បណ្តាញសង្គម

ការផ្សព្វផ្សាយគោលនយោបាយ និងឯកសារគតិយុត្តពាក់ព័ន្ធការងាររៀបចំដែនដី និងនគរូនីយកម្មដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

 កំពង់ចាម៖ មន្ត្រីជំនាញដែនដី នគរូបនីយកម្ម មកពីបួនខេត្ត មានខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង បានទទួល គោលនយោបាយ និងឯកសារគតិយុត្ត ពាក់ព័ន្ធការងារ រៀបចំដែនដី និងនគរូបនីយកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ សិក្ខាសាលា របស់ក្រសួង នៅព្រឹកថ្ងៃ ទី២៥ ខែមិនា ឆ្នាំ២០១៥ នៅសាលប្រជុំ សណ្ឋាគារ ៧មករា ខេត្តកំពង់ចាម ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ដោយបន្តអនុវត្ត គោលនយោបាយជាតិ ស្តីពីការ រៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុង រៀបចំច្បាប់ថ្មី គឺ ច្បាប់រៀបចំដែនដី និងនគរូបនីយកម្មថ្មី ច្បាប់សំណង់ថ្មី និងធ្វើវិសោធនកម្ម រាជធានី ក្រុង និងទីប្រជុំជន ( បានបញ្ចប់ដំណើរការ អន្តរក្រសួង និងអនុម័ត ដោយរាជរដ្ឋាភិបាល ) និងអនុក្រឹត្យ ស្តីពី លិខិតអនុញ្ញាត ជួសជុល រុះរើ និងក្របខណ្ឌ គតិយុទ្ធក្រោមច្បាប់ បន្តបន្ទាប់ទៀត ឲ្យស្របតាម តម្រូវការនៃ ការអភិវឌ្ឍ បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម វប្បធម៌ និងកិច្ចការពារ បរិស្ថាន ក្នុងបរិបទ នៃការប្រែប្រួល អាកាសធាតុ ។

ជាមួយគ្នានេះ ក្រសួងក៏បាន នឹងកំពុងសហការ ជាមួយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការអនុវត្ត គម្រោងកសាង សមត្ថភាពសម្រាប់ ការគ្រប់គ្រង ទីក្រុង- ទីប្រជុំជន ក្នុងខេត្ត ចំនួន៨ ដែលមានទីប្រជុំជន ចំនួន៩ ស្ថិតក្នុង ច្រករបៀង មហាអនុតំបន់ ទន្លេមេគង្គ និងរៀបចំក្របខណ្ឌ យុទ្ធសាស្រ្តជាតិ អភិវឌ្ឍទីក្រុង ។ ក្របខណ្ឌយុទ្ធសាស្រ្ត ជាតិអភិវឌ្ឍ ទីក្រុង គឺជាការ ព្យាករណ៍ទុក ប្រកបដោយ លក្ខណៈវិទ្យាសាស្រ្ត និងសិល្បៈ សម្រាប់ការ អភិវឌ្ឍទីក្រុង ការប្រើប្រាស់ដី ការអភិវឌ្ឍដី និងរចនាសម្ព័ន្ធ លើដី ព្រមទាំង ផលប្រយោន៍ នៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងកិច្ចការពារ បរិស្ថានទីក្រុង ប្រកបដោយ តុល្យភាព និងសមធម៌ ដោយមានការ ផ្សារភ្ជាប់ ទំនាក់ទំនង និងសមារណកម្ម ល្អរវាងទីក្រុង ជាមួយទីក្រុង និងទីក្រុង ជាមួយជនបទ ។

ជាមួយគ្នានេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានសហការជាមួយ ដៃគូរអភិវឌ្ឍ ផ្តល់ការគាំទ្រ បច្ចេកទេសដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ ក្នុងការកសាងផែនការ រៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដី ស្ទើរគ្រប់កម្រិត ដែលក្នុងនេះ មាន៖ ផែនការរៀបចំ ដែនដី តំបន់ឆ្នេរសមុទ្រ កម្ពុជា ផែនការរៀបចំ ដែនដី ថ្នាក់ខេត្ត ចំនួន៦ ប្លង់គោល រាជធានីភ្នំពេញ ប្លង់គោល ប្រើប្រាស់ដី និងផែនការ ប្រើប្រាស់ដីក្រុង និងទីប្រជុំជន ចំនួន១៤ និងប្លង់គោល ប្រើប្រាស់ ដីក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន ចំនួន៤៣ ផែនការ ប្រើប្រាស់ដី ថ្នាក់ឃុំ ចំនួន១២៨ ព្រមទាំងបាន និងកំពុងបន្ត សិក្សារៀបចំ និងអនុម័ត ប្លង់គោល និងផែនការ ប្រើប្រាស់ដី ជាបន្តបន្ទាប់ទៀត មានប្លង់គោល ក្រុងបាត់ដំបង ប្លង់គោលរាជធានីភ្នំពេញ ផែនការ រៀបចំដែនដី តំបន់ឆ្នេរ និងខេត្តព្រះសីហនុ ដើម្បីធានា ការគ្រប់គ្រង ការអភិវឌ្ឍ និងការសាងសង់ ប្រកបដោយ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនេះ សហការជាមួយ អង្គការ GIZ មាននៅ ខេត្តបាត់ដំបង (ថ្នាក់ខេត្ត ក្រុង និងស្រុក) ខេត្តកណ្តាល (ថ្នាក់ខេត្ត ក្រុង និងស្រុក) ខេត្តកំពង់ឆ្នាំង (ថ្នាក់ខេត្ត ក្រុង និងស្រុក) ខេត្តតាកេវ (ថ្នាក់ខេត្ត ក្រុង និងស្រុក) ។

លទ្ធផលទាំងនេះ គឺជាការ ឆ្លុះបញ្ចាំងអំពី ការខិតខំ របស់ក្រសួង ក្នុងការប្តេជ្ញាចិត្ត ដ៏មោះមុត នូវការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា ៕

\