Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វូង​ត្រី​ប្រហុក​ផ្អក ចេញពី​បឹង​ទន្លេសាប បាន​ទៅដល់​ទន្លេមេគង្គ ក្នុង​ខេត្តកំពង់ចាម​ហើយ

  • បោះពុម្ព

ភ្នំពេញៈ ហ្វូងត្រីសម្រាប់ធ្វើប្រហុក ផ្អក ចេញពីបឹងទន្លេសាប កាត់ខេត្តកំពង់ឆ្នាំង កណ្តាល និង រាជធានីភ្នំពេញ ពេលនេះ បានទៅដល់ទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ហើយមុននឹងទៅបន្តដំណើរ ទៅដល់ខេត្តស្ទឹងត្រែង ជាកន្លែងបង្ក កំណើតថ្មី ខណៈពេលផលចាប់ត្រី នៅតាមដងទន្លេសាប ចាប់ផ្តើមថយចុះវិញ ជាលំដាប់ នៅថ្ងៃចាស់ខ្នើតនេះ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថាៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក និងត្រីឆ្អើ ដែលប្រជាពលរដ្ឋ ចាប់បានដោយឧបករណ៍មង និងលប នៅថ្ងៃនេះ នៅតែបានច្រើន គឺមិនទាន់ថមថយ នៅឡើយទេ ដោយសារមេឃស្រឡះល្អ ត្រីនៅបន្តចេញ ពីបឹងទន្លេសាប។

នៅកំពង់ភ្លុក ត្រីមួយគីឡូក្រាម មានតម្លៃតែ ៥០០ រៀលទេ ត្រីថោក ដោយសារអ្នកនេសាទ ចាប់បានច្រើន និងមិនមានអ្នកទិញ។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល បានប្រាប់ឱ្យរស្មីកម្ពុជា ដឹង នៅថ្ងៃទី១៥ ខែធ្នូថាៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក ចាប់បាននៅតាមគន្លងដាយ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ថ្ងៃនេះ ថយចុះពាក់កណ្តាល បើធៀបទៅនឹងថ្ងៃម្សិលមិញ តែតម្លៃវិញ បានឡើងខ្ពស់ គឺមួយគីឡូក្រាម ដល់ ២.៥០០ រៀល។

កាលពីម្សិលមិញ មួយគីឡូក្រាម បានថ្លៃតែ ១.០០០ រៀលប៉ុណ្ណោះ។ នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ កាលពីថ្ងៃទី១៤ ខែធ្នូ ការចាប់ត្រី នៅតាមគន្លងដាយ ធ្វើអាជីវកម្ម ក្នុងរយៈពេលពី ៣០ ទៅ ៤០ នាទីលើកម្តង បានត្រីពី ៤០០ គីឡូក្រាម ទៅជាង មួយតោន តែនៅថ្ងៃនេះ ផលចាប់បានថយចុះ ៥០ ភាគរយ។ ត្រីសម្រាប់ធ្វើប្រហុកផ្អកនេះ អាចចាប់បានច្រើនម្តងទៀត នៅខ្នើតក្រោយ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែធ្នូថាៈ កាលពីថ្ងៃទី១៤ ខែធ្នូ ផលត្រីចាប់បាន មានចំនួនពី ៣០០ ទៅ ៤០០ គីឡូក្រាម ក្នុងរយៈពេលពី ២០ ទៅ ៣០ នាទីនៅតាមគន្លងដាយ នីមួយៗ តែនៅថ្ងៃនេះ លើកម្តង រយៈពេលដូចគ្នា បានត្រីតែពី ១០០ ទៅ ១៥០ គីឡូក្រាម ប៉ុណ្ណោះ។

តម្លៃត្រី នៅលើផែដាយ មួយគីឡូក្រាម ២.៥០០ រៀល នៅលើច្រាំងថ្លៃ ជាងនេះ។លោក អ៊ុក ណារិន្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែធ្នូដែរថាៈ ហ្វូងត្រីចេញពីបឹងទន្លេសាប ឃើញមានមកដល់ទន្លេ មេគង្គ ក្នុងខេត្តកំពង់ចាមហើយ ពីរ ថ្ងៃកន្លងទៅនេះ តែផលចាប់ដោយឧបករណ៍ម៉ាញ់ មិនទាន់ ឃើញ បានច្រើននៅឡើយទេ គឺលើកម្តង បានតែពី ១០ ទៅ ២០ គីឡូក្រាម ធម្មតាលើក ម្តង ខែត្រីសម្បូរ បានពី ៥០ ទៅ ៦០ ពេលខ្លះ បានដល់ ១០០ គីឡូក្រាម ។

ការនេសាទ ដោយឧបករណ៍ម៉ាញ់ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ មិនសូវមានអ្នកធ្វើទេ ដោយសារអ្នករកត្រីដោយ ឧបករណ៍នេះ ត្រូវការមនុសច្រើន មានការខាតបង់ រាល់ឆ្នាំ រួចមក ។

តម្លៃត្រីរៀល ដែលចាប់បាន ដោយឧបករណ៍ម៉ាញ់ មួយគីឡូក្រាម ពី ៦.០០០ ទៅ ៧.០០០ រៀល។

ត្រីសម្រាប់ធ្វើ ប្រហុកផ្អក នៅខេត្តកំពង់ចាម ត្រូវក្រោយគេ។ លោក អ៊ុក ណារិន្ធ បាននិយាយឱ្យដឹងទៀតថាៈ ត្រីចេញពីបឹងទន្លេសាប ចាប់បានមុនគេ គឺនៅខេត្តកំពង់ឆ្នាំង បន្ទាប់មក ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយឧបករណ៍ ដាយត្រងត្រី ហូរតាមកម្លាំងទឹកចេញ ពីបឹងទន្លេសាប ។

ឯត្រីដែលចាប់បាន នៅក្នុងខេត្ត កំពង់ចាម ដោយឧបករណ៍ ម៉ាញ់បណ្តែត ជាត្រីចេញពី ទន្លេសាប ហើយឡើងតាមទឹក ទន្លេមេគង្គ ទៅភាគខាងលើ រហូតដល់ខែទឹកឡើង ទើបទម្លាក់ពងកូន ចុះមកវិញ តាមទឹក ហូរ ចូលតាមព្រែក និងបឹងទន្លេសាប។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានជូនដំណឹងស្តីពី រដូវនេសាទ ឆ្នាំ២០២១-២០២២ ថាៈ បន្ទាប់ពីបាន ធ្វើការតាមដានកម្ពស់ទឹក ដែលហូរចេញពី បឹងទន្លេសាប

ពិនិត្យឃើញថា គន្លងដាយ នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ អាចនេសាទត្រី បានច្រើន នៅក្នុងខែមិគសិរនេះ នៅថ្ងៃទី៨ កើត ដល់ថ្ងៃទី១២ កើត ត្រូវនឹងថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលឥទ្ធិពលព្យុះ។

យោងស្ថានភាព ដូចបានជម្រាបជូន ខាងលើ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូន ប្រជាពលរដ្ឋ ដែលមានបំណង ដូចជា ការធ្វើប្រហុក ផ្អកឬត្រីឆ្អើរជាដើម សម្រាប់ទុក បរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រី

ឱ្យបានរួសរាន់ តាមពេលវេលា ដូចខាងលើ។ រដ្ឋបាលជលផល សូមសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ បង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹក ជញ្ជូន ផលិតផលត្រីបានដោយរលូនតាមការគួរ។

ទន្ទឹមនេះ រដ្ឋបាលជលផល សូមអំពាវ នាវដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល អំពីវិធានការ ការពារមេរោគកូវិដ-១៩។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ធ្នូថាៈ ទឹកទន្លេមេគង្គ នៅចតុមុខ ថ្ងៃទី១៥ ខែធ្នូ នៅសល់កម្ពស់ ៣,៤៩ ម៉ែត្រ នៅកំពង់ លួង (បឹងទន្លេសាប) នៅសល់កម្ពស់ ៤,៦៤ ម៉ែត្រ។ កម្ពស់ទឹកនេះ អ្នកនេសាទ អាចចាប់ ត្រីបានម្តងទៀត នៅខ្នើត ខែមករា ឆ្នាំ២០២២។

ទឹកទន្លេមេគង្គ នៅចតុមុខ ក្នុងរដូវវស្សា ឆ្នាំ២០២១ ឡើងបានខ្ពស់បំផុត ត្រឹម ៧,៥៦ ម៉ែត្រ នៅថ្ងៃទី២២ ខែតុលា។ ឯនៅបឹងទន្លេសាបទឹកឡើងខ្ពស់បំផុតត្រឹម៦.២៦ម៉ែត្រ នៅថ្ងៃទី១ វិច្ឆិកា។

ទឹកបឹងទន្លេ សាប ឆ្នាំនេះ ជន់ឡើងនៅចុងរដូវវស្សាបំផុត៕

ដកស្រង់ពី៖ រស្មីកម្ពុជាថ្មី