Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩ កំពុងតែ​ញាំញី​ពិភពលោក

  • បោះពុម្ព

នេះជាការលើកឡើង នៅក្នុងសេចក្តីថ្លែង ការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរា ជាណាចក្រកម្ពុជា នៅក្នុងសន្និសីទ នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី “ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុច នៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតប ទៅនឹងការប្រឈមពិភពលោក” នៅថ្ងៃទី ១៣ និងទី១៤ ខែកក្កដា ឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា “នាពេលបច្ចុប្បន្ន ក្នុង ចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងញាំញីពិភពលោក ក្នុងរយៈពេល០២ ឆ្នាំចុងក្រោយនេះ រួមនឹងការប្រណាំង ប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ គឺជាដំណាក់កាលដ៏អាក្រក់បំផុត នៃវិបត្តិផ្នែកសុខភាព សេដ្ឋកិច្ច-សង្គមកិច្ច និងមនុស្សធម៌។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កម្ពុជាជឿជាក់យ៉ាងមុតមាំថា ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទាំងនេះ ការខិតខំប្រឹងប្រែងកិច្ចសហប្រតិ បត្តិការពហុភាគី គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន នៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកបន្តថា ខណៈដែលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត យើងត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។

ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានាដែលយើងកំពុងជួបប្រទះ ត្រូវការចាំបាច់នូវវិធីសាស្ត្ររួមមួយ ដែលកើតចេញពីការសាមគ្គីភាព ការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្មារតីមនុស្សធម៌។

នៅក្នុងបរិបទនេះ កិច្ចការនៃចលនាមិនចូលបក្សសម្ព័ន្ធ មានសារៈ សំខាន់បំផុត ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សទាំងពួង។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនលើកឡើងទៀតថា ការទាក់ទាញការវិនិយោគផ្នែកបច្ចេកវិទ្យានៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងសុខាភិបាល នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច។

ចំពោះកម្ពុជា មានតែនៅក្នុងក្របខ័ណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍អន្តរជាតិនឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។

ការគ្រាន់តែរៀបរាប់ពីពហុភាគី និយមដើម្បីផលប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក នោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ។

ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់។

បើសិនជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេ យើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៊ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះទេ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា តាមប្រវត្តិសាស្ត្រចលនាមិនចូលបក្សសម្ព័ន្ធបានផ្តួចផ្តើមគំនិត នៃទំនាក់ទំនងអន្តរជាតិ ដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី។

លោកជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពិភពពហុភាគី នៃការក្រកួតប្រជែងប្រកបដោយគ្រោះថ្នាក់ គំនិត នៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបានបង្កើតឡើងដោយសហស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ

គឺនៅតែមានភាពសមស្របជាងពេលណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់គំនិតនេះ ម្តងទៀតនោះទេ៕

ដកស្រង់ពី៖ កម្ពុជាថ្មី