បណ្តាញសង្គម

រដ្ឋាភិបាល​ កំពុង​គិតគូរលើកកម្ពស់ ​ប្រាក់រៀល​ សម្រាប់​ឆ្នាំ​២០១៥ -២០២០ ​

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា គណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានកំពុងពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង គោលនយោបាយជាតិ លើកកម្ពស់ ការប្រើប្រាស់រៀល សម្រាប់ ឆ្នាំ២០១៥ -២០២០ ដែលរៀបចំ ដោយ ធនាគារជាតិ នៃកម្ពុជា ដើម្បីលើកកម្ពស់ ការចាយប្រាក់រៀល ។

កាលពីថ្មីៗនេះ ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ដ្រី ប្រចាំការបានដឹកនាំ កិច្ចប្រជុំមួយកិច្ចប្រជុំ ដើម្បីពិភាក្សាលើ សេចក្ដីព្រាង គោលនយោបាយជាតិ លើកកម្ពស់ ការប្រើប្រាស់រៀល នៅកម្ពុជា សម្រាប់ឆ្នាំ២០១៥ -២០២០ ដោយបានការអញ្ជើញ ចូលរួមពី ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធាន ប្រចាំការ ឯកឧត្តុម ជា ចាន់តូ អគ្គទេសា ភិបាល នៃធនាគារជាតិ នៃកម្ពុជា និងជាអនុ-ប្រធាន និងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ដ្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ។

មន្ដ្រីនាំពាក្យ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ដោយផ្អែក តាមការសិក្សាជាច្រើន និងការពិភាក្សា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរួមទាំង ដៃគូអភិវឌ្ឍ ធនាគារជាតិ នៃកម្ពុជា បាន ដឹកនាំរៀបចំ ធ្វើសេចក្ដីព្រាងគោល នយោបាយជាតិ លើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀល នៅកម្ពុជាសម្រាប់ឆ្នាំ ២០១៥ -២០២០ ។

ឪមន្ដ្រីអះអាងថា ឯកសារ គោលនយោបាយនេះ មាន សារសំខាន់ណាស់ សម្រាប់កម្ពុជា និង ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ហើយក៏ជាលើកទីមួយផងដែរ ចាប់តាំងពីទសវត្សរ៍ទី ៩០មក កម្ពុជាមិនទាន់មាន គោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀលនៅ ឡើយទេ ។

ដូច្នេះក្នុងពេល អនាគតដ៏ខ្លី ខាងមុខឯកសារ គោលនយោបាយនេះ នឹងត្រូវដាក់ឱ្យអនុវត្ដ ដើម្បីលើកកម្ពស់ កិត្យានុភាព និងអធិបតេយ្យភាពរបស់ កម្ពុជាទាំងផ្នែក នយោបាយ និងសេដ្ឋកិច្ច ។ ម្យ៉ាងវិញទៀត ឯកសារនេះមាន គោលបំណងសំខាន់ គឺដើម្បីឆ្លើយតប ទៅនឹងទស្សនៈវិស័យ វែងឆ្ងាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ ច្បាស់ក្នុងយុទ្ធសាស្ដ្រ ចតុកោណដំណាក់ កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍ ជាតិឆ្នាំ២០១៤ -២០១៨ និងយុទ្ធសាស្ដ្រអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០១១ -២០២០ ដើម្បីឈានទៅកាត់ បន្ថយជាបណ្ដើរៗនូវការពឹងផ្អែក របស់ សេដ្ឋកិច្ចជាតិទៅលើ រូបិយប័ណ្ណបរទេស ។

មន្ដ្រីមិន បានអធិប្បាយលម្អិត ឱ្យដឹងពីគោលនយោបាយ លើកកម្ពស់ ប្រាក់រៀលនេះយ៉ាងណាទេ ។ គ្រាន់តែ ប្រាប់ថា ជាលទ្ធផល អង្គប្រជុំបាន ឯកភាព និងវាយតម្លៃខ្ពស់ចំពោះការ រៀបចំសេចក្ដីព្រាង ។ អង្គប្រជុំបាន ឯកភាពបង្កើត ក្រុមការងារមួយដែល មានធនាគារជាតិជាប្រធានដឹកនាំ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងពាណិជ្ជកម្ម ជាសមាជិកដើម្បី បន្ដការងាររៀបចំ និងពិភាក្សាបញ្ចប់ ការងារដែលនៅ សេសសល់ដើម្បីឱ្យ សេចក្ដីព្រាងនេះ បញ្ចប់បានឆាប់តាម ដែលអាចធ្វើបាន និងប្រកបដោយ គុណភាព និងគ្រប់ជ្រុងជ្រោយ ៕

ដកស្រងពី៖រស្មីកម្ពុជា