បណ្តាញសង្គម

កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី ដែលគេចវេះ មិនចាក់វ៉ាក់សាំង មិនអាចចូលធ្វើការបានទេ!

ភ្នំពេញ៖ ក្នុងសារជាសំឡេងមួយផ្សេងទៀត នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ពិតមែនតែវ៉ាក់សាំង គឺចាក់លើគោលការណ៍ស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅពេលខាងមុខ ច្បាស់ណាស់ថា វ៉ាក់សាំង នឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង ជាពិសេសជំហ៊ានដំបូងនេះ នៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ខ្ញុំសូមជម្រាបជូន ខ្ញុំមិនចង់ឲ្យដល់ដំណាក់កាល ដែលមានការលំបាកហើយ ទើបស្រោចស្រង់នោះទេ! ខ្ញុំសូមបញ្ជាក់ជូនទៅមន្ត្រីរាជការ ដែលមិនចង់ចាក់វ៉ាក់សាំង ឲ្យបានជ្រាបថា នៅពេលណាមួយ ដែលស្ថាប័នចាក់បានពី ៧០% ឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ!

ហើយបើសិនជាថ្នាក់ ដែលត្រូវចូលប្រជុំ ក៏មិនចាំបាច់ឲ្យប្រធានស្ថាប័ន អញ្ជើញចូលរួមប្រជុំដែរ! ទុកឲ្យដេកផ្ទះនោះទៅ!

ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការប្រយុទ្ធនឹងកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលិស ឬក៏ជាមន្ត្រីរាជការធ្វើអ្វីតទៅទៀត! គ្មានការចាំបាច់ទេ! ខ្ញុំសូមបញ្ជាក់ជូន ដើម្បីកុំឲ្យហួសពេល ព្រោះវ៉ាក់សាំង មិនមែនជាទំនិញ ដែលរើសតាមផ្សារ តាមឱសថស្ថានបានទេ!ខុសគ្នាពីថ្នាំពេទ្យនានា ដែលមានលក់នៅតាមឱសថស្ថាន»។

សារពិសេសលើកទី៣ នៅថ្ងៃទី៦ ខែមេសានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើង ដើម្បីក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ឲ្យចូលរួមចាក់វ៉ាក់សាំង ដើម្បីសុវត្តិភាពទាំងខ្លួនឯងផង និងដើម្បីចូលរួមជាមួយរាជក្នុងសារពិសេស នាយប់ថ្ងៃទី៦មេសានេះ សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នាពេលកន្លងមកនេះ លេចឡើងមន្ត្រី ២ប្រភេទ។ ទី១-មន្ត្រីចង់ចាក់វ៉ាក់សាំង ឲ្យបានលឿន ព្រោះខ្លាចមិនមានវ៉ាក់សាំងចាក់។

រីឯប្រភេទទី២ គឺមន្ត្រីរាជការ ដែលគេចវេះ មិនចង់ចាក់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ការស្ម័គ្រចិត្ត ជារឿងមួយ ប៉ុន្តែសុវត្ថិភាពសុខភាពសាធារណៈជារឿងមួយទៀត។

ការនិយាយនេះ មិនមែនជាការរើសអើងរវាងគ្នានឹងគ្នានោះទេ។ បុគ្គល ដែលមិនបានទទួលវ៉ាក់សាំង គឺជាបុគ្គល ដែលងាយរងគ្រោះដោយសារកូវីដ១៩។ ដូច្នេះអ្នកដែលមានចេតនាគេចវេះ មិនទទួលវ៉ាក់សាំង គឺងាយនឹងបាត់បង់ការងារ ឬមិនទទួលបានធ្វើការតែម្តង។ នេះគឺជាការដាស់តឿនសម្រាប់សាម៉ីខ្លួនផង និងអង្គភាពក្រសួងមន្ទីរផង»។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យរដ្ឋមន្ត្រីគ្រប់ក្រសួង ត្រូវពិនិត្យមើល តើមានមន្ត្រីណាខ្លះ មិនបានចាក់? ក្នុងនោះ កងទ័ពចាក់បានច្រើន ដោយសារតែសម្តេច ទៀ បាញ់ បានតាមដានដិតដល់។

រីឯក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចាក់លើសចំនួនវ៉ាក់សាំង ដែលនេះជាកាយវិការល្អ ដែលខ្ញុំលើកទឹកចិត្ត ព្រោះអ្នកថែសួន និងមន្ត្រីកិច្ចសន្យា បានសុំមកចាក់ដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា

«ក្រសួងនានា រដ្ឋមន្ត្រី ធ្វើការបូកសរុបមន្ត្រីរបស់ខ្លួនមានប៉ុន្មានភាគរយ ដែលបានចាក់រួចហើយ ហើយនៅសល់ប៉ុន្មាននាក់ ដែលមិនបានចាក់ បន្ទាប់ពីដូសទី២ នៃអ្នកដែលបានទទួលចាក់ហើយ អ្នកដែលមិនទាន់បានចាក់គប្បីកុំឲ្យចូលមកក្រសួង ដែលនាំជំងឺចូលមកកាន់ក្រសួងរបស់ខ្លួន ទុកឲ្យគាត់ដេកនៅផ្ទះ រង់ចាំចាក់វ៉ាក់សាំងរួចសិន ចាំចូលមក ក៏មិនទាន់យឺតពេល។ តែខ្ញុំគិតថា ពុំមានពេលបញ្ជូនវ៉ាក់សាំងឲ្យទៀតទេ!

យើងត្រូវបញ្ជូនវ៉ាក់សាំង ឲ្យទៅកន្លែងផ្សេង ជាពិសេសចាក់ជូនប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យបានមុនគេ ដើម្បីធានាភាពស៊ាំ ទៅនឹងជំងឺនានា ដែលខ្ញុំ ចេញបទបញ្ជាពីល្ងាច»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាផ្ទាល់មាត់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសអភិបាលខេត្ត អភិបាលស្រុក ត្រូវតែពិនិត្យចំពោះមន្ត្រីក្រោមឱវាទ គ្រប់បណ្តាមន្ទីរជុំវិញខេត្ត ត្រូវតែត្រួតពិនិត្យថា

តើមន្ត្រីណាខ្លះ បានចាក់រួច មន្ត្រីណាខ្លះ មិនទាន់ចាក់ ដើម្បីជៀសវាងការគេចវេះណាមួយ ចំពោះវ៉ាក់សាំង ហើយដែលការគេចវេះនោះ វាមិនត្រឹមតែបំផ្លាញជីវិតរបស់ពួកគាត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែបានចូលរួមចំណែក បំផ្លាញជីវិតអ្នកដទៃ នៅតាមស្ថាប័ន ដែលខ្លួនធ្វើការ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា

«ក្នុងករណីខកខានមិនបានចាក់វ៉ាក់សាំងដោយចេតនា យើងមិនគួរគប្បីអញ្ជើញពួកគាត់ឲ្យមកធ្វើការនោះទេ។ សូម្បីតែមន្ត្រីរាជការ ដែលត្រូវជ្រើសរើសថ្មី មន្ត្រីជាប់កិច្ចសន្យា ដែលត្រូវជ្រើសរើសថ្មី ត្រូវតែមានលក្ខខណ្ឌមួយតម្រូវជាចាំបាច់ គឺត្រូវបានចាក់វ៉ាក់សាំងរួចហើយ ទើបអនុញ្ញាតឲ្យជ្រើសរើសចូលក្របខណ្ឌ ឬក៏ប្រលងចូលក្របខណ្ឌ។

បើមិនដូច្នោះទេ វ៉ាក់សាំងដែលយើងត្រូវចាក់រង្វង់ពី ១០លាន ទៅ ១៣លាននាក់ នឹងអាចក្លាយទៅជាឥតន័យ ដោយសារតែមនុស្សមួយចំនួន មិនទទួលយក។ យើងសុខចិត្តឲ្យពួកគាត់នៅផ្ទះ។

យើងសុខចិត្តឲ្យពួកគាត់ចាកចេញពីការងារ ហើយយើងសុខចិត្តជ្រើសរើសមន្ត្រីថ្មី ចូលធ្វើការជំនួសវិញ ព្រោះបញ្ហានេះ ជាបញ្ហាសុខភាពសាធារណៈ។

បញ្ហាស្ម័គ្រចិត្ត ជាបញ្ហាមួយហើយ ប៉ុន្តែយើងត្រូវគិតអំពីផលប្រយោជន៍រួមរបស់ជាតិ អំពីសុខភាពសាធារណៈជាចាំបាច់។ ករណីលើកលែងតែមួយគត់ គឺគ្រូពេទ្យ ធ្វើការបញ្ជាក់ថា បុគ្គលនេះ មិនអាចចាក់វ៉ាក់សាំងបានទេ! ហើយការបញ្ជាក់នេះទៀតសោត ជៀសវាងនូវការឃុបឃិតរវាងគ្រូពេទ្យជាមួយនឹងអ្នកមិនចាក់វ៉ាក់សាំង។

ដូច្នេះមន្ត្រីនៅថ្នាក់ខេត្ត ត្រូវមានការបញ្ជាក់ពីមន្ទីរសុខាភិបាល ថ្នាក់ខេត្តតែម្តង ដើម្បីកុំឲ្យមានការស៊ុំគ្រលំ។

ឯនៅភ្នំពេញក៏ដូចគ្នាដែរ គឺគប្បីត្រូវតែមានការបញ្ជាក់ពីទីកន្លែងណាជាក់លាក់ ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ជូនមន្ត្រីរាជការស៊ីវិលនៅថ្នាក់ជាតិ ទាំងស្ថាប័ននីប្បញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នធម្មនុញ្ញផ្សេងទៀត

ដូចជា ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងក្រសួងព្រះបរមរាជវាំង។ គ្មានការឃុបឃិតណាមួយ បញ្ជាក់ពីគ្រូពេទ្យណាម្នាក់ ថាមិនអាចទទួលចាក់វ៉ាក់សាំងបានទេ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្វីដែលសម្តេចលើកឡើងនេះ មិនមែនជាការរើសអើងរវាងអ្នកចាក់វ៉ាក់សាំង និងអ្នកមិនចាក់វ៉ាក់សាំងនោះទេ។ ការលើកឡើងនេះ គឺចង់ធ្វើឲ្យទាំងអស់គ្នា ចូលរួមចំណែកទប់ស្កាត់កូវីដ១៩ ហើយគឺមិនត្រូវឲ្យនរណាមួយ គឺអន្តរាយខ្លួន ដោយមិនបានធ្វើការដាស់តឿននោះទេ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «យើងមិនចាំបាច់ធ្វើការរើសអើងរវាងគ្នានឹងគ្នាទេ។ ក៏ប៉ុន្តែការរើសអើងរបស់យើង គឺធ្វើទៅលើកូវីដ១៩តែប៉ុណ្ណោះ។ ដូច្នេះបុគ្គល ដែលមិនទទួលវ៉ាក់សាំង ជាបុគ្គល ដែលងាយទទួលកូវីដ១៩។

ដូច្នេះច្បាស់ជាយើងរើសអើង ជាមួយនឹងកូវីដ១៩ ឯណោះ ទៅវិញទេ។ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវ និងសូមបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលមានចេតនាគេចវេះ មិនទទួលវ៉ាក់សាំង គឺជាអ្នកដែលអាច និងងាយបាត់បង់ការងារធ្វើ

ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្ត្រីរាជការស៊ីវិល ទាំងនៅថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងមន្ត្រីជាប់កិច្ចសន្យា ដែលពេលនេះ យុទ្ធនាការនៃការចាក់វ៉ាក់សាំង កំពុងប្រព្រឹត្តិទៅ មិនទាន់ហួសពេលទេ!

សូមឯកឧត្តម លោកជំទាវ លោក លោកស្រីនាងកញ្ញា ជាមន្ត្រីរាជការស៊ីវិល ជាកងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់បានចាក់វ៉ាក់សាំង ស្វះស្វែងទៅរកវ៉ាក់សាំងចាក់ ដើម្បីការពារជីវិតរបស់ខ្លួន និងការពារនូវការងាររបស់ខ្លួនផងដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នេះមិនមែនជាការជំរុញការរើសអើងពីការចាក់វ៉ាក់សាំងនោះទេ តែនេះជាការដាស់តឿន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ សម្រាប់សាម៉ីខ្លួនផង សម្រាប់អង្គភាព ដែលត្រូវធ្វើការផង។

ច្បាស់ណាស់ ការគេចវេះនោះ គឺត្រូវគេចក្រសួងរហូត ដែលមិនអាចចូលក្រសួងបាន ហើយរដ្ឋមន្ត្រីនិមួយៗ ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ហើយសូមរាយការណ៍ទៅក្រសួងមុខងារសាធារណៈ ហើយក្រសួងមុខងារសាធារណៈ ត្រូវធ្វើការបូកសរុបពីចំនួនមន្ត្រី ដែលបានចាក់វ៉ាក់សាំងរួចហើយ ហើយជូនមកនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងជាព័ត៌មាន សម្រាប់ការធ្វើជំរឿន ធ្វើបច្ចុប្បន្នភាព និងស្វះស្វែងរកវ៉ាក់សាំង សម្រាប់ការចាក់នៅពេលក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវជាថ្មីទៀតដល់មន្ត្រីរាជការទាំងអស់ ឲ្យចូលរួមទាំងអស់គ្នា ទទួលយកវ៉ាក់សាំង ព្រោះវាមិនមែនជាថ្នាំពុលទេ គឺវាជាផ្នែកមួយនៃការការពារខ្លួនរបស់យើង ហើយក៏ជាផ្នែកមួយនៃការការពាររួមនៃស្ថាប័ន និងសង្គមជាតិរបស់យើងផងដែរ ហើយចុងក្រោយ វានឹងការពារឆ្នាំងបាយរបស់យើងតែម្តង៕

រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ផង។

ដកស្រង់ពី៖ កោះសន្តិភា