Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំរឿនឆ្នាំ២០១៩៖ ស្រ្តីមានចំនួន​ច្រើន​​ជាងបុរស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យោងតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥.៥៥២.២២១នាក់ ក្នុងនោះប្រុសចំនួន៧.៥៧១.៨៣៧នាក់ ស្មើនឹង៤៨.៧% ដោយឡែកស្រីចំនួន៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១.៣% ។

ជាងនេះទៅទៀត អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំគឺ១.៤% ។ ដូចគ្នានេះដែរ លទ្ធផលជំរឿននៅឆ្នាំ២០០៨ ចំនួនប្រជាជនសរុបមាន១៣.៤លាននាក់ ពោលគឺចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ចំនួនប្រជាជនបានកើនឡើង២,២លាននាក់ ។

\ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជា បានឲ្យដឹងថា

ជំរឿនជាផ្នែកប្រជាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ជាពិសេស គឺផ្នែកកំណើនប្រជាជន ដែលទាមទារយកចិត្តទុកដាក់សម្រាប់សកម្មភាពចាំបាច់ទាំងឡាយ។សម្ដចក្រឡាហោមបញ្ជាក់ថា «ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ ។

លទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនប្រមាណជាង៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ៣,៥លានគ្រួសារក្នុងទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន ហើយមន្ត្រីវិទ្យាស្ថាន ជាតិស្ថិតិនៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយមន្ត្រី បច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ បានបញ្ចប់ទាន់ពេលវេលា ទោះជាយើងស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ» ។

សម្ដេចក្រឡាហោមបន្ដថា «យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជាជន និងលំនៅឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រហូតដល់កំរិតភូមិ ។

របាយការណ៍ជំរឿនផ្តល់លទ្ធផលចុងក្រោយកម្រិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ ។

អ្វីដែលមាននៅ ពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន» ។ សម្ដេចក្រឡាហោម បញ្ជាក់ថាដង់ស៊ីតេប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅឆ្នាំ២០១៩។

ដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជននៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ។

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានអនុវត្តការធ្វើជំរឿនប្រជាជនទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ថ្មីមួយទៀតក្នុងរយៈពេល១០ឆ្នាំម្ដង បន្ទាប់ពីកម្ពុជាបានធ្វើជំរឿនប្រជាជនលើកដំបូងកាលពីឆ្នាំ១៩៦២

និងខកខានអស់រយៈពេលជាង៣ទសវត្សរ៍ ដោយសារវិបត្តិផ្ទៃក្នុង រហូតដល់ឆ្នាំ១៩៩៨ ទើបជំរឿនលើកទី២ ត្រូវបានធ្វើឡើងជាថ្មីទៀត ។

ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០០៨ កម្ពុជាមានផែនការធ្វើជំរឿនលើកទី៣ ប៉ុន្តែការងារនេះត្រូវបានខកខានទៅវិញ ដោយសារពេលនោះកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជាតិ ទើបមានការសម្រេចលើកពេលមកធ្វើនៅឆ្នាំ២០១៩វិញ ដោយប្រើប្រាស់ថវិកាជាតិ ចំណាយអស់ថវិកាប្រមាណ៩លាន៩សែនដុល្លារអាមេរិក ។

ឯកឧត្តមក៏បានថ្លែងអំរណរគុណដៃគូជាតិ និងអន្តរជាតិដែលតែងតែបានចូលរួម សហការ និងគាំទ្រក្នុងការងារធ្វើជំរឿននេះដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ជំរឿនឆ្នាំ២០១៩ មានវិសាលភាពគ្របដណ្ដប់ លើគ្រួសារប្រជាជនសរុបចំនួន៣,៥លានគ្រួសារ ស្ថិតក្នុងតំបន់ផ្សេងៗគ្នាទូទាំងប្រទេស ទាំងអ្នករស់ក្នុងលំនៅដ្ឋាន ស្ថាប័ន ផ្ទះសំណាក់ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម លើកលែងតែប្រជាជនធ្វើការ រៀនសូត្រ ឬរស់នៅក្រៅប្រទេស គ្រួសារអង្គទូតក្រៅប្រទេសប៉ុណ្ណោះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ជាតិនៃលទ្ធផលចុងក្រោយ ជំរឿនទូទៅ ប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ

និងស្របតាមច្បាប់ជាធរមាន និងបានសម្ដែងការកោតសរសើរចំពោះគណៈកម្មការជំរឿន ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្ត្រីជំរឿនរាប់ម៉ឺននាក់ និងប្រជាជនកម្ពុជាដែលបានបំពេញកិច្ចការនេះប្រកបដោយជោគជ័យ ។

របាយការណ៍ក៏បានលើកឡើងថាភាគរយនៃប្រជាជនរស់នៅទីតំបន់ទីប្រជុំជនមានចំនួន ៣៩,៤ភាគរយ និងនៅជនបទមាន ៦០,៦ភាគរយ ។

ខេត្តចំនួន៤ ដែលមានប្រជាជន ច្រើនជាង១លាននាក់ គឺរាជធានីភ្នំពេញ (២,៣ លាននាក់), ខេត្តកណ្តាល (១,២ លាននាក់), ខេត្តព្រៃវែង (១,១លាននាក់) និងខេត្តសៀមរាប (១,០លាននាក់)។

គ្រួសារសរុបនៅទូទាំង ប្រទេសមានចំនួន ៣.៥៥៣.០២១គ្រួសារ ។

មានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធអាយុរបស់ប្រជាជន ។

រវាងជំរឿនទាំងពីរលើក ប្រជាជនវ័យ ក្មេង (០-១៤ឆ្នាំ) បានធ្លាក់ចុះពី៣៣,០% ទៅ ២៩,៤%, ប្រជាជនវ័យកណ្តាល (១៥-៥៩ ឆ្នាំ) បានកើនឡើង ពី៦០,០% ទៅ៦១,៧ និងមនុស្សចាស់ (៦០ឆ្នាំឡើងទៅ) បានកើនឡើងពី ៦,៣% ទៅ ៨,៩% ។

មេដ្យានអាយុ របស់ប្រជាជនបានកើនឡើងពីអាយុ២២ទៅ២៧ឆ្នាំ ។ ប្រភពបន្តថាតួលេខទាំងនេះបង្ហាញថា ប្រជាជនកម្ពុជាកំពុងចាប់ផ្តើមវិវត្តន៍ទៅតាមអាយុ គឺមានន័យថា កម្ពុជាជាប្រទេសមានប្រជាជនវ័យចាស់ច្រើននៅពេលអនាគត ។

កត្តាកំណត់សំខាន់នៃវ័យចាស់របស់ប្រជាជនគឺការធ្លាក់ចុះនៃអត្រាលទ្ធភាពបង្កើតកូន និងការធ្លាក់ចុះនៃអត្រាមរណភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព