បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលក់ដូរ និងនិស្សិតត្រូវទៅសិក្សាក្រៅប្រទេស ទទួលអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យអ្នកលក់ដូរ និងនិស្សិត ដែលត្រូវទៅសិក្សាក្រៅប្រទេស ទទួលអាទិភាពចាក់វ៉ាក់សាំងកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ប្រកាសបែបនេះក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រភេទអាស្ត្រាហ្សេណេកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

សម្តេចឲ្យយោបល់ថា សម្រាប់និស្សិតដែលត្រូវទៅសិក្សានៅក្រៅប្រទេស និងអ្នកលក់ដូរអាយុក្រោម ៦០ឆ្នាំ អាចចាក់ប្រភេទស៉ីណូហ្វាម (Sinopharm) រីឯអ្នកលក់ដូរដែលមានអាយុលើសពី ៦០ឆ្នាំ ចាក់ប្រភេទអាស្ត្រាហ្សេណេកា។។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវខ្ញុំក៏សុំយកឱកាសនេះ អំពាវនាវដល់និស្សិតដែលរៀននៅចិន ដែលមិនទាន់ទទួលបានវ៉ាក់សាំង ហើយត្រូវវិលត្រឡប់ទៅរៀននៅចិនវិញ ឲ្យមកចាក់វ៉ាក់សាំងតែម្តងទៅ។

ចាក់ប្រភេទស៉ីណូហ្វាម ឲ្យគាត់។ អញ្ចឹងខ្ញុំសូមយកឱកាសនេះអំពាវនាវ ខ្ញុំគិតថា បើសិនជាពេលវេលានៅគ្រប់ និស្សិតខ្មែរទាំងអស់ ដែលត្រូវចេញទៅក្រៅប្រទេស គួរត្រូវបានជាអាទិភាព ក្នុងការទទួលបានវ៉ាក់សាំង»។

សម្តេចបន្តថា «សម្រាប់អ្នកលក់ដូរ ខ្ញុំចង់ឲ្យសាលាក្រុងភ្នំពេញ (ចាត់ចែង) ក្នុងចំណោមអ្នកដែលទទួលចាក់ មានអ្នកលក់ដូរខ្លះអាយុ ៧០ឆ្នាំ។ យកអ្នកហ្នឹងមកចាក់ ប៉ុន្តែប្រសិនបើអ្នកលក់ដូរមកចាក់ អ្នកដែលមានអាយុក្រោម ៦០ឆ្នាំ ចាក់ប្រភេទស៉ីណូហ្វាម អ្នកដែលមានអាយុលើស ៦០ឆ្នាំ ចាក់ប្រភេទអាស្ត្រាហ្សេណេកា»។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ ចំនួន ២ប្រភេទ គឺស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន និងអាស្ត្រាហ្សេណេកា ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ (COVAX)។

វ៉ាក់សាំងអាស្ត្រាហ្សេណេកា ត្រូវបានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

សម្រាប់វ៉ាក់សាំងប្រភេទស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន ក៏បានផ្តល់ដល់កម្ពុជាចំនួន ១លានដូសផងដែរ។ ដំណាក់កាលដំបូងនេះ ចិនបានដឹកវ៉ាក់សាំង ៦០ម៉ឺនដូស ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈ៤០ម៉ឺនទៀតនឹងមកដល់មុនបុណ្យចូលឆ្នាំខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គលម្នាក់ត្រូវចាក់ចំនួន។

ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង២០លានដូសនេះ មានជំនួយ១១លានដូសផងដែរ។ ក្នុងចំណោមជំនួយ១១លានដូសនោះ មានវ៉ាក់សាំងស៉ីណូហ្វាម របស់ចិនចំនួន១លានដូស ជំនួយយន្តការកូវ៉ាក់ ចំនួន៧លានដូស, ជំនួយទឹកប្រាក់របស់អូស្រ្តាលី ២៨លានដុល្លារ ស្មើនឹង៣លានដូសផងដែរ។

ចំណែកតម្រូវការ៩លានដូសទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងបន្តស្នើសុំ និងទិញពីប្រទេសមួយចំនួន។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទនៅមន្ទីរពេទ្យកាល់ម៉ែត្រ, សូម្បីតែជនបរទេស ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវទទួលបានវ៉ាក់សាំងកូវិដ១៩ ដោយឥតគិតថ្លៃផងដែរ។

ប៉ុន្តែសម្រាប់មន្ត្រីការទូត មន្ត្រីតំណាងអង្គការសហប្រជាជាតិ និងមន្ត្រីភ្នាក់ងារមួយចំនួនទៀត ត្រូវផ្តល់អាទិភាពឲ្យជ្រើសរើសរវាងវ៉ាក់សាំងប្រភេទស៉ីណូហ្វាម និងប្រភេទអាស្ត្រហ្សេណេកា៕

 

ដកស្រង់ពី៖ Fresh News