រជាពលរដ្ឋ ដូចជា ផ្តល់ជាសំភារៈជាបន្តបន្ទាប់ ។

ដូច្នេះសុំបងប្អូនធ្វើការអនុវត្តវិធានការឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានលើកឡើងថា ដោយសារមានការវិតវត្តន៍របស់សកលលោកបានធ្វើឲ្យប្រទេសមួយចំនួនបានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះផងដែរ ដើម្បីចាក់លើប្រជាជនខ្លួន ។

លោកជំទាវបន្ថែមថា កម្ពុជាសម្រេចទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីប្រទេសចិន ចំនួន១លានដូស ហើយនឹងធ្វើការចាក់ជូនដល់បងប្អូនដែលជាក្រុមអាទិភាពជាមុន ដោយសារវ៉ាក់សាំងនេះមិនទាន់មានចំនួនគ្រប់សម្រាប់ចាក់ទាំងអស់គ្នានោះដែរ ។

លោកជំទាវបញ្ជាក់ថា«ការចាក់នេះក៏ធ្វើដូចជា ប្រទេសលើសកលលោក គឺគេចាក់លើក្រុមអាទិភាពជាមុនដែរ ។

អីញ្ចឹងនៅពេលឆាប់ៗខាងមុខនេះក្រសួង សុខាភិបាលនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ចំពោះការចាក់វ៉ាក់សាំងការជំងឺកូវីដ១៩នេះ» ៕

ដកស្រង់ពី៖ កោះសន្តិភាព