Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា បង្ហាញពីការអភិវឌ្ឍសង្គម ក្រោយងើបពីវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទៅកាន់វេទិកាអន្តរជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចនៅក្នុងសប្តាហ៍នេះ បានធ្វើការជជែកគ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ក្រោយពីវិបត្តិនៃសង្គ្រាមដ៏រ៉ាំរ៉ៃកាលពីអតីតកាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរាតត្បាតជាសកល។

វេទិកាជជែកពិភាក្សាកម្រិតអន្តរជាតិ ធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) ដែលមានការចូលរួមពីវាគ្មិន និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីៗមកពីប្រទេសចិន ថៃ និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជានេះ ក្រោមប្រធានបទ៖ «ក្រឡេកមើលប្រវត្តិសាស្រ្តកម្ពុជា ក្នុងអំឡុង និងក្រោយសង្គ្រាមស៊ីវិល ដែលបានកន្លងផុតទៅកន្លះសតវត្សរ៍ និងការប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរនៃការរាតត្បាតរាតត្បាតសកលដោយសារជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

អង្គវេទិកា បានលើកឡើងនូវប្រធានបទចំនួន៣សំខាន់ៗ គឺ១៖ ឥទ្ធិពលនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងវៀតណាម ដែលធ្វើឱ្យកម្ពុជារងគ្រោះដោយសារការទម្លាក់គ្រាប់បែក និងសង្គ្រាមស៊ីវិលនៅកម្ពុជា,

ទី២៖ ការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ក្រោយពីសង្គ្រាម ដោយមានការចូលរួមពីអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិក និងកម្ពុជា ដើម្បីទំនាក់ទំនងអន្តរជាតិ សំដៅប្រែក្លាយសង្គម និងការលើកស្ទួយជីវភាពរបស់ប្រជាជន និង៣៖ ការយល់ឃើញខុសគ្នាចំពោះទស្សនផ្សេងៗគ្នារបស់ប្រជាជនកម្ពុជាទៅលើទំនាក់ទំនងកម្ពុជាជាមួយចិននិងអាមេរិក។

លោកស្រី សេង ម៉ារីណា ជំនួយការនៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា ក្រោយបញ្ចប់សង្គ្រាម រាជរដ្ឋាភិបាលបានខិតខំបំផុតក្នុងស្តារប្រទេសជាតិ និងលើកស្ទួយជីវភាពឱ្យមានភាពល្អប្រសើរដូចសព្វថ្ងៃ។

ចំណែក បច្ចុប្បន្ននេះ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធានាសុខុមាលភាពរបស់ប្រជាជន និងស្តារសេដ្ឋកិច្ច តាមរយៈដាក់ចេញកម្មវិធីនយោបាយជាច្រើន ក៏ដូចជាស្វែងរកជំនួយ និងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

លោក ជា មន្នីរិទ្ធ ប្រធានសមាគមអ្នកស្រាវជ្រាវការវិវឌ្ឍ នៃទំនាក់ទំនងរវាងកម្ពុជាចិន លើកឡើងថា ក្នុងអំឡុងពេលកម្ពុជាជួបការរាតត្បាតដោយជំងឺកូវីដ១៩ គឺរដ្ឋាភិបាលចិនជួយកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់បំផុត

ក្នុងនោះមានទាំងបញ្ជូនគ្រូពេទ្យជំនាញពីប្រទេសចិន មកជួយបណ្តុះបណ្តាលគ្រូពេទ្យនៅកម្ពុជា ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្ភារវេជ្ជសាស្ត្រ និងជំនួយចំាំបាច់មួយចំនួនទៀត ខណៈក្រោយសង្រ្គាមនៅកម្ពុជា ចិនគឺជាដៃគូដ៏សំខាន់មួយដែលចូលរួមអភិវឌ្ឍន៍ តាមរយៈផ្តល់ជំនួយ និងកម្ចីហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន វិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ ទេសចរណ៍ ជាដើម។

លោកសាស្រ្តាចារ្យ តេង កៃ (Debg Kai) ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យគ័ងស៊ីប្រទេសចិន លើកឡើងថា សហរដ្ឋអាមេរិក បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈជំរុញឱ្យអង្គការដែលស្ថិតក្រោមការគ្រប់គ្រងរដ្ឋាភិបាលរបស់ខ្លួន និងអង្គការសហប្រជាជាតិ មកធ្វើការងារជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា។

អង្គការមិនមែនរដ្ឋាភិបាលទាំងនេះ ភាគច្រើនផ្តល់លើការងារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អភិវឌ្ឍន៍ជនបទ កម្មវិធីអប់រំ អនាម័យនិងសុខភាព កសិកម្ម ការដោះមីននិងគ្រប់មិនទាន់ផ្ទុះ ជាដើម។

លោកបណ្ឌិត Yang Baoyun សាស្ត្រាចារ្យមកពីប្រទេសថៃ កត់សម្គាល់ថា រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ជាងកន្លះសតវត្សរ៍មកនេះ បានចំណាយពេលវេលាយ៉ាងច្រើន ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅ ដោយខិតខំបង្កើនការអប់រំ ធនធានមនុស្ស អភិវឌ្ឍន៍វិស័យកសិកម្ម ឧស្សាហកម្ម ស្ពាន ផ្លូវថ្នល់ ជាដើម។

ចំណែកបច្ចុប្បន្ន ក៏កំពុងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា បើទោះបីស្ថិតក្នុងដំណាក់កាលរាតត្បាតជាសកលដោយជំងឺកូវីដ១៩៕

ដកស្រង់ពី៖Fresh News