បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការស្ថាបនាផ្លូវមួយចំនួន នៅខេត្តព្រះសីហនុ និងខេត្តកែប

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធកម្មវិធី Zoom ដេីម្បីពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការស្ថាបនាផ្លូវមួយចំនួន នៅខេត្តព្រះសីហនុ និងខេត្តកែប ។

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន,

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាសមាជិក, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាសមាជិក, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.អ.ឆ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ដ.ន.ស ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន សរុបប្រមាណ៦៣រូប។

កិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់មួយចំនួនរួមមាន៖

*ទី១៖ វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ការរៀបចំផែនការចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួល ការបង្ហោះដ្រូនថតរូបភាពពីលើអាកាសនៅខេត្តព្រះសីហនុសម្រាប់ការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

*ទី២៖ វឌ្ឍនភាពនៃការស្ថាបនាផ្លូវតភ្ជាប់ពីវិថី ២ធ្នូ ចំណុចឆ្នេរសុខា ទៅផ្លូវលេខ៥០២ ចំណុចឆ្នេរអូរឈើទាល ស្ថិតនៅពយតាមូង

*ទី៣៖ វឌ្ឍនភាពនៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយទី១ ស្ថានីយទី២ និងលើកទិសដៅស្ថាបនាស្ថានីយទី៣

*ទី៤៖ គម្រោងប្លង់អភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណះកម្រិតខ្ពស់ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងទី៥៖ ស្ថានភាពថវិការបស់ គ.អ.ឆ.ក.។

កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖ ទី១៖ វឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃបើកសម្ពោធការដ្ឋាននាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានរយៈពេល ៥៥៩ថ្ងៃនិងសម្រេចលទ្ធផលដូចខាងក្រោម៖

* ការងារកម្រាលផ្លូវបេតុង, ការងារដំឡើងលូទឹកភ្លៀងនិងទឹកកខ្វក់, ការងារដំឡើងលូរណប, ការងារអ៊ុតកៅស៊ូ, ការងាររៀបខឿនចិញ្ចើមផ្លូវ, ការងារចិញ្ចើមផ្លូវសាធារណៈ, ការងារគំនូសចរាចរណ៍,

ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍, ការងារដាំដើមឈើ និងការងារស្ថាបនាផ្ទាំងអក្សរ «ខ្មែរធ្វើ» បានសម្រេចបាន១០០% *ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ សម្រេចបាន ៨៤%

*ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦៧% នៅសល់ការងារភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញខ្សែអុបទិកជាមួយកាមេរ៉ា *ការងារស្ថាបនាបន្ទប់ទឹកសាធារណៈចំនួន ៩ទីតាំង

សម្រេចបាន ៩៥% ក្នុងនោះមាន៥ទីតាំងសម្រេចបាន ១០០% *ការងារស្ថាបនារង្វង់មូល និងបដិមាទាំង៣ ក្នុងនោះរង្វង់មូល និងបដិមាចំនួន២ បានបញ្ចប់ការដំឡើងរួចរាល់ គីរង្វង់មូលព្រះសិវៈ និងរង្វង់មូលសីហរាជមុខបី ដោយឡែករង្វង់មូលព្រះថោងនាងនាគ សម្រេចបាន ៩០%។

ក្នុងដំណើរការអនុវត្តគម្រោងខាងលើ គ.អ.ឆ.ក. បានចូលរួមកែលម្អឆ្នេរ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមចាំបាច់ដូចខាងក្រោម៖

*ស្ថាបនាផ្លូវអាទិភាពថ្មីចំនួន៣ខ្សែ ដែលមាន២គន្លងរថយន្ត និង២ ឥន្លងទោចក្រយានយន្ត រួមមាន៖ ផ្លូវលេខ ៨១៨៨ ប្រវែង ៨០៩ម៉ែត្រ ផ្លូវលេខ ៨០១ ប្រវែង ៩៥៦ម៉ែត្រ និងផ្លូវលេខ ៨០៦ ប្រវែង ៧២៨ម៉ែត្រ។

ដូចនេះ ខ្សែផ្លូវសរុបចំនួន ៣៧ខ្សែ ប្រវែងសរុប ៨៤,០៦៥ម៉ែត្រ មានផ្ទៃក្រឡាសរុប ១,៤៧០,៥១១ម៉ែត្រការ៉េ រួមមាន៖ មហាវិថីចំនួន ៣ខ្សែ វិថីចំនួន ១៧ខ្សែ និងអនុវិថីចំនួន១៧ខ្សែ។

*ស្ថាបនា និងជួសជួលពង្រីកស្ថានថ្មីចំនួន ៨ទីតាំង មានប្រវែងសរុប ២៧២ម៉ែត្ររួមមាន៖ ស្ថានសែនត្រជាក់ចិត្ត ប្រវែង ៤៥ម៉ែត្រ, ស្ពានព្រែកទប់ ប្រវែង ៣០ម៉ែត្រ, ស្ពានព្រះសិវៈ ប្រវែង ៥០ម៉ែត្រ

ស្ពានព្រះថោង ប្រវែង ៣០ម៉ែត្រ, ស្ពានទី១ វិថីសែនជ័យ ប្រវែង ១២ម៉ែត្រ, ស្ពានទី២ វិថីសែនជ័យ ប្រវែង ១៥ម៉ែត្រ, ស្ថានទី៣ វិថីសែនជ័យ ប្រវែង ៤៥ម៉ែត្រ និងស្ថានសែនជ័យប្រវែង ៤៥ម៉ែត្រ

*រៀបចំកែលម្អឆ្នេរសមុទ្រប្រវែង ១៨,៨៧៤ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាម ឱ្យមានសោភណភាពឡើងវិញដោយបានបើកឆ្នេរសមុទ្រចំនួន ៣ទីតាំង មានរុងសរុប ៣,១៣៤ម៉ែត្រ រួមមានឆ្នេរពយតាមូង ប្រវែង ១,០៣៤ម៉ែត្រ, ឆ្នេរពយ អូរឈើទាល ប្រវែង ២៥០ម៉ែត្រ និងឆ្នេរពយជំទាវម៉ៅ ប្រវែង ១,៨៥០ម៉ែត្រ។

*រុះរើសំណង់បណ្តោះអាសន្នគ្រប់ប្រភេទតាមបណ្តោយឆ្នេរសមុទ្រ ក្នុងនោះឆ្នេរអូរឈើទាលចំនួន ១២៦ទីតាំង, ឆ្នេរអូរត្រេះ ចំនួន ១៥៦ទីតាំង និងឆ្នេរលំហែរកាយចំនួន ១២ទីតាំង សរុប២៩៤ទីតាំង ដោយជំនួសមកវិញនូវការស្ថាបនាតូបទេសចរណ៍ ផ្លូវថ្មើរជើងប្របឆ្នេរលម្អសាធារណៈ បន្ទប់ទឹកអនាម័យ

កន្លែងអង្គុយកម្សាន្តទស្សនាសមុទ្រ និងទេសភាពក្នុងការដាំដើមឈើបន្ថែមដែលជួយដល់បរិស្ថានឆ្នេរកាន់តែមានភាពល្អប្រសើរ។

*ស្តារប្រឡាយ អូរធម្មជាតិ ចំនួន៦ខ្សែ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានប្រវែងសរុប២៧,១១៧ម៉ែត្រ សម្រេចបាន ២០,៥៤៤ម៉ែត្រ និងមានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៧៣៣គ្រួសារ ក្នុងនោះប៉ះពាល់ទាំងស្រុង ២២៣គ្រួសារ និងប៉ះពាល់ដោយផ្នែក ៥១០គ្រួសារ។

*សម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងការពង្រីកផ្លូវស្របតាមប្លង់សុរិយោដី ដោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ដែលសាងសង់លើដីសាធារណៈ ដោយមិនទាមទារដោះស្រាយផលប៉ះពាល់ ហើយអាជ្ញាធរ និងប្រជាពលរដ្ឋបានចូលរួមថែរក្សាបរិស្ថាន ក្រោយពេលផ្លូវត្រូវបានស្ថាបនារួច។

ទន្ទឹមនេះ គ.អ.ឆ.ក. នឹងបន្តអនុវត្តការងារដូចខាងក្រោម៖

*ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ

*ចុះបង្ហោះដ្រូនថតរូបភាពពីលើអាកាស នៅខេត្តព្រះសីហនុ សម្រាប់ការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

*រៀបចំកម្មវិធី Street View នៅក្រុងព្រះសីហនុ ដោយមានរូបភាពប្រៀបធៀបឆ្នាំ២០១៤ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.អ.ឆ.ក.៖

ដកស្រង់ពី៖ Fresh News