បណ្តាញសង្គម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាស្ថាពរ

រាជធានីភ្នំពេញ ៖ ទីបំផុតសមាជិករដ្ឋសភាចំនួន១១១រូបនៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន៣មាត្រា ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយជាស្ថាពរ ។

ការអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានីតិកាលទី៦នៃរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១១រូប ក្នុងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដរ ។

យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៥ មត្រា៨២៥ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី

និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីស្ថាប័នជាតិថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិសំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជា ។

ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធក៏បាន តម្រូវឱ្យតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត ។

បន្ថែមពីនេះប្រធានអនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើតនិងមានសញ្ជាតិខ្មែរតែមួយគត់

ដើម្បីធានាឱ្យការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹង ការងារបោះឆ្នោតដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងទាក់ទងនឹងកិច្ចដំណើរការបោះឆ្នោត។

សម្តេចបានគូសបញ្ជាក់ថា ៖«ដើម្បីធានាឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានា ការពារឧត្តម ប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស,

ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាមមាត្រា១៥៣ ថ្មី(ពីរ) នៃធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ពីមាត្រា៨២ ថ្មី ត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧

ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា ដែលជាច្បាប់ត្រីនិងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។

សម្តេចបានបន្ថែមថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះ រាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំ ណើរការជាប្រក្រតីនៃស្ថាប័នជាតិត្រូវបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ។

ខ្ញុំបានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួចហើយ នូវអត្ថបទនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ដើម្បីព្រះករុណាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មាន ព្រះរាជតម្រិះពិគ្រោះអតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមមាត្រា១៤៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ហើយព្រះករុណាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានផ្ញើព្រះរាជសារតបដោយភ្ជាប់នូវលិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញដូចមានសេចក្ដី ចម្លងភ្ជាប់ជូនមកជាមួយនេះ ។

សម្តេចក៏បានលើកឡើងថា សេចក្ដីដូចបានជម្រាបជូនខាងលើ សូមរដ្ឋសភាមេត្តាពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ថ្មីមាត្រា១០៦

ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ៕

ដកស្រង់ពី៖ កោះសន្តិភាព