បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ១១ចំណុច ដើម្បីត្រៀមរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

(ភ្នំពេញ)៖ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ តាមរយៈសារាចរណែនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវសេចក្តីណែនាំ ១១ចំណុច ដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិនេះ ឲ្យបានទូលំទូលាយ។

សារាចរណែនាំដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់នូវការណែនាំទាំង១១ចំណុចដូចជា៖

*ទី១៖ ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៣ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ត្រូវបានកំណត់ថា «ចូលរួមគាំទ្រថែទាំសុខុមាល ភាព មនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារ សុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»។

*ទី២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួងស្ថាប័នដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឱ្យបានអធិកអធម។

*ទី៣៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានរួមចំណែកតាមគន្លងប្រក្រតីភាពថ្មី ដើម្បីបង្កើន ការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ ២០១៧-២០៣០។

*ទី៤៖ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត នៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំង ព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ ជួយមនុស្សវ័យ ចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិសូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគម មនុស្សចាស់ ដែលមានស្រាប់។

*ទី៥៖ ដោយអនុលោមតាមវិធានការសុខាភិបាល គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោល នយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនា នានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

*ទី៦៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំយុវជន និងកីឡា រាជធានីខេត្ត ជំរុញចលនាសិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតាចាស់ព្រឹទ្ធាចារ្យនិងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សា ចុះសួរ សុខទុក្ខ មនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិត កន្លែង សិក្សារបស់ខ្លួន។

*ទី៧៖ ក្រសួងធម្មការ និងសាសនា ត្រូវធ្វើការណែនាំតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍសប្បុរសជននានា និងមូល និធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិស្តីពីមនុស្ស វ័យចាស់ ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ និងអាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបាន សេវាថែទាំ ផ្សេងៗទៀតជាបន្តបន្ទាប់។

*ទី៨៖ ក្រសួងព័ត៌មានត្រូវណែនាំបណ្តាញសារព័ត៌មានរដ្ឋ និងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

*ទី៩៖ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាព និងទីសាធារណៈតាមខ្លឹមសារដូចជា ជយោ! ព្រះរាជាណាចក្រកម្ពុជា, អបអរសាទរទិវា មនុស្សចាស់ កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា, មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ គោរពដឹងគុណចំពោះមនុស្សវ័យចាស់

គឺជាកតញ្ញូតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន, កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ, ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា។

*ទី១០៖ គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ លោកយាយ លោកតា មាតាបិតា អាណាព្យាបាលត្រូវអប់រំ ណែនាំកូនចៅ កុំទៅកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺ កូវីដ-១៩ និងត្រូវរក្សាគម្លាត សុខភាព

អនាម័យលាងដៃនឹងទឹកសាប៊ូឬទឹកអាកុលឱ្យបានញឹកញាប់ អនុវត្តតាមការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក ជាពិសេសអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ និង២ចូលរួម ជាប្រចាំ។

*ទី១១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ត្រូវធ្វើការណែនាំដោយអនុវត្តតាមសារាចរនេះនិងបូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល៕

ដកស្រង់ពី៖  Fresh News