បណ្តាញសង្គម

សម្តេច​តេ​ជោ​ ប្រកាស​ដាច់ខាត ​មិន​ឲ្យ​មាន ​បដិវត្តន៍​ពណ៌​ កើត​មាន​នៅ​កម្ពុជា​ឡើយ

ភ្នំពេញ ៖ នៅក្នុងសង្កថា កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ សម្តេចអគ្គមហា សេនាបតីតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាដាច់ខាតថា មិនឲ្យមាន បដិវត្តន៍ពណ៌ កើតមាននៅក្នុងប្រទេសកម្ពុជា នោះឡើយ ។

នៅក្នុងពិធីបិទសិក្ខា សាលាបូកសរុបការងារ កែទម្រង់កងយោធពល ខេមរភូមិន្ទ ៥ឆ្នាំ (២០១០ -២០១៤) និងទិសដៅអនុវត្តន៍ ៥ឆ្នាំ (២០១៥ -២០១៩) នៅទីស្តីការក្រសួង សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់កម្ពុជាយើង កន្លងទៅ យើងបានឃើញយ៉ាងច្បាស់ នូវឧបាយកលផ្តួលរំលំ តាមរយៈនៃការផ្លាស់ប្តូរ តាមចិញ្ចើមថ្នល់ ។ សម្តេចថ្លែងថា ក្នុងស្ថានភាពនេះ កម្លាំងប្រដាប់អាវុធ របស់យើងបានធ្វើសកម្មភាព ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជ រដ្ឋាភិបាលស្របច្បាប់ និងសូមអគុណ ជាមួយនឹងការប្តូរផ្តាច់ ទាំងឡាយ ដែលការពារ បាននូវសមិទ្ធផល នៃសង្គមជាតិ ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សកម្មភាពទាំងនេះ មិនទាន់បញ្ចប់ទេ ពិតមែនតែមានភាព ស្ងប់ស្ងាត់ ក៏ប៉ុន្តែត្រូវតាមសម្លឹងមើលនូវបាតដៃទី៣ ដែលកំពុងធ្វើសកម្មភាព លួចលាក់ ។ ចំណុចទាំងអស់នេះ ជាចំណុចដាច់ខាត មិនត្រូវឲ្យមាន បដិវត្តន៍ពណ៌ នៅក្នុងប្រទេសកម្ពុជានោះទេ ។

មិនថាបដិវត្តន៍ ពណ៌នោះ វាចេញមកពីទីណាទេ ចាំបាច់ត្រូវធ្វើ សកម្មភាពបន្ទាន់ ហើយយើង គ្មានការញញើត ណាមួយ ចំពោះការធ្វើសកម្មភាពប្រឆាំង ជាមួយនឹងក្រុមខិល ខូចដែលមានការប៉ុនប៉ង ធ្វើឲ្យកម្ពុជាធ្លាក់ ទៅក្នុងសង្គ្រាមស៊ីវិល ឬការដណ្តើមអំណាច មិនស្របច្បាប់នោះ ។

សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅកម្ពុជាគ្មានទេ របស់ដែលហៅថា អព្យាក្រឹត រវាងកម្លាំង ប្រដាប់អាវុធ ជាមួយនឹងរាជរដ្ឋាភិបាល ។ សម្រាប់ការបំពាន ណាមួយពីគណបក្សនយោបាយ ពីក្រុមណាក៏ដោយមក លើច្បាប់មកលើរដ្ឋ ធម្មនុញ្ញ មកលើជាតិ សាសនា ព្រះមហាក្សត្រ មកលើរាជរដ្ឋាភិបាល ចាំបាច់ត្រូវ មានសកម្មភាព វាយបកបន្ទាន់ ព្រោះនេះជាភារកិច្ច របស់រាជរដ្ឋាភិបាល ហើយរឿងនេះ ត្រូវដកពិសោធន៍ ពីបដិវត្តន៍ពណ៌ នៅប្រទេសមួយចំនួន ។ ចំពោះសភាពការណ៍ អន្តរជាតិវិញ សម្តេចតេជោបានថ្លែងថា យើងមិន នឹកស្មានថា នៅដើមសតវត្សរ៍ទី២១ នេះ សភាពការណ៍ពិភពលោក បែរជាជ្រួល ច្របល់យ៉ាងដូច្នេះទេ ។

នៅមជ្ឈិមបូព៌ាពេលនេះ ប្រទេសមួយចំនួន តំបន់មួយ ចំនួនកំពុងស្ថិតនៅក្នុង ស្ថានភាពដ៏គ្រោះថ្នាក់ ដោយតំបន់មួយចំនួនត្រូវកាន់ កាប់ដោយកម្លាំង ភេរវកម្ម គឺពួករដ្ឋឥស្លាម ហើយនៅតំបន់មួយចំនួន ទៀតនៅ ក្នុងទ្វីបអាហ្វ្រិក ក៏មានសង្គ្រាម ជាបន្តបន្ទាប់ ហើយអំពើឃោរឃៅ ទាំងឡាយ ដែលបានកើតឡើងមានភាព សាំញ៉ាំជាមួយ នឹងមនោគមវិជ្ជាសាសនា និង បញ្ហាដទៃទៀត ៕

ដកស្រង់ពី៖កម្ពុជាថ្មី