Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ដាក់សំណើ៧ចំណុចទៅរដ្ឋមន្ត្រីទេសចរណ៍ថៃ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

  • បោះពុម្ព

(បាងកក,ថៃ)៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដាក់សំណើចំនួន៧ចំណុច ទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជួយជំរុញដល់វីស័យទេសចរណ៍នៅកម្ពុជា។

សំណើរបស់លោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ជំនួបនេះធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍កម្ពុជា-ថៃឡើងវិញ ទាំងក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ១៩។

លោក បណ្ឌិត សុខ សុក្រឹត្យា បានជម្រាបលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានរាតត្បាតនៅកម្ពុជា។

ជាពិសេសការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋក៏ដូចជាជនបរទេស និងអ្នកទេសចរអន្តរជាតិ ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ដែលកម្ពុជាសម្រេចបានជាង ៨៥ ចំពោះមនុស្សមានអាយុពី ១៨ឆ្នាំឡើងទៅ និងជាង ៣២% ចំពោះយុវវ័យ និងកុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានជម្រាបភាគីថៃ ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារ ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរ គ្រប់ជាតិសាសន៍។ ជាពិសេសជនជាតិថៃ ដែលនឹងអញ្ជើញមកទស្សនាកម្ពុជា នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានធូរស្រាល។ លោកបណ្ឌិត សុក្រឹត្យា ក៏បានស្នើសុំភាគីថៃចំនួន ៧ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ ក៏ដូចជាជួយជំរុញនូវវិស័យទេសចរណ៍របស់កម្ពុជា។ សំណើទាំង៧នោះ រួមមាន៖

១៖ បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជា

២៖ ជំរុញផ្នែកឯកជនថៃចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុឲ្យបានច្រើន

៣៖ បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស

៥៖ ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Selfdrive Tourism)

៦៖ ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ

៧៖ បង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ ព្រះរាជាណាចក្រពីរគោលដៅតែមួយ (Two Kingdom One Destination) ។

ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានអញ្ជើញលោករដ្ឋមន្ត្រីទេសចរណ៍ថៃចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF 2022) នៅខេត្តព្រះសីហនុ។

ជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ បានទទួលយកការអញ្ជើញនេះ ព្រមទាំងបានសន្យាបង្កើនការផ្តល់អាហារូបករណ៍ ដល់មន្ត្រីទេសចរណ៍កម្ពុជាបន្ថែមទៀត និងនាំយកសំណើដទៃទៀតទៅពិនិត្យ និងបន្តផ្តល់កិច្ចសហការឲ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយកម្ពុជា។

ដោយឡែកបន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក Phiphat Ratchakitprakarn ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ និងបរទេស អំពីសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាពិសេសកម្ពុជាមានច្បាប់វិនិយោគថ្មីដ៏ល្អបំផុតនៅក្នុងតំបន់ ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោកបណ្ឌិត បានស្នើសុំឱ្យអ្នកសារព័ត៌មានថៃ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ទៅកាន់ព្រះរាជាណាចក្រថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់។

ជាការឆ្លើយតប ក្រុមអ្នកសារព័ត៌មាន បានសន្យាជួយកម្ពុជា ក្នុងការបន្តផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត៕

ដកស្រង់ពី៖ Fresh News