បណ្តាញសង្គម

សម្តេច​តេ​ជោ ៖ ប្រទេស​មហាអំណាច​ខ្លះបន្ត​ប្រើ​គ្រប់​ល្បិច​កល​គំរាមកំហែងជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា មានប្រទេសមហាអំណាចខ្លះបន្តប្រើគ្រប់ល្បិចកលគំរាមកំហែងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ។

យោងតាមសារលិខិតក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិថ្ងៃទី២១កញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានលើកឡើងថា កម្ពុជា មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ដ្រនយោបាយបង្កឡើងដោយការប្រកួតប្រជែងមហាអំណាច ជាពិសេសនោះប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តបន្តប្រើគ្រប់ល្បិចកលគំរាមកំហែង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និង សេដ្ឋកិច្ចរបស់ខ្លួនបាន និងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «កម្ពុជាយើងមិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ ។

ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅបន្តប្រើប្រាស់គ្រប់ល្បិចកលគំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស» ។

សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះបានដាក់បង្ខំមកលើកម្ពុជា ។

សម្ដេចថា កម្ពុជាក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែគ្រាន់តែប្រើប្រាស់សិទ្ធិអធិបេតយ្យរបស់ខ្លួនជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះ ។

នៅក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមានមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នានិងមានផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ។

សម្ដេចតេជោ ប្រកាសជាឱឡារិកពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការការពារទោះក្នុងតម្លៃណាក៏ដោយនូវសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍប្រទេសជាតិ ។

សម្ដេចថា ដោយសារគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយដែលបានធ្វើប្រទេសជាតិមានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំអភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាពពិភពលោក ៕

ដកស្រង់ពី៖ កោះសន្តិភាព