រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយនិងក្រុមគ្រូពេទ្យ កំពុងតែចុះយកសំណាកពីក្រុមអាជីវករ និងអ្នកចេញ-ចូលផ្សារចាស់ចំនួនជាង២០០នាក់ ក្រោយពីត្រូវបានបិទខ្ទប់ផ្សារចាស់តាំងពីវេលាម៉ោង៨ព្រឹកមកនោះ។
បើតាមប្រភពព័ត៌មានបានប្រាប់ថា ព្រឹកនេះដែរ គឺមានក្រុមអាជីវករលក់ដូរតាមតូប និងអ្នកចេញ-ចូលទិញអីវ៉ាន់ចំនួនជាង២០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាករកមេរោគកូវីដ១៩ ហើយនឹងមានក្រុមអាជីវករផ្សារនិងមនុស្សមួយចំនួនទៀត ក៏កំពុងតែមកឱ្យក្រុមគ្រូពេទ្យយកសំណាកផងដែរ។ពាក់ព័ន្ធនឹងការបិទផ្សារចាស់នេះដែរ
គឺបន្ទាប់ពីក្រុមអាជីវករលក់ដូរក្នុងផ្សារចំនួន៧នាក់មកហើយ ក្នុងនោះមានប្រុស៣នាក់ និងស្រី៤នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទើបក្នុងពេលនេះ ត្រូវបានបិទផ្សារចាស់ និងចុះយកសំណាក។
ហើយពាក់ព័ន្ធនឹងការបិទដំណើរការផ្សារចាស់នេះដែរ គេនៅមិនទាន់ដឹងថា ត្រូវបិទដល់ពេលណានោះទេ ហើយក៏មិនទាន់ដឹងថា បើកវិញនៅពេលណាដែរ ដោយរង់ចាំបទបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ
។ ហើយចំណែកឯការធ្វើសំណាកទៅលើក្រុមអាជីវករនេះដែរ ក៏នៅមិនទាន់បានដឹងពីលទ្ធផលដែរ ដោយក្រុមគ្រូពេទ្យកំពុងតែធ្វើការយកសំណាកយ៉ាងញាប់ដៃញាប់ជើងនៅឡើយ។
ដកស្រង់ពី៖ កោះសន្តិភាព