Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសេដ្ឋកិច្ច រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង អំពីមុខងារលទ្ធកម្មពេញលេញ និងមុខងាររៀបចំផែនការថវិកា ជូនមន្ត្រីរាជការ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី «បញ្ជ្រាបការយល់ដឹងអំពីមុខងារលទ្ធកម្មពេញលេញ និងមុខងាររៀបចំផែនការថវិកា» ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល។

កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី មកពីក្រសួង-ស្ថាប័ន និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលប្រមាណ ៣៥០រូប។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោក ផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង បច្ចេកវិទ្យាព័ត៌មាន ដែលជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការធានានិរន្តរភាពការងាររបស់ក្រសួង-ស្ថាប័ន។

ប្រព័ន្ធ FMIS បាននិងកំពុងបោះជំហានទៅមុខឥតឈប់ឈរ ដោយបានដាក់ចេញបន្តនូវ «ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ២០២១-២០២៥» ប្រកបដោយមហិច្ឆតា រួមជាមួយនឹង

«ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ២០២០-២០២៥» ដែលជាការធ្វើបរិវត្តកម្មឌីជីថលលើលំហូរនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុងដោយមិនមានការបញ្ជូនឯកសារជាក្រដាសទៀតឡើយនៅថ្ងៃអនាគត និង បានចាប់ផ្ដើមដោយជោគជ័យរួចហើយសម្រាប់ការអនុវត្តមុខសញ្ញាចំណាយ ដែលមានហានិភ័យទាបមួយចំនួនដូចជា ចំណាយបៀវត្ស, ចំណាយទឹក, ចំណាយភ្លើងជាដើម។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសរំលេចផងដែរថា មុខងាររៀបចំផែនការថវិកា និងមុខងារលទ្ធកម្មពេញលេញ នឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ក្រសួង-ស្ថាប័នដូចជា៖

១៖ មុខងារលទ្ធកម្មពេញលេញ មានសមត្ថភាពអាចគ្រប់គ្រងរាល់ដំណើរការនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ របស់ក្រសួង-ស្ថាប័នទាំងអស់ ដែលរួមមានការគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ, ការរៀបចំផែនការលទ្ធកម្ម, ការគ្រប់គ្រងដំណើរការដេញថ្លៃ និងការគ្រប់គ្រងកិច្ចសន្យា។

២៖ មុខងាររៀបចំផែនការថវិកា គ្រប់គ្រងវដ្ដនៃដំណើរការរៀបចំផែនការថវិកាប្រចាំឆ្នាំ ដែលរួមមានការរៀបចំផែនការយុទ្ធសាស្ត្រថវិកាបីឆ្នាំរំកិល, ការរៀបចំកញ្ចប់ថវិកា និង ការអនុម័តថវិកា ក្នុងក្របខណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

ក្រសួង-ស្ថាប័ន អាចកត់ត្រាគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំលម្អិតទៅតាមចំណាត់ថ្នាក់ថវិកា ដែលរួមមានទាំងចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់សេដ្ឋកិច្ច និង បញ្ជូនតាមប្រព័ន្ធទៅកាន់ដំណាក់កាលនីមួយៗនៃការរៀបចំផែនការថវិកា។

ក្នុងន័យឱ្យការទាញយកប្រយោជន៍បានពីប្រព័ន្ធ FMIS បានជាអតិបរមា លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់តាមដាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើការប្រើប្រាស់មុខងារបន្ថែមថ្មីទាំង ២នេះ។

ជាពិសេសការប្រើប្រាស់ឱ្យអស់សក្តានុពលនូវព័ត៌មានដែលមាននៅក្នុងប្រព័ន្ធ FMIS ព្រមទាំងរបាយការណ៍ដែលអាចផលិតបានចេញពីប្រព័ន្ធ៕

ដកស្រង់ពី៖ Fresh News