Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលគ្រោងបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក បន្ទាប់ចាក់វ៉ាក់សាំងរួច ខណៈបើកដំណើរការវិស័យអប់រំជាមុន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងរួច ខណៈដាក់ដំណើរការវិស័យអប់រំជាមុន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលជួបលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត

និងប៉ាស៊ីហ្វិក កាលពេលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីឌីអូបានលើកឡើងអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងដោយគិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅបានប្រមាណជាង៩០% ធៀបនឹងគោលដៅចំនួន១០លាននាក់ និងកុមារ អាយុចាប់ពី១២ឆ្នាំ

រហូតដល់ក្រោម១៨ឆ្នាំ បានប្រមាណ ១,៤ លាននាក់ធៀបនឹងគោលដៅ២លាននាក់ ។ឯកឧត្តមបន្តថា ៖«កម្ពុជាក៏នឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នាពេលឆាប់ៗនេះលើកលែងតែកម្រិតបឋមសិក្សា ។

បន្ថែមពីនេះ កម្ពុជាគ្រោងបើកដំណើរការសកម្មភាព សេដ្ឋកិច្ចឡើងវិញ តាមបែបគន្លងថ្មីដោយនឹងត្រូវចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួចជាដើម» ។

ក្នុងជំនួបនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យធនាគារពិភពលោកពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជាដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ជាងនេះ ឯកឧត្តមបានសំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណងសម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជា គម្រោងអប់រំ, អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើមដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ-១៩ ។

ក្នុងជំនួបនោះដែរ លោកជំទាវ Victoria Kwakwa បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃរបស់កម្ពុជានាពេលកន្លងមកដែលបានធ្វើឱ្យអាណត្តិកិច្ចរបស់លោកជំទាវបញ្ចប់ទៅបានដោយជោគជ័យ ។

លោកជំទាវក៏អបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស លើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានាក៏ដូចជា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងឡាយ ។

ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជាក្រោមស្មារតីគោរពគ្នា និងគោរពភាពជាម្ចាស់របស់កម្ពុជានាពេលកន្លងមកដែលនេះ គឺជាសក្ខីភាពឆ្លើយតបទៅនឹងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលដែលលោកជំទាវចូលកាន់តំណែងដំបូង ។

លោកជំទាវ ក៏បានថ្លែងជំហរគាំទ្រទាំងស្រុងចំពោះសំណើដែលបានលើកឡើងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំង បានសន្យាពាំនាំយកទៅពិភាក្សាឡើងវិញជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោកដើម្បីដោះស្រាយ

ក៏ដូចជាផ្តាំផ្ញើរ បន្តទៅលោកជំទាវ Manuela Ferro អនុប្រធានធនាគារពិភពលោកថ្មី ដែលនឹងចូលជំនួសរកមធ្យោបាយឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកំចីដែលមានកម្រិតសម្បទាខ្ពស់ ៕

ដកស្រង់ពី៖ កោះសន្តិភាព