បណ្តាញសង្គម

ឧកញ៉ា ម៉ុង ឫ​ទ្ធី ប្រមូល​ទិញ​កូន​សត្វ​ឥន្ទ្រី ២២​ក្បាល ពួក​វា​អាច​ឈ្មួញ​នាំ​ពី​ឥណ្ឌូ​នេ​ស៊ី មក​ជួញដូរ​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពនិងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក អោយយដឹងថា វេលាម៉ោង៧ព្រឹក ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានជួបជាមួយប្រជាពលរដ្ឋម្នាក់ មកពីខេត្តព្រះវិហារ យកកូនសត្វឥន្ទ្រី ចំនួន២២ក្បាល មកដាក់លក់ នៅខាងមុខហាងបាយសូរិយា ។

ដោយបានដឹងយ៉ាងច្បាស់ថា ឥន្ទ្រីជាសត្វកម្រ និងជិតផុតពូជ ហើយពួកវា គឺជាមិត្តជិតស្និទ្ធបំផុត ដែលមិនអាចខ្វះបានជាមួយ និងអ្នកប្រកបអាជីវកម្មកសិកម្ម កសិឧស្សាហកម្ម វាគឺជាអ្នកប្រមាញ់ យ៉ាងស្ទាត់ជំនាញបំផុតទៅលើសត្វពោះ និងសត្វកណ្ដុរ ដូចច្នេះហើយបាន ជាលោកឧកញ៉ា ប្រមូលទិញយកទាំងអស់

(ក្នុងមួយក្បាលតម្លៃ ៦០.០០០រៀល ពីមុនមកទិញគេតម្លៃខ្ពស់ជាងនេះ) យកមកថែទាំ រហូតដល់វារឹងស្លាប រឹងជើង និងយកទៅប្រលែង នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ និងមួយចំនួនទៀត យកទៅប្រលែងនៅក្នុងតំបន់ចំការដូងប្រេង ។

ចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ លោកឧកញ៉ា ធ្លាប់បានយកសត្វទីទុយ មៀម ខ្លែងស្រាក និងឥន្ទ្រី ប្រភេទនេះ លើសពីចំនួន២០០ក្បាល យកមកប្រលែងនៅក្នុងតំបន់ចំការដូងប្រេង ដើម្បីអោយពួកវា ជួយចាប់សត្វពោះ និងកណ្ដុរ យ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត ។

ដោយឡែក ប្រភពពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃកម្ពុជា ក៏បានឲ្យដឹងកាលពីថ្ងៃទី១៥ កុម្ភៈដែរថា ការជួយសង្គ្រោះសត្វព្រៃមួយចំនួន កាលពីខែមករា រហូតមកដល់ពេលនេះ ដោយក្រុមសង្គ្រោះសត្វព្រៃ បានរកឃើញសត្វស្ទាំង សត្វលលកជាច្រើនក្បាល កំពុងដាក់លក់ក្នុង ទីក្រុងភ្នំពេញ ។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃកម្ពុជា បានកត់សម្គាល់ឃើញថា សត្វស្ទាំង ស្ថិតនៅក្នុងបញ្ជីក្រហម IUCN Red List of Threatened Species ត្រូវបានធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយសត្វទាំងនេះ អាចនឹងត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយកចូលមកកាន់ប្រទេសកម្ពុជា ។

កូនសត្វស្ទាំង ចំនួន១៣ក្បាល ត្រូវបានជួយសង្គ្រោះពីអ្នកលក់ និងត្រូវបានបញ្ជូន ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ជាទីកន្លែងដែលពួកវានឹងទទួលបានការថែទាំ និងការយកចិត្តទុកដាក់ ដែលពួកវាត្រូវការ ។

ប្រភេទសត្វស្លាបនេះ ត្រូវបានចាត់ជាថ្នាក់បក្សីព្រៃមួយ ដែលចិញ្ចឹមកូន ដោយចាប់ថិកសត្វតូចៗ សត្វល្មូន និងសត្វល្អិតផ្សេងៗ នៅលើវាលស្មៅ ។

បន្ទាប់ពួកវា បានទទួលទីជម្រកថ្មី នៅភ្នំតាម៉ៅ ក្រុមសង្គ្រោះសត្វព្រៃសង្ឃឹមថា ពួកវាអាចនឹងត្រូវបានដោះលែង ចូលទៅក្នុងព្រៃវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព