Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់​បាន​ជ្រូក​រស់​ប្រមាណ​៣០​ក្បាល​នាំ​ចូល​ពី​ថៃ​មាន​ផ្ទុក​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ជ្រូករស់នាំចូលពីប្រទេសថៃសរុប ៣០ក្បាលត្រូវបានអាជ្ញាធរបង្ក្រាប និងរឹបអូសបានសម្រាប់បទល្មើសនាំចូលជ្រូកដោយខុសច្បាប់ចំនួនពីរករណីដាច់ដោយឡែកពីគ្នា ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺជ្រូកទាំងនោះត្រូវបានរកឃើញថា «មានវិជ្ជមានប៉េស្ដជ្រូកអាហ្វ្រិក» ។

នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។

យោងតាមប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចាត់តាំងក្រុមការងារចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាលតាមបណ្តារាជធានី ខេត្តដើម្បីពិនិត្យ និងបង្ក្រាបបទល្មើសចលានសត្វខុសច្បាប់ ។

ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណ ០១ និង៣០នាទី ទើបភ្លឺថ្ងៃទី ០៧ខែកុម្ភៈ ក្រុមការងារបានសហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងអធិការកិច្ចនគរបាលស្រុកស្វាយចេកបានចុះស្ទាក់ចាប់បទល្មើសបានពីរករណី៖

ទី១- ករណីទី ១ រថយន្ត១គ្រឿងដឹកជ្រូករស់ចំនួន ២០ ក្បាលចេញពីប្រទេសថៃ តាមច្រកអូរបីជាន់ នៃស្រុកអូរជ្រៅ

និងករណីទី២ គឺគោយន្ត១គ្រឿងដឹកជ្រូករស់១០ក្បាល ចេញពីប្រទេសថៃ តាមច្រកចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ «ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់» ដូច្នេះក្រុមការងារបាននាំវត្ថុតាង និងបទល្មើសទាំងពីរទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

«បន្ទាប់ពីយកសំណាកឈាមជ្រូកមកពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតភាពសត្វ លទ្ធផលចុះថ្ងៃទី ០៩ កុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ថា (ជ្រូក) វិជ្ជមានប៉េស្ដជ្រូកអាហ្វ្រិក» ។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតភាពសត្វ បានណែនាំដល់អ្នកចិញ្ចឹមសត្វ ពិសេសអ្នកចិញ្ចឹមជ្រូក និងអ្នកពិឃាតសត្វ នូវវិធានការណ៍បន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្ដជ្រូកអាហ្វ្រិក នៅកម្ពុជា ក្នុងនោះអគ្គនាយកដ្ឋានសុខភាពសត្វនឹងចុះទៅសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីកម្ទេចវត្ថុតាងបទល្មើសតាមវិធានបសុព្យាបាល។

ក្នុងនោះផងដែរ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតភាពសត្វ បានបញ្ជាក់ថា «ការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់» ។

អគ្គនាយកដ្ឋានជំនាញក៏បានណែនាំដល់ «កសិករ និងពាណិជ្ជករ ជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វជាប្រចាំ ដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺផ្សេងៗទៀត» ។ គ្រប់សត្តឃាតដ្ឋាន ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំ។

រីឯ អាជីវករ ពាណិជ្ជករ ឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ និងវិធានអនាម័យសត្វ នូវគោលការណ៍បច្ចេកទេស សម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់។

ពិសេសក្នុងចំណុចនោះ តម្រូវឲ្យមានទីតាំងចត្តាឡីស័កនៅចុងទីនៃប្រទេសនាំចេញ ដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសត្រួតពិនិត្យមុនពេលនាំចូល៕

ដកស្រង់ពី៖ កោះសន្តិភាព