Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួង​ការងារ ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ សិក្សា​ឱ្យបាន​ស៊ីជម្រៅ អំពី​បញ្ហា ប្រឈម ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ

  • បោះពុម្ព

ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ថ្លែងដោយជំរុញដល់ភាគីចាំបាច់ ត្រូវសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ។

ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងការងារបែបនេះ ធ្វើឡើងក្នុងពិធីបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃ ការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការ ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ សិក្សាឱ្យបានស៊ីជម្រៅ អំពីបញ្ហាប្រឈម ដែលបាន និងកំពុងជួប ប្រទះ ក្នុងការដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញា កណ្តាល

និងស្វែងរក ដំណោះស្រាយរួមគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះការដាក់ឱ្យដំណើរការ ការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញា កណ្តាល។

ត្រូវធ្វើការពិចារណា ដោយផ្អែកលើមូលដ្ឋានគតិយុត្ត ជាធរមាន និងដើម្បីផលប្រយោជន៍រួម សំដៅធានាបាន សុខដុមរមនីយកម្មនៃទំនាក់ទំនង វិជ្ជាជីវៈ ដែលជាកត្តាស្នូល ក្នុងការទាក់ទាញ ការវិនិយោគ។

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ ផ្អែកលើភាពជោគជ័យ បទពិសោធន៍ និងបញ្ហាប្រឈមនានា ក្នុងការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញា កណ្តាលគ្រប់ភាគីបន្តផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះ ស្រាយវិវាទបុគ្គលដូចមានកំណត់ ក្នុងមាត្រា ៣០០ ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការងារ ឆ្នាំ២០២១ នេះ។

ក្នុងន័យនេះ លោក ជឿជាក់ថា វេទិកាត្រីភាគី នាថ្ងៃនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការកំណត់ នូវទិសដៅរួមគ្នាមួយ ដែលកើតចេញការឯកភាព និងការគាំទ្រពីគ្រប់ភាគី ពាក់ព័ន្ធ លើអនាគតនៃ ការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពស្របតាម ច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ដើម្បីចូលរួម និងជំរុញឱ្យវេទិកានេះ សម្រេចបានតាមលទ្ធផល ដែលបានគ្រោងទុក លោក រដ្ឋមន្ត្រី អះអាងថា នីតិវិធីដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញា កណ្តាល នឹងត្រូវបន្តអនុវត្ត ស្របតាមបទប្បញ្ញត្តិ ជាធរមាន។

ការដោះស្រាយវិវាទ បុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវអនុវត្តស្របតាមប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងទទួល បន្ទុកវិស័យការងារ។

ហើយការដាក់ឱ្យដំណើរការជាក់ស្តែង គឺអាស្រ័យលើស្ថានភាព និងការត្រៀមខ្លួនរួចរាល់របស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល លើគ្រប់ទិដ្ឋភាពរួម ទាំងកត្តាធនធានមនុស្ស កត្តាទីកន្លែង និងកត្តាហិរញ្ញវត្ថុ៕

ដកស្រង់ពី៖ រស្មីកម្ពុជា