បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើតុលាការពន្លឿនបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់ កុំឲ្យកកស្ទះសំណុំរឿង

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើឲ្យតុលាការរាជធានីខេត្តទាំងអស់ពន្លឿនការបើកសវនាការ និងចេញសាលក្រមឲ្យបានឆាប់ដើម្បីកុំឲ្យកកស្ទះសំណុំរឿង ។

យោងតាមលិខិតមួយច្បាប់ របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ផ្ញើរទៅប្រធានសាលាដំបូងរាជធានីខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងរាធានីខេត្តថាយោងតាមស្មារតីនៃក្រមព្រហ្មទណ្ឌការសម្រេចអំពីទោស គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមជំនុំជម្រះ

ប៉ុន្តែការសម្រេចនេះជាទូទៅ ត្រូវផ្អែកលើមូលដ្ឋាននៃការការពារផលប្រយោជន៍ផ្នែកសន្តិសុខសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម ការការពារសិទ្ធិបុគ្គលស្របតាមច្បាប់ និងជាពិសេសការបម្រើឱ្យគោលបំណងនៃទោសព្រហ្មទណ្ឌក្នុងការបង្ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសនាពេលអនាគត ក៏ដូចជា អប់រំកែប្រែទណ្ឌិតឱ្យចូលទៅរួមរស់ក្នុងសង្គមជាតិវិញ ។

ឯកឧត្តមបានលើកឡើងថា ផ្អែកតាមស្មារតីនេះ និងដើម្បីអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី ខេត្ត ជាពិសេសចូលរួមកាត់បន្ថយការចង្អៀតណែននៅតាមពន្ធនាគារ ក្រសួងយុត្តិធម៌សូមធ្វើការណែនាំដូចតទៅ៖

តុលាការគប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការបើកសវនាការ និងចេញសាលក្រមឱ្យបាន ឆាប់រហ័សប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

ចំពោះការអនុវត្តរបបនៃការប្រកាសទោសតុលាការ គប្បីពិចារណាប្រកាសទោសដោយមានការចាត់ចែងក្នុងការអនុវត្ត ដោយផ្អែកតាមគោលការណ៍ឯកត្តកម្មនៃទោស, អង្គហេតុនៃបទល្មើស, កាលៈទេសៈនៃការប្រព្រឹត្តបទល្មើស និងបុគ្គលិកលក្ខណៈរបស់ជនជាប់ចោទសំដៅធានាដល់គោលបំណងនៃទោសស្របតាមស្មារតីនៃច្បាប់ ។

ទន្ទឹមនេះ ដោយផ្អែកតាមអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ តុលាការត្រូវបានលើកទឹកចិត្តឱ្យប្រើរបបនៃការព្យួរទោសជាពិសេសការព្យួរទោសសាកល្បងឱ្យអស់លទ្ធភាព និងឱ្យបានទូលំទូលាយចំពោះបទមជ្ឈិមដែលមិនមានភាពស្មុគស្មាញ និងមិនធ្ងន់ធ្ងរ ដើម្បីផ្តន្ទាទោសជនជាប់ចោទ ស្របតាមបញ្ញត្តិចាប់ពីមាត្រា១០៤ ដល់មាត្រា១២៣ នៃក្រមព្រហ្មទណ្ឌ ។

ឯកឧត្តមក៏បានលើកឡើងថា ក្នុងករណីដែលតុលាការសម្រេចជ្រើសយកការប្រកាសការព្យួរទោសសាកល្បងតុលាការត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តតាមស្មារតីនៃសារាចរលេខ ០២ កយ.សរ/១៤ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ របស់ក្រសួង យុត្តិធម៌ ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានសង្ឃឹមថា លោក-លោកស្រី ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង រាជធានី ខេត្ត ត្រូវចាត់ចែងអនុវត្ត និងណែនាំអនុវត្តដល់ចៅក្រម ព្រះរាជអាជ្ញារង

និងតួអង្គពាក់ព័ន្ធ នៅតាម អង្គភាពរបស់ខ្លួន និងអង្គភាពពាក់ព័ន្ធ ឱ្យមានប្រសិទ្ធភាពស្របតាមគោលបំណងនិងស្មារតីនៃច្បាប់ សំដៅ បង្កើនប្រសិទ្ធភាពនៃយុត្តិធម៌ព្រហ្មទណ្ឌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព