Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​ចាក់ ស៊ីណូ​វ៉ាក់​ និងស៊ីណូហ្វាម ចំនួន​២​ដូ​សរួច​ហើយ អាច​ចាក់​ដូ​ស​ជំរុញ វ៉ាក់សាំង​អ្វី​ក៏​បាន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូសជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល មានដូចជា ៖

១- សម្រាប់មន្ត្រីបម្រើការជួរមុខ មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៤ និងខែទី៦ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋាន បានគ្រប់ដូស ។

ដោយឡែក សម្រាប់ប្រជាជនទូទៅផ្សេងទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស ។

២- ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នា ក៏ដោយ មិនបង្កឲ្យមានផលរំខានច្រើន លើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗ ជាធម្មតានោះទេ

ប៉ុន្តែការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពារ រាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត ។

៣- ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន២ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Inactivated Virus

ដូចគ្នាជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំងប្រភេទ Viral Vector (វ៉ាក់សាំង AstraZeneca) ឬវ៉ាក់សាំងប្រភេទ mRNA (វ៉ាក់សាំង Pfizer ឬ Moderna) ជាដូសជំរុញក៏បាន ។

៤- ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចគ្នា ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទ mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន ។

ដោយឡែក ចំពោះការចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector

ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ, ក្រុមការងារសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាល នឹងសិក្សាបន្ថែម ហើយក្រសួងនឹង ជូនដំណឹងដល់សាធារណជនអំពីលទ្ធផលនៃការសិក្សានេះ នៅពេលក្រោយ ។

គួររម្លឹកផងដែរថា «ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនឱសថឯកជន នាំចូលវ៉ាក់សាំងកូវីដ-១៩ មកលក់បាន» ៕

ដកស្រង់ពី៖ កោះស្តិភាព