បណ្តាញសង្គម

កូវីដ រោងចក្រ​ បិទ នាំឲ្យ​អ្នកភូមិ នៅឃុំជើងគ្រាវ ខេត្តកំពង់​ឆ្នាំង ចាប់មុខរបរពីដូនតា កាន់តែច្រើន

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ រស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅតែបន្តមុខរបរសិប្បកម្ម ត្បាញឬស្សី។

មុខរបរនេះ បន្តមរតកពីដូនតា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បានសមរម្យមួយកម្រិត បើទោះបច្ចុប្បន្នរបស់របរប្រើប្រាស់មួយចំនួន ត្រូវបានផលិតអំពីជ័រក្តី។

អ្នកមីង អឹម ឈឿន បាននិយាយថា តម្បាញឬស្សីនេះ គឺជាមរតកបន្សល់តាំងពីដូនតាមក 

សព្វថ្ងៃ មិនមែនតែអ្នកភូមិតាំងបំពង់នោះទេ ដែលត្បាញឬស្សី ធ្វើជារបស់របរប្រើប្រាស់ផ្សេងៗ គឺមានភូមិច្រើនទៀត ដូចជា ភូមិគ្រួស ភូមិជើងគ្រាវ និងភូមិជាប់ៗគ្នាផ្សេងទៀត ក្នុងឃុំជើងគ្រាវនេះ សុទ្ធតែធ្វើតម្បាញពីដើមឬស្សីទាំងអស់។

គ្រាន់តែការត្បាញឬស្សីនេះ ធ្វើខុសៗគ្នា ដូចជា នៅម្តុំផ្ទះគាត់ ៤-៥ផ្ទះ ត្បាញតែកញ្ចែ្រងតែមួយមុខ គឺមានកញ្ជ្រែងតូចធំ កញ្ច្រែងរែងអង្ករ កញ្ជ្រែងរែងកន្ទក់ កញ្ជ្រែងដាក់បន្លែង និងកញ្ច្រែងធំ សម្រាប់ហាលត្រីឬយកធ្វើអ្វីផ្សេង ជាដើម។ ចំណែកផ្ទះផ្សេងមានត្បាញចង្អេរ ត្បាញកញ្ជើ និងត្បាញល្អី ជាដើម។

មុខរបរនេះ បច្ចុប្បន្នធ្វើតែមនុស្សចាស់ៗ នៅផ្ទះទេ ដែលប្រឹងត្បាញ ដើម្បីដោះស្រាយជីវភាព ព្រោះបន្ទាប់ពីកាត់ថ្លៃទិញឬស្សី ថ្លៃទិញខ្យែ និងថ្លៃជួលគេជាន់ ឱ្យចេញជាកញ្ជ្រែងរួចមក នៅសល់ខ្លះដែរ ហើយបើមិនធ្វើ ក៏មិនដឹងទៅរកអី។

អ្នកមីង អឹម ឈឿន បន្តថា សព្វថ្ងៃមានឈ្មួញ យកប្រាក់មកដាក់ឱ្យអ្នកភូមិមុន ដើម្បីទុកទិញវត្ថុធាតុដើម ពេលបានជារបស់ ទើបឈ្មួញ មកប្រមូលយកតាមក្រោយ បានប៉ុណ្ណា យកប៉ុណ្ណឹង សល់ប៉ុន្មាន យើងធ្វើបន្តឱ្យគេទៀត ឬខ្លះយកប្រាក់បន្ថែម ដើម្បីធ្វើបន្តទៀតទៅ។

ចំណែកស្ត្រីឈ្មោះ សឿង សៀងយ៉ុង ក៏បានបញ្ជាក់ថា ក្នុង ១ខែ គាត់អាចត្បាញកញ្ជ្រែងរែងអង្ករ បានជាង ២០០ កញ្ជ្រែង ដោយកូនៗ ជួយត្បាញខ្លះ និងប្តីគាត់ ជាអ្នកក្តាប់កណ្តាប់កញ្ច្រែងខ្លះ។

កញ្ច្រែងរែងអង្ករ ដែលគាត់លក់បោះដុំឱ្យឈ្មួញ ក្នុងកញ្ជែ្រង ១០ថ្លៃ ៧ម៉ឺនរៀល។ មុខរបរនេះ មិនចំណេញធំដុំទេ។ នេះបើកុំតែរោងចក្រ គេឈប់ គាត់ត្រូវទៅធ្វើការហើយ មួយខែបានជាង ៨០ម៉ឺនដែរ។

បើប្រៀបធៀបនឹងការត្បាញកញ្ជ្រែងវិញ ១ខែបានជិត ២លានរៀលមែន តែទូទាត់ថ្លៃចំណាយផ្សេងៗវិញ នៅសល់តិចជាងធ្វើកម្មកររោងចក្រទេ។

ប៉ុន្តែធ្វើម៉េច មុខរបរនេះ បន្សល់ពីដូនតា ពីម៉ែពីឪ ទៅហើយ។ គួរបញ្ជាក់ថា បើទោះមានរបស់ប្រើប្រាស់មួយចំនួន បានផលិតពីជ័រច្រើនលើសលប់យ៉ាងណាក្តី ក៏របស់ប្រើប្រាស់ត្បាញពីដើមឬស្សី

ក៏នៅតែជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើងដែរ ហើយរបស់ប្រើប្រាស់ត្បាញពីដើមឬស្សីនេះទៀត បច្ចុប្បន្ននេះ ជាតម្រូវការចាំបាច់ខ្លាំងណាស់ដែរ សម្រាប់នាំចេញ ទៅប្រទេសថៃ តាមច្រកប៉ោយប៉ែត។

ក្រៅពីនោះរបស់មួយចំនួន ត្រូវបានគេយកទៅកែច្នៃ ជាគ្រឿងលំអរ ដូចជា កូនក្រឡោតូចៗ គេយកទៅលាបពណ៌ ដើម្បីដាក់អំពូលភ្លើង និងខ្លះទៀត យកទៅដាក់តាំង តាមរមណីយដ្ឋាន និងអាហារដ្ឋាន ជាដើម ដោយគ្រាន់តែបន្ថែមពណ៌លំអរជាការស្រេច៕

ដកស្រង់ពិ៖ កោះសន្តិភាព