ដំណើរឆ្ពោះទៅមីយ៉ាន់ម៉ា សម្តេចចង់បានសារជាថ្មីនូវស្ថិរភាពនយោបាយ កិច្ចការពារអាយុជីវិតពលរដ្ឋមីយ៉ាន់ម៉ា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីចង់បានសារជាថ្មីនូវស្ថិរភាពនយោបាយ ជាពិសេស កិច្ចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។
យោងតាមបណ្តាសង្គមរបស់អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបានចេញផ្សាយ នៅថ្ងៃទី៨ ធ្នូ ឆ្នាំ២០២១ថា«ការធ្វើរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា
គឺដើម្បីផលប្រយោជន៍សន្តិភាព និងដំណោះស្រាយនយោបាយ ក៏ដូចជា លើកតម្កើងសារជាថ្មីនូវស្ថិរភាពនយោបាយ ជាពិសេស កិច្ចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលជាអាទិភាពខ្ពស់បំផុត»។ប្រភពថា៖«យើងទាំងអស់គ្នាបានដឹង និងតែងតែយល់ថា សហគមអាស៊ានមានសមាជិកប្រជាជាតិចំនួន១០ ។
ហើយតាមគោលការណ៍កុងសង់ស៊ីស (CONCENSUS) គឺជាសំឡេងឯកច្ឆ័នទាំង១០នៃសមាជិកអាស៊ាន ដែលមិនអាចអវត្តមានសមាជិកណាមួយឡើយ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ។
កម្ពុជានៅតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ និងច្បាប់របស់អាស៊ាន ដើម្បីផលប្រយោជន៍រួមនៃសហគមតែមួយ វាសនាតែមួយ ដូចដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានកន្លងមក»។
អ្នកនាំពាក្យបន្តថា ក្នុងនាមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការបង្ហាញនូវមិត្តភាពល្អដែលមិនអាចបំបែកបាន ការចេះជួយគ្នាក្នុងគ្រាអាសន្ន និងសហប្រតិបត្តិការជិតស្និទ្ធនៃប្រជាជាតិទាំងពីរក៏ដូចជា ក្នុងតំបន់ទាំងមូល ។
លើសពីនេះទៀតទស្សនកិច្ចនេះ គឺស្វែងយល់ពិតប្រាកដក្នុងកិច្ចលើកទឹកចិត្តក្នុងកិច្ចអនុវត្តនូវវិធាន៥ចំណុចនៃកិច្ចឯកភាពគ្នារវាងមិត្តមីយ៉ាន់ម៉ាជាមួយ និងអាស៊ាន ។
ជាមួយគ្នានោះដែរ កម្ពុជាមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ដំណោះស្រាយការទូតនឹងកើតមាន ដើម្បីផលប្រយោជន៍គ្រប់ភាគី និងគ្រប់និន្នាការនយោបាយក្នុងទិសដៅសន្ដិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់មិត្តមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ ។
សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បានកំណត់ថ្ងៃទី៧-៨ មករាឆ្នាំ២០២២ ទៅទស្សនៈកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា៕
ដកស្រង់ពី៖ កោះសន្តិភាព