ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានចុះស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍នៅខេត្តព្រះវិហារ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
ភ្នំពេញ: រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានដឹកនាំប្រតិភូក្រសួង ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មាន ១០ ស្ថាប័នទៅទស្សនានិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
ដំណើរទស្សនកិច្ចសិក្សាដែល លោក រដ្ឋលេខាធិការបានថ្លែងថាធ្វើឡើងដើម្បី បង្ហាញពីសក្តានុពលនៃធនធានធម្មជាតិ និងសត្វព្រៃកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការដៃគូនិងសហគមន៍តំបន់ការពារធម្មជាតិ ដែលបាននិងកំពុងរួមសហការគ្នាការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃនានា។
នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាននឹងជួបសំណេះសំណាលពិភាក្សាការងារលើការពង្រឹងការងារគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ ជាមួយថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងចុះពិនិត្យការងារល្បាតនិងនៅតាមដែនជម្រកសត្វព្រៃមួយចំនួន។
នាឱកាសនៃដំណើរទស្សនកិច្ចនេះ លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា នឹងជួប ជាមួយអង្គការដៃគូរបស់ក្រសួងបរិស្ថានគឺអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS)
ដែល កំពុងធ្វើកិច្ចសហប្រតិបត្តិការចូលរួមក្នុងកិច្ចការងារអភិរក្សនៅក្នុងតំបន់ការពារធម្មជាតិចំនួន ៤ នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦.១២៩,៤១ហិចតា។
តំបន់ការពារធម្មជាតិទាំង បួនគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត១០.០០០ គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត ៥ប្រភេទ មាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកសជាដើម។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខា ធិការក្រសួងបរិស្ថានក៏នឹងចូលរួមបើកកម្មវិធីជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ និងស្វែងយល់ពីកម្មវិធីស្រូវត្រយងដែលអនុវត្តដោយអង្គការ WCS ព្រមទាំងតួនាទី សមិទ្ធផលដែលអង្គការដៃគូបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះនៅខេត្តព្រះវិហារ។
រដ្ឋលេខាធិការក្រសួងបរិស្ថានជឿជាក់ថាតាមរយៈដំណើរទស្សនកិច្ច និងការចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ និងកិច្ចការដែលរាជរដ្ឋាភិបាលនិងដៃគូបានធ្វើក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិនៅពេលនេះ
នឹងរួមចំណែកបន្ថែមទៀតលើការយល់ដឹងរបស់ពលរដ្ឋអំពីសារៈប្រយោជន៍នៃធនធានធម្មជាតិ និងបានជ្រាបពីជីវភាពរបស់នៅរបស់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិកាន់តែខ្លាំង និងចូលរួមអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕
ដកស្រង់ពី៖ រស្មីកម្ពុជា