Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្ថាធិប្បាយ៖ បិទព្រំដែនថៃ តែត្រូវខំកាត់ផ្តាច់​កូវីដ ដែលឆ្លងដែនរួចហើយ

  • បោះពុម្ព

ភ្នំពេញ៖ គឺចាប់ពីម៉ោង ១១ និង ៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ តទៅ កម្ពុជា បានសម្រេចបិទព្រំដែនជាមួយថៃជាបណ្តោះអាសន្ន សម្រាប់អ្នកដំណើរចេញ-ចូល។

វិធានការបិទព្រំដែនកម្ពុជារយៈពេល ១៤ថ្ងៃ រហូតដល់ថ្ងៃទី១២ ខែសីហា គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ខេត្ត ចំនួន ៨ ពិសេសខេត្តជាប់ព្រំដែនថៃ និងបានចេញសារាចរណែនាំថ្មី ចំនួន ១១ចំណុច ក្នុងបំណងទប់ស្កាត់កូវីដ បំប្លែងថ្មី Delta។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ អភិបាលខេត្ត នៅជាប់ព្រំដែនថៃ បានសរសេរលិខិតជម្រាបទៅកាន់អភិបាលខេត្តថៃ នៅជាប់ព្រំដែនកម្ពុជា ពីការបិទព្រំដែនជាបណ្តោះអាសន្ន សម្រាប់អ្នកដំណើរចេញ-ចូល ឆ្លងដែនរវាងប្រទេសទាំងពីរ។

នោះគឺដោយសារមានការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេច ស្តីពី ការបិទព្រំដែនកម្ពុជា-ថៃ និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទ ដែលតា( Delta ) ក្នុងខេត្ត ដែលត្រូវបានបិទខ្ទប់។

ការបិទព្រំដែនជាបណ្តោះអាសន្ន ចាប់ពីម៉ោង ២៣ និង ៥៩នាទី នាពាក់កណ្តាលយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល រួមមាន ពលករ អាជីវករ និងពាណិជ្ជករ ប៉ុន្តែលើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេស ដែលមានការអនុញ្ញាតរបស់អាជ្ញាធរ មានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។

ការប្រកាសពីការបិទព្រំដែនជាបណ្តោះអាសន្ននេះ បានធ្វើឡើងភ្លាមៗ ខណៈដែលកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ភូមិសាស្ត្រខេត្តជាប់ព្រំដែនថៃ និងខេត្តមួយចំនួនទៀត សរុប ចំនួន ៨ខេត្ត ដើម្បីទប់ស្កាត់ការរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta)។

ខេត្ត ដែលត្រូវបិទខ្ទប់ ទាំង ៨ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប។

ការបិទខ្ទប់នេះ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣ និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ប្រមុខរាជរដ្ឋាភិបាល ក៏បានចេញនូវសារាចរ ណែនាំ ១១ចំណុច ដើម្បីពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រលកទី៣។

ក្នុងសារាចរថ្មីនេះ ក៏បានកំណត់ឲ្យរាជធានីខេត្តទូទាំងប្រទេស រឹតបន្តឹងនូវវិធានការរដ្ឋបាល ដែលរួមមាន ការហាមឃាត់មុខរបរ ការងារ និងអាជីវកម្មមួយចំនួន រួមទាំងការដាក់ចេញបម្រាមគោចរ ពីចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា ជាដើម។

រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានដាក់ចេញនូវបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ

អាជីវកម្មមួយចំនួន នៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បម្រាមគោចរនេះ ត្រូវអនុវត្តរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ១១ និង៥៩ នាទីយប់ ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា។

វិធានការទាំងនេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ក្រៅពីការផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម

នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺ រដ្ឋបាលរាជធានីភ្នំពេញ ក៏លើកលែងចំពោះ ការធ្វើដំណើរដោយភ្ជាប់ជាមួយលិខិតបញ្ជាបេសកកម្មរបស់មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ជនបរទេសដែលជាមន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ

អ្នកសារព័ត៌មាន មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការដឹកជញ្ជូនទំនិញ-សម្ភារៈ និងគ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន។

ជាមួយគ្នានេះនៅក្នុងអំឡុងពេលអនុវត្តន៍វិធានការរដ្ឋបាលរយៈពេល ២សប្តាហ៍ ចាប់ពីវេលាម៉ោង ១១ និង៥៩ នាទីយប់ ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន

សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែអាចធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន

និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។ក្នុងអំឡុងពេលនេះ ក៏ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន

ដែលមានមនុស្សចូលរួមលើសពី ១០នាក់ លើកលែងតែការជួបជុំ ក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារផ្សេង

និងការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជាដើម។

វិធានការបិទព្រំដែន បិទខ្ទប់ខេត្តជាប់ព្រំដែន រួមទាំងការអនុវត្តនូវបម្រាមគោចរនៅរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ថ្ងៃទី២៩កក្កដា ដល់ថ្ងៃទី១២សីហានេះ បន្ទាប់ពីការរកឃើញអ្នកឆ្លងកូវីដ កាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ លើក្រុមអ្នកឆ្លងដែន មកពីថៃ ចូលខ្ទង់រាប់រយនាក់ ក្នុង១ថ្ងៃៗ។

ក្រៅពីនោះ វត្តមានមេរោគកូវីដបំប្លែងថ្មី ដែលតា ដ៏កាចសាហាវ ក៏ត្រូវបានរកឃើញលើក្រុមអ្នកឆ្លងដែនទាំងនោះ ហើយក៏មានធ្លាយឆ្លងចូលសហគមន៍ច្រើននាក់ដែរ។ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាយើង គឺក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លងថ្មី ៧៦៥នាក់ ជាសះស្បើយ ៦៩៤នាក់ និងស្លាប់ថ្មី ១១នាក់។

ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ថ្មី ទាំង ៧៦៥នាក់ កាលពីថ្ងៃទី២៨ ខែកក្កដា គឺមាន ៣២៨នាក់ ជាករណីនាំចូលពីក្រៅប្រទេស ដែលសំដៅលើអ្នកដំណើរ តាមយន្តហោះ និងដោយច្រើន គឺជាពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ។

គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លងសរុប ៧៥៩១៧នាក់ ករណីជាសះស្បើយសរុប ៦៨៣៨៦នាក់ និងករណីស្លាប់សរុប ចំនួន ១៣៥០នាក់។

ទន្ទឹមនឹងរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចតាមខេត្តរាជធានី ចាត់វិធានការ មានទាំងការបិទខ្ទប់ និងដាក់បម្រាមគោចរផងនេះ គឺប្រជាពលរដ្ឋយើងម្នាក់ៗ ក៏ត្រូវតែចូលរួមគោរព និងការពារខ្លួនពីកូវីដ។ ងាយស្រួលទេ ដោយគ្រាន់តែបន្តអត់ធ្មត់ ១៤ថ្ងៃតទៅទៀត តាមរយៈការបន្តស្នាក់នៅតែក្នុងផ្ទះ កុំជួបជុំគ្នា ពិសេសការជួបជុំផឹកស៊ីគ្រប់រូបភាព។

បើចាំបាច់ ត្រូវចេញទៅក្រៅផ្ទះ ទៅផ្សារ ឬទៅធ្វើការ ក៏សូមទៅដោយប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសពាក់ម៉ាសគ្រប់ពេលវេលា លាងសម្អាតដៃឲ្យបានបើសិនជាយើងអាចជម្នះ និងកាត់ផ្តាច់ការឆ្លងកូវីដ មិនចូលដល់រលកទី៣ នៅក្នុងរយៈពេល ១៤ថ្ងៃនេះបាន នោះស្ថានការណ៍បិទខ្ទប់ ដែលអាចធ្ងន់ធ្ងរជាងនេះ ដូចកាលពីខែមេសា នឹងមិនកើតមានឡើងវិញទេ។

ផ្ទុយទៅវិញ បើម្នាក់ៗ ធ្វេសប្រហែស ហើយភ្លេចខ្លួន នោះយើងនឹងត្រូវមានហានិភ័យខ្ពស់ និងប្រើពេលយូរថែមទៀត ជាមួយនឹងកូវីដដ៏កំណាច ពិសេសមេរោគបំប្លែងថ្មី ដែលតា ដែលពិភពលោក ខ្លាចញញើតនេះតែម្តង។

បើយើងម្នាក់ៗ ធ្វេសប្រហែស នោះការបិទខ្ទប់ ក៏មិនមែនត្រឹមតែ ១៤ថ្ងៃ នៅក្នុងខេត្តទាំង ៨ នៅជាប់ព្រំដែនថៃ ហើយក៏អាចនឹងរាលដាលនូវវិធានការបិទខ្ទប់នេះ មកដល់ខេត្តនៅជួរក្រោយទៀត ក្នុងនោះ ក៏មានទាំងរាជធានីភ្នំពេញផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព