បណ្តាញសង្គម

ប៉េងប៉ោះ​ជា​បន្លែ​ផ្តល់​អាហារូបត្ថម្ភ វីតាមីន​យ៉ាង​ល្អ​ដល់​រា​ង្គ​កាយ និង​ជា​ប្រភព​ប្រាក់​ចំណូល​របស់​កសិករ

រាជធានីភ្នំពេញ៖ បន្លែប៉េងប៉ោះ មិនគ្រាន់តែជាដំណាំបន្លែដែលផ្តល់អាហារូបត្ថម្ភ និងប្រភពវីតាមីនស៊ីយ៉ាងល្អប្រសើរសម្រាប់រាង្គកាយមនុស្ស ប៉ុន្តែថែមទាំងជាបន្លែដែលជាប្រភពផ្តល់ប្រាក់ចំណូលច្រើនដល់កសិករសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។

នេះបើយោងតាមថ្នាក់ដឹកនាំកំពូលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបញ្ជាក់ថា បន្លែដែលមានគុណប្រយោជន៍មួយនេះ(ប៉េងប៉ោះ) កសិករនៅខេត្តកណ្តាល, កំពង់ចាម, បាត់ដំបង, សៀមរាប និងខេត្តកំពត និយមដាំដុះយ៉ាងច្រើន ជាពិសេសនៅរដូវក្រោយពេលប្រមូលផលស្រូវ។

តាមឯកឧត្តម វេងសាខុន៖ «ពូជបន្លែក្នុងស្រុក ឬពូជ OPV (Open Pollinated Variety) បានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មដំណាំបន្លែ ជាពិសេសចំពោះកសិករក្រីក្រ ឬកសិករខ្នាតតូចដែលដាំដុះសម្រាប់បរិភោគក្នុងគ្រួសារ ព្រោះពួកគាត់អាចរក្សាទុកពូជបន្លែសម្រាប់ដាំដុះនៅវដ្តផលិតកម្មបន្ទាប់។

ស្ថានីយពិសោធន៍ពូជបន្លែក្បាលកោះ បាននិងកំពុងពិសោធន៍ ស្រាវជ្រាវ និងបន្សុទ្ធពូជបន្លែមួយចំនួន ហើយបានបញ្ចេញឱ្យកសិករប្រើប្រាស់ជាបន្តបន្ទាប់»។

ពូជប៉េងប៉ោះចំនួន១៣ពូជ (KK1, KK2, KK3, KK4, KK5, KK6 KK7, KK8, KK9, SKK1, SKK2, SKK3, និង SKK4) ដែលត្រូវបានធ្វើពិសោធន៍ដើម្បីតាមដានទិន្នផល ពិសោធន៍ជម្រើសទិន្នផលបឋម ពិសោធន៍ប្រៀបធៀបទិន្នផល និងបន្សុំាលើចម្ការកសិករ ចាប់តាំងពីឆ្នាំ១៩៩៥។

ពូជខាងលើផ្តល់ទិន្នផលជាមធ្យមប្រមាណ ៥០-៦០តោនក្នុងមួយហិកតា លើកលែងតែពូជ KK1 (ពូជក្នុងស្រុក) ដែលផ្តល់ទិន្នផលជាមធ្យមប្រមាណ ៤០-៤៥ តោនក្នុងមួយហិកតា។

ជាក់ស្តែង នៅឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានចែកគ្រាប់ពូជបន្លែចំនួន ៣១,៨៨ តោន ស្មើនឹង ៥២៤. ៨៣៨កញ្ចប់ ជូនដល់កសិករចំនួន ១០៤. ៤៧៨ គ្រួសារ

ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងក្នុងខេត្តគោលដៅចំនួន១៧ រួមមានបាត់ដំបង បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ព្រៃវែង តាកែវ កណ្តាល ស្ទឹងត្រែង ប៉ៃលិន កំពត កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង និងខេត្តកំពង់ស្ពឺ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ដើម្បីចូលរួមលើកកម្ពស់ផលិតភាពផលិតកម្មបន្លែនៅកម្ពុជាធានាបានទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារដែលចេះតែមានការកើនឡើងជាលំដាប់

និងជាពិសេសចូលរួមកាត់បន្ថយបរិមាណនាំចូល លើកកម្ពស់គុណតម្លៃបន្លែក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល ស្ថានីយពិសោធន៍ពូជបន្លែក្បាលកោះបានខិតខំសិក្សា ពិសោធន៍ ស្រាវជ្រាវពូជបន្លែល្អៗ

ធ្វើយ៉ាងណាឲ្យសមស្របតាមស្ថានភាពភូមិសាស្ត្រនៃតំបន់ដាំដុះ ក្សេត្របរិស្ថាន លក្ខណអាកាសធាតុ ជំងឺ សត្វល្អិតចង្រៃ និងធានាបាននូវគុណភាពគ្រាប់ពូជសុទ្ធល្អ តបតាមតម្រូវការរបស់បងប្អូនប្រជាកសិករទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕

ដកស្រង់ពី៖ កោះសន្តិភាព