Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្ថាធិប្បាយ៖ ឆ្លងច្រើនរាល់ថ្ងៃ បានធ្វើអោយមនុស្សស៊ាំ ហើយហាក់ដូចជាលែងភ័យ

  • បោះពុម្ព

ភ្នំពេញ៖ សកម្មភាពនៃការរកស៊ី និងការធ្វើដំណើរមិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានាទេ ពេលនេះ ហាក់ដូចជាធម្មតាឡើងវិញ។

ចំណែកអារម្មណ៍ ដែលធ្លាប់តែភ័យខ្លាចកូវីដ១៩ ហាក់ដូចជាថយចុះ ដោយប្រៀបដូចជាការកើនឡើងនៃកូវីដ១៩នេះ បានធ្វើអោយមនុស្សស៊ាំនឹងស្ថានភាពមួយនេះ។

ស្ថានភាពលែងភ័យ គឺមិនអីទេ ប៉ុន្តែសូមកុំអោយបាត់បង់ការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏សាហាវនេះ។ក្នុងខែឧសភានេះ ចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើងខ្ពស់ គឺចាប់ពីថ្ងៃទី១ឧសភា មានអ្នកឆ្លង ៧៣០នាក់ ចំនួននេះ ចេះតែកើនឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ ទើបថយមកវិញ។

ក្នុងនោះ នៅខែឧសភានេះ ឆ្លងច្រើនជាងគេ មានចំនួន ៩៣៨នាក់ នៅថ្ងៃទី៣ ខែឧសភា ហើយតិចជាងគេ មានចំនួន ៣៣៥នាក់ នៅថ្ងៃទី១៤ឧសភា។

ក្រៅពីនោះ ចូលខ្ទង់ជាង ៤០០នាក់ ទៅជាង ៥០០នាក់ ជាង ៦០០នាក់ ជាង ៧០០នាក់ និងជាង ៨០០នាក់ ក្នុង ១ថ្ងៃៗ។ ចំណែកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកឆ្លងកូវីដ១៩ ចំនួនចន្លោះពីជាង ៥០០នាក់ ទៅជាង ៦០០នាក់ ក្នុង ១ថ្ងៃៗ ហើយក៏មានអ្នកស្លាប់ ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។

ក្នុងនោះ កាលពីថ្ងៃទី៣០ ខែឧសភា មានអ្នកឆ្លងថ្មី ចំនួន ៦៩០នាក់ ជាសះស្បើយ ៤៤៨នាក់ និងស្លាប់ ៥នាក់។ គិតជាសរុប រហូតដល់ថ្ងៃទី៣១ឧសភា នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដសរុបចំនួន ៣០ ០៩៤នាក់ ជាសះស្បើយ ២២ ៦៣៦នាក់ និងស្លាប់សរុបកើនឡើងដល់ ២១៤នាក់។

ក្នុងចំនួនអ្នកឆ្លងកូវីដរៀងរាល់ថ្ងៃនេះ នៅភ្នំពេញ មានច្រើនជាងគេ ហើយតាមបណ្តាខេត្តមួយចំនួន ក៏មិនតិចដែរ។

ប៉ុន្តែចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅភ្នំពេញ ឈប់ប្រកាសផ្សាយពីអត្តសញ្ញាណ និងពីចំនួនអ្នកឆ្លងកូវីដប្រចាំថ្ងៃទៀតហើយ។ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ឧសភា ក៏លែងឃើញប្រកាស។

រីឯខេត្តមួយចំនួន នៅបន្តផ្សព្វផ្សាយពីអត្តសញ្ញាអ្នកឆ្លងកូវីដ១៩ថ្មី ដែលមានខេត្តខ្លះ រហូតដល់ជាង ១០០នាក់ ក្នុង ១ថ្ងៃក៏មាន។ អំឡុងពេលមានអ្នកឆ្លងរៀងរាល់ថ្ងៃនេះ គឺនៅភ្នំពេញ លែងមានតំបន់ក្រហមទៀតហើយ។

តែមានតំបន់លឿងទុំ ដែលត្រូវបិទខ្ទប់។ នោះគឺផ្នែកខ្លះនៃភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានអត្រាការឆ្លងកើនឡើងថ្មី

ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែនៅភ្នំពេញ ក៏ដូចជានៅបណ្តាខេត្តនានា ឲ្យតែមានអ្នកវិជ្ជមានកូវីដ១៩ គឺផ្ទះ ក្រុមហ៊ុន ឬភោជនីយដ្ឋាននោះ ត្រូវបិទជាបណ្តោះអាសន្ន។

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តាខេត្តមួយចំនួន បានរកឃើញអ្នកឆ្លងកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

មានដូចជា នៅខេត្តស្វាយរៀង ឆ្លងចូលរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្នុងទីក្រុងបាវិត នៅខេត្តតាកែវ ក៏មានច្រើន រីឯនៅខេត្តកណ្តាល ក៏ឆ្លងចូលដល់ក្នុងភូមិ ហើយត្រូវបិទភូមិថែមទៀត។

នៅខេត្តកណ្តាល បានសម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ ក្នុងឃុំពាមរាំង ស្រុកលើកដែក កំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។

វិធានការបិទខ្ទប់នេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ នៅមានតំបន់មួយចំនួន និងផ្សារ ក្នុងខេត្តច្រើនទៀត ដែលត្រូវបិទខ្ទប់តំបន់ឆ្លងកូវីដ ដូចជា នៅប៉ោយប៉ែត នៅសៀមរាប តាកែវ កំពង់ស្ពឺ និងនៅខេត្តកំពង់ចាម ជាដើម។

បើតាមពិនិត្យមើលសេចក្តីប្រកាសប្រចាំថ្ងៃរបស់ក្រសួងភិបាល ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេស នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានខ្ទង់ជាង ៥០០នាក់ ទៅខ្ទង់ជាង ៦០០នាក់ ក្នុង ១ថ្ងៃៗ។

ក្នុងនោះ ក៏មានអ្នកស្លាប់មិនលោះថ្ងៃទេ ហើយច្រើននាក់ថែមទៀតផង។ ប៉ុន្តែមិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តណាណាទេ ប្រជាពលរដ្ឋយើងដោយច្រើន ហាក់លែងភ័យតក់ស្លុតនឹងចំនួនតួលេខនេះ ដូចមុនទៀតហើយ។

លែងភ័យខ្លាច ដូចកំណើនអ្នកឆ្លងកូវីដ អំឡុងកាលពីពេលចូលឆ្នាំ ក៏ពិតមែន តែម្នាក់ៗ មិនថា នៅភ្នំពេញ ឬតាមបណ្តាខេត្តទេ ហើយក៏មិនថា ចាស់ ក្មេង ឬប្រុស ឬស្រីនោះទេ គឺម្នាក់ៗ បានអនុវត្តវិធានការសុខាភិបាល ដូចជា ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា ជាដើម។

ចំនួនអ្នកចេញដើរកម្សាន្តពីភ្នំពេញ ទៅតាមបណ្តារមណីយដ្ឋាននានា នៅតាមខេត្ត ពិសេសនៅថ្ងៃចុងសប្តាហ៍ សៅរ៍-អាទិត្យ សកម្មភាពកីឡា ដូចជាការជិះកង់ ក៏មានសកម្មភាពកាន់តែច្រើនឡើងៗ មិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តទេ នាពេលព្រឹក និងនៅពេលល្ងាចនោះទេ។

ដូច្នេះការប្រកបរបររស៊ី ការប្រកបការងារនៅតាមក្រសួងស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស ក៏ដូចជា ដំណើរកម្សាន្ត និងសកម្មភាពកីឡា ឬការជិះកង់ ត្រូវតែធ្វើឡើងដោយសុវត្ថិភាព។

វិធានការ ៣ការពារ ( ពាក់ម៉ាស លាងដៃ និងរក្សាគម្លាត ) និង ៣កុំ ( កុំជួបជុំមនុស្សច្រើននាក់ កុំចាប់ដៃគ្នា និងកុំទៅកន្លែងបិទជិត ប្រើម៉ាស៊ីនត្រជាក់ ) នៅតែមានប្រសិទ្ធភាព ក្នុងកិច្ចការពារជំងឺកូវីដ១៩។

ចូរកុំភ្លេចថា បើទោះបីជាអ្នកចាក់វ៉ាក់សាំងរួចទាំង ២ដូសហើយក៏ដោយ ក៏នៅតែអាចឆ្លងកូវីដបានដែរ។ គ្រាន់តែថា អ្នកចាក់វ៉ាក់សាំងរួច បើឆ្លង អាចនឹងមិនគ្រោះថ្នាក់ រហូតដល់ស្លាប់នោះទេ។

តែក្រុមគ្រួសាររបស់អ្នក ពិសេសកុមារអាយុក្រោម ១៨ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំងបាន ច្បាស់ជាមានហានិភ័យ អាចឆ្លងកូវីដពីអ្នកជាមិនខាន បើអ្នកប្រហែស ឲ្យឆ្លងកូវីដនោះ៕

ដកស្រង់ពី៖ កោះសន្តិភាព