Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ចរាចរ​ និង​ប្រើប្រាស់​ក្រដាសប្រាក់​៣​ម៉ឺន​រៀល​គំរូ​ថ្មី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលយល់ព្រមឲ្យចរាចរ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ និងចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា យោងតាមសំណើររបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា គឺមាត្រា

១ «អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សារីយ៍ ប្រភេទ ៣០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ» ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី ១៨ ខែតុលា នេះដោយបញ្ជាក់យ៉ាងច្បាស់ៗថា

«រាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់ នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០ រៀលនេះ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នេះ គឺជាខួបទី៩ នៃការយាងសោយទិវង្គតរបស់ព្រះករុណាមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលមន្ត្រីរាជការគ្រប់ស្ថាប័នបានអញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌល ឬប្រាសាទតូច តម្កល់ព្រះបរមរូបលើសួនច្បារខាងលើកើតវិមានឯករាជ្យ ។

ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។

ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕

ដកស្រង់ពី៖ កោះសន្តិភាព