Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេសទាំងអស់រួមគ្នាបញ្ឈប់វិបត្តិកូវីដ១៩ តាមលទ្ធភាពរៀងខ្លួនដោយទឹកចិត្តស្មោះសរ និងមិនបង្កប់របៀបវារៈនយោបាយ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រទេសទាំងអស់ ត្រូវចូលរួមបញ្ឈប់វិបត្តិកូវីដ១៩ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ ហើយមិនមានបង្កប់នូវរបៀបវារៈនយោបាយ។

នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយ ដែលបានផ្ញើទៅចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសារលិខិតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ។

ហេតុនេះកម្ពុជាយល់ស្របនឹងទស្សនៈ ថា: «មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ។

យើងត្រូវធ្វើការរួមគ្នា គាំទ្រគ្នាទៅវិញទៅមក ហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព»។

«ជាមួយគ្នានេះ, ខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា: “យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ ការទទួលខុសត្រូវខ្ពស់ សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ”» ។

នេះបើតាមសុន្ទរកថា២ទំព័ររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ សម្តេចបានបន្ថែមថា «ក្នុងស្មារតីនេះ កម្ពុជាសូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង «សេចក្តីព្រាងគោលដៅ» ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវដ-១៩ នេះ»។

ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ នៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយសារហានិភ័យពីរលកនៃការបំប្លែងខ្លួនថ្មីៗ របស់វីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ។

ជាមួយនឹងសេចក្តីរីករាយចំពោះគំនិតផ្ដួចផ្តើមក្នុងការដាក់ ចេញនូវ «សេចក្តីព្រាងគោលដៅ» កម្ពុជាស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។

សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖ «លើសពីនេះទៀត កម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាងឱ្យបាននូវ ការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬ បម្រើរបៀបវារៈនយោបាយរបស់ខ្លួន»៕

ដកស្រង់ពី៖ Fresh News