Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ៖ កុំបន្ទោសកម្ពុជារឿងដោះស្រាយ មីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងខិតខំក្នុងការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង តែការដោះស្រាយបញ្ហានេះជោគជ័យ ឬមិនជោគជ័យ ចូរកុំបន្ទោសកម្ពុជា និងកុំបង្ខំកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តី ព្រោះកម្ពុជាមិនអាចកាត់ទឹកដីឱ្យប្រទេសណាមួយឡើយ ជុំវិញជម្លោះសមុទ្រចិនខាងត្បូងនោះ ។

ថ្លែងក្នុងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោលើកឡើងថា បញ្ហាមីយ៉ាន់ម៉ាមិនអាច និយាយមួយដងដោះស្រាយចប់នោះទេ ។

ព្រោះបទពិសោធន៍កម្ពុជាបានធ្វើការចរចាគ្នាអស់រយៈពេល៤ឆ្នាំ ទើបចេញកិច្ចព្រមព្រៀងទីក្រុងបារីសមួយ តែនៅមិនទាន់សម្រេចទាំងស្រុងនោះទេ ។

សម្តេចបានប្រកាសជំហរថា «ខែមករា ខ្ញុំសូមនិយាយដដែល ខ្ញុំទៅមីយ៉ាន់ម៉ា ។

ហាមឃាត់ខ្ញុំមិនបានទេ ទុកឱកាសឱ្យខ្ញុំធ្វើ ។ ទុកឱកាសឱ្យខ្ញុំធ្វើបានទេ ? ព្រោះយើងមិនអាចហៅថា អាស៊ាន ទៅរួចបើសិនជានៅតែអាស៊ាន ៩ នោះ ។

ត្រូវសង្រ្គោះពី អាស៊ាន ៩ ឱ្យមកជាអាស៊ាន ១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន ។ សភាពការណ៍មីយ៉ាន់ម៉ា គឺជារឿងមួយហើយ ក៏ប៉ុន្តែមុននឹងជួយមីយ៉ាន់ម៉ា ត្រូវឱ្យមានអាស៊ានពិតប្រាកដ ។

រឿងនេះ មិនមែនជារឿងលេងសើចទេ បើមិនអ៊ីចឹង វានឹងបង្កើតទម្លាប់ដ៏មានគ្រោះថ្នាក់មួយ គឺអ្នកណាធ្វើប្រធានអាស៊ាន មិនពេញចិត្តជាមួយនរណាមួយ មិនអញ្ជើញគេចូលប្រជុំ ។

វាម៉េចទៅអាស៊ាន ? តម្លៃអាស៊ាននៅកន្លែងណាទៀត? សម្តេចក៏ពោលដល់អង់គ្លេស ថាពិតជាមានហេតុផលអីមួយហើយ ដែលអង់គ្លេសបោះឆ្នោតចាកចេញពីអឺរ៉ុប ។

អឺរ៉ុបមានច្បាប់របស់អឺរ៉ុប អាស៊ានមានធម្មនុញ្ញរបស់អាស៊ាន ។ បើមិនឱ្យធ្វើការជាមួយអ្នកដឹកនាំប្រទេស តើឱ្យយើងទៅធ្វើការជាមួយអ្នកណា ។

ឧទាហរណ៍ករណីផ្តល់ជំនួយទៅឱ្យមីយ៉ាន់ម៉ា តើផ្តល់ទៅឱ្យអ្នកណា ? ផ្តល់ទៅឱ្យទ័ពព្រៃឬ ? ផ្តល់ទៅឱ្យអ្វីដែលហៅថារដ្ឋាភិបាលស្រមោល ?» ។ «ពិតមែនហើយ មនុស្សមួយចំនួនចូលមកជេរខ្ញុំតាមហ្វេសប៊ុក។ ជេរចុះ ។

ក៏ប៉ុន្តែខ្ញុំធ្វើអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត ។ សូមកុំបន្ទោសខ្ញុំ ខ្ញុំបន្ទោសឱ្យសោះ សុំនិយាយគ្នាឱ្យហើយ កុំបន្ទោសឱ្យសោះ ។ ករណី ២ អត់ត្រូវបន្ទោសកម្ពុជាទេ ទី១ រឿងមីយ៉ាន់ម៉ា ។ ដោះចប់ឬមិនចប់ វាមិនចំណុះលើអាស៊ានទេ ។

អាស៊ានគ្រាន់តែជាចំណែកនៃការជួយ ដល់មីយ៉ាន់ម៉ា ក៏ប៉ុន្តែដោះបញ្ហាខ្លួន គឺមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដោះ អាស៊ានគ្រាន់តែសម្របសម្រួល។ ដូចករណី កម្ពុជាអ៊ីចឹង ទាំងអាស៊ាន ទាំងអង្គការសហប្រជាជាតិ គ្រាន់តែជាចំណែកនៃការជួយខាងក្រៅ ក៏ប៉ុន្តែការស្រុះស្រួលគ្នានៅខាងក្នុង វាជារឿងរបស់កម្ពុជា។

ករណីដូចគ្នានេះ ឥឡូវ ខ្លះចាំមើលស្នាដៃកម្ពុជា ដោះបានឬមិនបាន ? វាអត់ចំណុះលើកម្ពុជា ដោះបានឬមិនបានទេ តែកម្ពុជានឹងខិតខំដើម្បីសម្រួលសភាពការណ៍ មីយ៉ាន់ម៉ា ដើម្បីវិលត្រឡប់ទៅរកស្ថានភាពមួយដ៏ប្រសើរ ដែលក្នុងនោះ» ។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ។

វាមិនដែលនរណាទៅម្តង ទៅនិយាយគ្នាម្តង ដោះស្រាយចប់បញ្ហាទេ ។ បទពិសោធន៍កម្ពុជា ចរចា ៤ ឆ្នាំទើបចេញកិច្ចព្រមព្រៀងក្រុងបារីសមួយ ។

បន្ទាប់ទៅ កិច្ចព្រមព្រៀងក្រុងបារីស អូសបន្លាញមកដល់ (ឆ្នាំ) (១៩) ៩៣ ដូច្នេះយើងពិនិត្យមើល ១៩៨៧ ដល់ ខែ០៩ ឆ្នាំ ១៩៩៣ បានយើងបញ្ចប់ ។

ខែ ៩ ១៩៩៣ ទើបអ៊ុនតាក់ដកចេញ រដ្ឋាភិបាលមួយបង្កើតឡើង ។សម្តេចថា សូមកុំដាក់ការសង្ឃឹមហួសហេតុពេកលើភាពជាប្រធានរបស់កម្ពុជា ក៏ប៉ុន្តែសូមកុំម៉ាក់ងាយនូវតួនាទីរបស់កម្ពុជា ។

សុំទុកឱកាសឲ្យខ្ញុំធ្វើសិន ។ ខ្ញុំមិនទាន់បានធ្វើផង អ្នកខ្លះថា អីញ្ចេះ អីញ្ចុះ«…» អ្នកប្រហែលមិនទាន់ស្គាល់អ្វីថា ការចរចានោះទេ ។

ខ្ញុំនិយាយថា អ្នកមិនទាន់ស្គាល់រស់ជាតិការចរចាបែបណា«…» ក្នុងមួយជីវិតខ្ញុំទោះបីជាទាហានរបួសរហូតដល់៥ដងមកហើយ ក៏ប៉ុន្តែខ្ញុំប្រើពេលវាក្នុងការចរចាច្រើនជាងការប្រយុទ្ធ ។

សម្តេចថា៖«ការជួបផ្ទាល់មេដឹកនាំមីយ៉ាន់ម៉ា គឺសំខាន់ណាស់សម្រាប់ខ្ញុំ ! សូមកុំរំខានខ្ញុំទុកពេលវេលាឲ្យខ្ញុំធ្វើ ខ្ញុំមិនធ្វើជាគ្រូអស់លោកអ្នកទេ ប៉ុន្តែអស់លោកអ្នក គួរកុំតាំងខ្លួនធ្វើជាគ្រូរបស់ខ្ញុំ ។

តើខ្ញុំសុំប៉ុណ្ណឹងបានទេ ! ខ្ញុំមិនបានតាំងខ្លួនធ្វើជាគ្រូដឹកនាំ ឬគ្រូអាចារ្យ ប្រដៅអ្នកណាទេ តែសូមអ្នកដទៃទុកឱកាសឲ្យខ្ញុំធ្វើ ហើយសូមកុំធ្វើជាគ្រូខ្ញុំបានទេ? នេះបញ្ហាមីយ៉ាន់ម៉ា»។ សម្តេចបន្តថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង (COC) បើសម្រេចនៅកម្ពុជា សុំកុំបន្ទោសកម្ពុជា ដូចឆ្នាំ២០១២ ។

កាលឆ្នាំ២០១២ បន្ទោសកម្ពុជាថា មក ពីចេញសេចក្តីថ្លែងការណ៍មិនរួច តើអ្នកទាំងឡាយដឹងថាអ្វីនៅពីក្រោយចេញមិនរួចទេ ? មួយឲ្យទទួលស្គាល់ អានេះរបស់ប្រទេសនេះ មួយឲ្យទទួលថាតំបន់នេះជារបស់ប្រទេសនេះ ។ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្តីទេ អីញ្ចឹងបានជាចេញមិនរួច ។

សម្តេចបញ្ជាក់ថា ៖«ខ្ញុំសូមបញ្ជាក់ថា មុនពេលខ្ញុំកាន់ញញួរធ្វើជាប្រធានអាស៊ាន ខ្ញុំចង់ផ្ញើរទៅកាន់ស្គាល់ធាតុពិតនៃបញ្ហាឆ្នាំ២០១២ ដែលចេញសេចក្តីថ្លែងការណ៍មិនបាន ហើយអ្វីទៅនៅពីក្រោយ គឺចាប់បង្ខំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីថា កោះនេះជារបស់ប្រទេសនេះ ដែនសមុទ្រនេះជារបស់ប្រទេសនេះ ។

តើប្រធានអាស៊ានមានសិទ្ធិធ្វើទេ? សូមជូនអ្នកវិភាគនយោបាយ ដោយមិនសំដៅអ្នកវិភាគនៅក្នុងប្រទេសទេស គឺក៏សំដៅ ទៅអ្នកវិភាគនៅអត្ថបទកាសែតធំៗបានដឹង» ។

សម្តេចថា មិនមែនកម្ពុជាការពារចិននោះទេ ប៉ុន្តែមកពីប្រទេសដែលដណ្តើមអាធិបតេយ្យលើសមុទ្រចិនខាងត្បូង ទាមទារឲ្យប្រធានអាស៊ានទទួលស្គាល់កោះនេះជាកោះរបស់ប្រទេសនេះ ដែនសមុទ្រជាដែនសមុទ្ររបស់ប្រទេសនេះ ។ ខ្ញុំសូមបញ្ជាក់ ជូនឲ្យហើយថា ដាច់ខាតមិនបន្ទោសកម្ពុជានោះទេ ។

ជាមួយគ្នានោះដែរ សម្តេចក៏បានគូសបញ្ជាក់ថា កម្ពុជានឹងខិតខំជាមួយប្រទេសអាស៊ានដទៃទៀត រួមជាមួយចិន ដើម្បីធ្វើការចរាចរានូវCOCមួយដែលមានប្រសិទ្ធិភាពទទួលយកបាន ។

ហើយវាក៏ជាខួប២០ឆ្នាំនូវការចុះហត្ថលេខានូវសេចក្តីថ្លែងការណ៍នៃភាគីសមុទ្រចិនខាងត្បូង(DOC) ។ អីញ្ចឹងបើសិនកើតកិច្ចព្រមព្រៀងCOC នៅទីក្រុងភ្នំពេញ គឺកម្ពុជាសប្បាយចិត្តណាស់ ។

សម្តេចគូសបញ្ជាក់ថា ៖«ខ្ញុំសប្បាយចិត្តបើកើតនៅភ្នំពេញ គឺថា DOC ក៏កើតនៅភ្នំពេញ និងCOC ក៏កើតនៅភ្នំពេញ ហើយភាពជាដៃគូរបស់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់ក៏បានកើតចេញពីទីក្រុងភ្នំពេញ ហើយចូលជាធរមាននៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន» ។

សម្តេចក៏បានលើកឡើងថា ក្នុងករណីដែលធ្វើមិនចេញ ឬចេញមិនរួច សូមកុំបន្ទោសកម្ពុជាដោយមូលហេតុងាយយល់ ។ ចុះប្រទេសផ្សេងទៀត ដែលធ្វើជាប្រធានអាស៊ានម៉េចធ្វើមិនបាន ហេតុអីបន្ទោសកម្ពុជានិយាយទុកឲ្យចំណុចហ្នឹង ។

ក្នុងនោះមានប្រទេស ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រទេសធ្លាប់ជាប្រទេសធ្វើប្រធានអាស៊ានធ្វើមិនចេញ ហើយដល់កម្ពុជាដោះមិនចេញជេរកម្ពុជាបណ្តោយ ។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកឡើងថា សូមកុំឲ្យកម្ពុជាក្លាយជាប្រទេសកាត់សេចក្តីចំពោះអធិបតេយ្យនៅសមុទ្រចិនខាងត្បូង ។ គោលជំហរកម្ពុជាមិនផ្លាស់ប្តូរនោះទេ

គឺ១ .ត្រូវគោរពអនុវត្តដោយពេញលេញនូវ DOC ២. សូមប្រទេសពាក់ព័ន្ធសម្របសម្រួល គ្នាព្រោះអាស៊ានគ្មានសិទ្ធិវាស់ដីចែកជូននោះទេ ។

សម្តេចតេជោ ក៏បានអបអសាទចំពោះភាគីចិន និងវៀតណាម ក្នុងការដោះស្រាយបានរួមគ្នាកន្លងមក ។

សម្តេចបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងពហុភាគី និងទ្វេរភាគីធ្វើការដោះស្រាយតាមសន្តិវិធីពីព្រោះថា អាស៊ាន និងអង្កការសហប្រជាជាតិមិនមានសិទ្ធិក្នុងការកាត់ទឹកដីជូននោះទេ ។

សម្តេចក៏បានលើកឡើងថា សម្តេចរួមនឹងសមាជិកអាស៊ានផ្សេងទៀតនឹងខិតខំធ្វើដោះស្រាយបញ្ហាCOCឲ្យបានដើម្បីចរចាជាមួយចិន ៕

ដកស្រង់ពី៖ កោះសន្តិភាព